(ភ្នំពេញ)៖ នៅទីបំផុតសាលាដំបូងខេត្តពោធិ៍សាត់ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ បានប្រកាសម្រេចឲ្យបង្វិលសំណុំរឿងទៅចៅក្រមស៊ើបសួរដើម្បីបន្តនីតិវិធី ឡើងវិញ និងបង្គាប់ឲ្យជនជាប់ចោទទាំងពីរ ចូលបំភ្លឺរាល់ពេលមានដីកាតុលាការ។

យោងតាមដីការសម្រេចរបស់តុលាការបានសម្រេចថា ចាត់តាំងលោក សុន នាថធាវី ចៅក្រមជំនុំជំរះ ជាចៅក្រមស៊ើបឲ្យបំពេញកិច្ចស៊ើបសួរលើរឿងព្រហ្មទណ្ឌ សំណុំរឿងលេខ៣៣០ ពីបទ៖ ក្លែងបន្លំ ប្រព្រឹត្តនៅស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ តាមមាត្រា៦២៦ និងមាត្រា ៦២៧ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបំពេញកិច្ចបន្ថែមដូចខាងក្រោម៖

ក៖ បញ្ឈប់ការអនុវត្តដីកាចាប់ខ្លួន លេខ២៤២ ចខ/១៧ និងលេខ២៤៣ ចខ/១៧ ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ របស់ចៅក្រមស៊ើបសួរសាលាដំបូងខេត្តពោធិ៍សាត់។
ខ៖ បង្គាប់ឲ្យជនជាប់ចោទទាំងពីរនាក់ ចូលខ្លួនមកឆ្លើយបំភ្លឺរាល់ពេលដែលមានដីកាពីតុលាការ។

ទី២៖ ក្រោយពីបំពេញកិច្ចស៊ើបសួរបន្ថែមចំណុច (ក-ខ) ខាងលើនេះចប់សព្វគ្រប់ហើយ ចៅក្រមជំនុំជំរះនឹងយកសំណុំរឿងព្រហ្មទណ្ឌ៣៣០ ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧ នេះមកជំនុំជំរះបន្ត។

ទី៣៖ សាលក្រមនេះជំនុំជំរះជាសាធារណៈនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ និងប្រកាសជាសាធារណៈ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧៕

សូមជំរាបថា កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧កន្លងទៅ តុលាការខេត្តពោធិ៍សាត់ បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនឈ្មោះ Zhang San Huo ប្រធានក្រុមប្រឹក្សាភិបាល និងឈ្មោះ Tse Michael Nam (Xie Nan Yang) អ្នកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុន Green Leader Holdings Group Limited នៅហុងកុង ពីបទ «ក្លែងបន្លំ»