(កណ្តាល)៖ ការប្រកួតកីឡាប្រដាល់គុនខ្មែរ និងប្រដាល់សកលជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០១៧ នៅតបន់អភិវឌ្ឍ 7NG ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ត្រូវបានបិទបញ្ចប់ហើយ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។
ការបិទបញ្ចប់ការប្រកួតនេះ ធ្វើឡើងក្រោមអធិបតីភាពរបស់លោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល និងមានការចូលរួមពីលោក ម៉ឹង ពន្លក ប្រធានចលនាយុវជនកម្ពុជា (ក្រុម១៥៧) និងលោក ស្រី ចាន់ថន អគ្គនាយកក្រុមហ៊ុន 7NG និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
ក្នុងឱកាសបិទការប្រកួតនោះ លោក ម៉ឹង ពន្លក និងលោក ស្រី ចាន់ថន ក៏បានឧបត្ថម្ភដល់កីឡាករចូលរួមប្រកួតផងដែរ។ ខណៈនៅលើទឹកដីស្កាយលែន តំបន់អភិវឌ្ឍ 7NG វិហារសួគ៌ ក៏មានការប្រគុំតន្រ្តីកំដរបងប្អូនរហូតដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ផងដែរ។
សូមជម្រាបថា សហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានប្រកាសថា ចាប់ពីថ្ងៃទី២៧ រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ បានរៀបចំសង្វៀនប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិរួមគ្នា នៅលើទឹកដីឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ក្នុងតំបន់អភិវឌ្ឍន៍ 7NG ដើម្បីស្វែងរកធនធានកីឡាករឆ្នើមៗ ត្រៀមដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣។
ព្រឹត្តិការណ៍រយៈពេល៤ថ្ងៃនេះ គឺទទួលបានការឧបត្ថម្ភគាំទ្រស្ទើរទាំងស្រុង ពីលោកឧកញ៉ា ស្រី ចាន់ថន អគ្គនាយកក្រុមហ៊ុន 7NG ដើម្បីផ្ដល់ភាពងាយស្រួល ដល់កីឡាករមកពីបណ្ដាខេត្តនានា៕