(ភ្នំពេញ)៖ រដ្ឋមន្ដ្រី ក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានដឹកនាំក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យ ព្រះអង្គឌួង ចុះពិនិត្យ-ព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ ជាង៥០០នាក់ ដែលរស់នៅក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងថា «ការចុះមកពិនិត្យ-ព្យាបាលជំងឺជូនប្រជាពលរដ្ឋនេះ គឺយើងតែងតែប្រារព្ធធ្វើឡើងជារឿយៗ ដើម្បីលើកម្ពស់ និងផ្ដល់សេវាសុខភាពទូទៅ ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ និងយកសេវាសុខភាពមួយនេះ ឲ្យខិតកាន់តែជិតផ្ទះរបស់ពួកគាត់ ដើម្បីជួយសម្រួលការលំបាកគ្រប់បែបយ៉ាង ទាំងថវិកា ពេលវេលា រួមជាមួយនឹងទំនុកចិត្ដកាន់តែខ្ពស់ ជូនដល់ពួកគាត់។ ហើយនៅថ្ងៃនេះ យើងមានទទួលពិនិត្យ-ព្យាបាល ដូចជា៖ ជំងឺភ្នែក ច្រមុះ បំពង់ករ ត្រចៀក ក្បាល រោគស្ដ្រី និងជំងឺទូទៅ »។
លើសពីនេះ លោករដ្ឋមន្ដ្រី បានបន្ថែមថា «អ្វីដែលយើងអាចធ្វើបាននៅពេលនេះ និងការទទួលយករបស់ប្រជាពលរដ្ឋ គឺដោយសារតែប្រទេសយើង មាននូវសុខសន្ដិភាព ពេញលេញ ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលដ៏ឆ្នើម សម្ដេច តេជោ ហ៊ុនសែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ពិសេសគឺការយកចិត្ដទុក្ខដាក់ខ្ពស់ពីសម្ដេច ទៅលើសុខទុក្ខរបស់ប្រជាជនជាធំ។ ដូចនេះ ក្នុងនាមយើងជាក្រុមគ្រូពេទ្យ នឹងប្រឹងប្រែងពង្រឹងទាំងសមត្ថភាព គុណភាព សេវាកម្ម ជូនប្រជាពលរដ្ឋយើង ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់»។
ទន្ទឹមនឹងនោះ លោកអ៊ុ ប្រុស ដែលបានមកទទួលសេវាពិនិត្យសុខភាព នៅសង្កាត់ក្រាំងធ្នង់នេះ បានថ្លែងផងដែរ «ខ្ញុំពិតជាអរគុណណាស់ ដល់រដ្ឋមន្ដ្រីម៉ម ប៊ុនហេង ដែលមកដឹកនាំក្រុមគ្រូពេទ្យ មកពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ នៅកន្លែងយើងរស់នៅ ជាញឹកញាប់ ដែលនេះ បានជួយឲ្យខ្ញុំបានធូររាល់ការចំណាយច្រើនណាស់ ទាំងថវិកា និងពេលវេលា ពិសេស ដូចឃើញខ្ញុំស្រាប់ហើយ គឺវ័យកាន់តែចាស់ជរា មិនសូវមានអ្វីជំហរទេ ហើយសុខភាពក៏ចុះខ្សោយ មិនមានប្រាក់គ្រប់គ្រាន់ សម្រាប់ព្យាបាលនោះទេ តែពេលដែលលោករដ្ឋមន្ដ្រី បានជួយព្យាបាលដោយឥតគិតថ្លៃ គឺបានធ្វើឲ្យសេដ្ឋកិច្ចគ្រួសារខ្ញុំមានភាពល្អប្រសើរណាស់ ដូចនេះខ្ញុំសង្ឃឹមថា រដ្ឋមន្ដ្រី នឹងបន្ដចុះមកពិនិត្យ-ព្យាបាលដល់យើងទាំងអស់គ្នា កាន់តែច្រើន កាន់តែល្អ»។
លោកអ៊ុរូបនោះ ក៏បានថ្លែងអំណរគុណយ៉ាងខ្លាំង ទៅដល់ក្រុមគ្រូពេទ្យ ដែលបានមកពិនិត្យដោយឥតគិតថ្លៃហើយ និងសេវាកម្មល្អថែមទៀត ក្រោមការដឹកនាំរបស់រដ្ឋមមន្ដ្រី ម៉ម ប៊ុនហេង ៕