(ភ្នំពេញ)៖ នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ កម្ពុជាបើកសិក្ខាសាលាស្តីពីគោលនយោបាយកៀរគរចំណូលរបស់អង្គការគយពិភពលោក ក្រោមអធិបតីភាពលោកបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងដោយមានការចូលរួមពីលោក Ian CREMER អ្នកជំនាញការជាន់ខ្ពស់ផ្នែកតម្លៃគិតពន្ធគយនៃអង្គការគយពិភពលោក លោកស្រី Rika TOKAI អ្នកជំនាញការផ្នែកវិធានដើមកំណើតទំនិញនៃអង្គការគយពិភពលោក និងមន្រ្តីគយ និងដ្ឋាករនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

សិក្ខាសាលានេះមានរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ ត្រូវបានរៀបចំឡើងដោយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សហការជាមួយអង្គការគយពិភពលោក ក្នុងគោលបំណងបង្កើនសមត្ថភាពដល់មន្ត្រីជាថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសពាក់ព័ន្ធនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករស្តីពីគោលនយោបាយកៀរគរចំណូលដោយផ្តោតលើតម្លៃគិតពន្ធគយ និងវិធានដើមកំណើតទំនិញ។

លោក Ian Cremer បានលើកឡើងថា សិក្ខាសាលានេះជាផ្នែកមួយនៃបេសកកម្មរបស់លោកនៅកម្ពុជា ក្រោយពីការសិក្សាវាយតម្លៃស្ថានភាពបច្ចុប្បន្ននៃការអនុវត្តការងារតម្លៃគិតពន្ធគយ វិធានដើមកំណើតទំនិញ និងសវនកម្មក្រោយពេលបញ្ចេញទំនិញពីគយ នៅតាមបណ្តានាយកដ្ឋាន និងសាខាគយ និងរដ្ឋាករពាក់ព័ន្ធនាពេលកន្លងទៅនេះ។

ក្នុងសុន្ទរកថាបើកលោកបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានថ្លែងអំណរគុណអង្គការគយពិភពលោក ដែលបានឆ្លើយតបជាវិជ្ជមានតាមសំណើរបស់កម្ពុជា ដោយបានផ្តល់ជំនួយបច្ចេកទេសនាឱកាសនេះ ក្នុងខណៈដែល អគរ កំពុងត្រូវការអភិវឌ្ឍន៍ខ្លួនឲ្យទាន់ការវិវឌ្ឍន៍ នៃការធ្វើពាណិជ្ជកម្មអន្តរជាតិ ក៏ដូចជាការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក។

លោកបណ្ឌិត ក៏បានគូសបញ្ជាក់ផងដែរពីតួនាទីសំខាន់របស់រដ្ឋបាលគយក្នុងការប្រមូលចំណូលសម្រាប់ថវិកាជាតិ ដែលបានចូលរួមចំណែកមួយភាគធំនៃចំណូលពន្ធសរុប។ នេះបញ្ជាក់ថា ការពង្រឹងប្រសិទ្ធភាពការប្រមូលចំណូលរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅតែជាការងារអាទិភាពដែលត្រូវតែយកចិត្តទុកដាក់ជាប្រចាំ។

ដើម្បីគាំទ្រគោលនយោបាយសារពើពន្ធរបស់រាជរដ្ឋាភិបាល អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចាប់ផ្តើមអនុវត្តផែនការកែទម្រង់និងទំនើបកម្មគយ តាមរយៈការកែលម្អលើ៖ រចនាសម្ព័ន្ធស្ថាប័ន ធនធានមនុស្សពាក់ព័ន្ធការរៀបចំគោលនយោបាយ និងការងារបច្ចេកទេសគយ ព្រមទាំងការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដើម្បីគាំទ្រដល់កិច្ចប្រតិបត្តិការគយ។ កំណែទម្រង់នេះ បានទទួលផ្លែផ្កាគួរឲ្យកត់សម្គាល់លើការធ្វើឲ្យប្រសើរឡើងកិច្ចសម្រួលពាណិជ្ជកម្ម សាមញ្ញកម្មនីតិវិធីគយ និងអាចប្រមូលចំណូលបានលើសផែនការ។

ទន្ទឹមនេះលោកបណ្ឌិត ក៏បានលើកឡើងផងដែរថា សិក្ខាសាលានេះ គឺជាឱកាសល្អសម្រាប់សិក្ខាកាមទាំងអស់ ដើម្បីបានស្វែងយល់ និងបង្កើនចំណេះដឹងតាមរយៈការពិភាក្សា ផ្លាស់ប្តូរមតិយោបល់ដោយផ្ទាល់ជាមួយក្រុមជំនាញការរបស់អង្គការគយពិភពលោក៕