(ភ្នំពេញ)៖ ឱកាសការងារប្រមាណ ៣៥០កន្លែងក្នុងមុខតំណែងផ្សេងៗគ្នាពីក្រុមហ៊ុនធំៗចំនួន៥ ត្រូវបានផ្តល់ជូនសម្រាប់យុវជនសិស្ស/និស្សិត និងអ្នកស្វែងរកការងារធ្វើទូទៅក្នុងវេទិកាការងារប្រចាំខែរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃព្រហស្បតិ៍ ១២កើត ខែមិគសិរ ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧។

ក្រុមហ៊ុនទាំង៥ដែលចូលរួមក្នុងវេទិកាការងារនេះរួមមាន៖ ក្រុមហ៊ុន DDD, ក្រុមហ៊ុន Park Café, ក្រុមហ៊ុន Trust Global Service, ក្រុមហ៊ុន DKSH និងក្រុមហ៊ុន Baby Outlet បានបង្ហាញពី ចំណាប់អារម្មណ៍ និងអត្ថប្រយោជន៍ក្នុងការងារទទួលបានបេក្ខជនជាច្រើនដែលមានសក្តានុពលដើម្បី បំពេញមុខតំណែងនានាដែលក្រុមហ៊ុនត្រូវការ។

តំណាងក្រុមហ៊ុនTrust Global Service កញ្ញា តាំង សេងហេង លើកឡើងថា វេទិកាការងារដែលរៀបចំដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនេះ បានផ្ដល់ឱកាសដល់សាធារណជន សិស្ស និស្សិត ដែលមានបំណងស្វែងការងារធ្វើដោយមិនពិបាកទៅដាក់ CV នៅតាមក្រុមហ៊ុននោះទេ ដែលធ្វើឲ្យពួកគាត់ចំណេញពេលវេលាដោយមកចូលរួមមួយថ្ងៃអាចដាក់ពាក្យរហូតដល់ទៅ ៥ក្រុមហ៊ុនឯណោះ។

កញ្ញាបន្តថា វេទិកានេះ ក៏ជួយកាត់បន្ថយចំណាយរបស់ក្រុមហ៊ុនក្នុងការស្វែងរកបុគ្គលិក ដែលមានសមត្ថភាពផងដែរ។ កញ្ញាសំណូមពរថា «អ្វីដែលខ្ញុំចង់ សំណូមពរបន្ថែមចង់ឲ្យមានកម្មវិធីនេះ ជាញឹកញាប់ ដើម្បីជួយដល់និស្សិត និងអ្នកស្វែងរកការងារមានឱកាសឆាប់ទទួលបានការងារ»

ចំពោះ សិស្ស/និសិត្ស និងយុវជនចូមរួមក្នុងវេទិកាការងារនេះ មានឱកាសដាក់ពាក្យស្វែងរកការងារ និងទទួលបានការសម្ភាសន៍ផ្ទាល់នៅហ្នឹងកន្លែង ដែលអាចឲ្យបេក្ខជនខ្លះ អាចមានឱកាសជាប់ការងារនៅក្នុងថ្ងៃនេះតែម្តង។

ជាលទ្ធផល វេទិកាការងារថ្ងៃនេះមានអ្នកចូលរួមសរុបចំនួន ១៦២នាក់ (ស្រី ៧៧) និងអ្នកស្វែងរកការងារចំនួន ៣៦នាក់ (ស្រី ១៦) បានសម្ភាសការងារជាប់បឋម និងចំនួន ៦៧នាក់ (ស្រី ៣៧) សម្ភាសការងារជាប់ស្ថាពរ។

និស្សិតសាកលវិទ្យាល័យបញ្ញាសាស្ត្រ កញ្ញា សន បុទុមបណ៌មី លើកឡើងថា នេះជាលើកទី១ ដែលកញ្ញាបានចូលរួមក្នុងវេទិកានេះ ហើយកញ្ញាទទួលបានព័ត៌មាននេះតាមរយៈហ្វេសប៊ុក របស់ទីភ្នាក់ងារជាតិមុខរបរនិងការងារ។

កញ្ញាបន្តថា «នាងខ្ញុំមើលឃើញថា វាពិតជាមានភាពងាយស្រួលណាស់សម្រាប់សិស្ស/និស្សិតដូចជា ខ្ញុំ ព្រោះមិនពិបាកចំណាយពេលវេលាដើម្បីទៅដើរដាក់ CV នៅតាមក្រុមហ៊ុន។ ការដាក់ពាក្យនៅតាមក្រុមហ៊ុន ចំណាយពេលវេលាពីមួយសប្តាហ៍ទៅពីរសប្តាហ៍ទើបខាងក្រុមហ៊ុនទំនាក់ទំនងមក តែនៅទីនេះ ដាក់ CV ភ្លាមបានសម្ភាសភ្លាម និងដឹងថាជាប់ឬធ្លាក់ភ្លាមតែម្តង»

សូមបញ្ជាក់ថា ទីភ្នាក់ងារជាតិ មុខរបរនិងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តែងតែរៀបចំវេទិកាការងារបែបនេះរៀងរាល់សប្តាហ៍ទី៤នៃខែនីមួយ ចាប់ពីម៉ោង៨ ដល់ម៉ោង៥ល្ងាច។ សម្រាប់យុវជន សិស្ស/និស្សិត ដែលមានបំណងចង់ស្វែងរកការងារដែលខ្លួនពេញចិត្ត និងសមស្រប ទៅតាមជំនាញរៀងៗខ្លួន អាចមកចូលរួមដោយសេរីនៅក្នុងវេទិការងារការងារខែក្រោយទៀត ដែល រៀបចំឡើងនៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាប់របងវិទ្យាស្ថានភាសាបរទេស IFL ដោយភ្ជាប់មកជាមួយនូវប្រវត្តិរូបសង្ខេប (CV)។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញតាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦៦៥៥ ឬគេហទំព័ររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ) ដោយងាយស្រួល៕