(ភ្នំពេញ)៖ លោក តូច ចាន់កុសល រដ្ឋមន្រ្ដីស្ដីទី ក្រសួងសាធារណការ និងដឹកជញ្ជូននៅកម្ពុជា បានលើកឡើងថា ការអភិវឌ្ឍន៍ផ្លូវ​ថ្នល់នៅកម្ពុជានាពេលបច្ចុប្បន្ននេះ កំពុងមានសន្ទុះខ្លាំង ព្រោះដោយសារតែវិស័យដឹកជញ្ជូននេះមានសារៈសំខាន់​ ក្នុងការជំរុញ​កំណើនសេដ្ឋកិច្ចកម្ពុជា ឲ្យកាន់តែមានភាពប្រសើរឡើងជាបន្ដបន្ទាប់។

ការលើកឡើងរបស់លោក តូច ចាន់កុសល នេះធ្វើឡើងនាឱកាស ដែលលោក អញ្ជើញចូលរួមក្នុងកម្មវិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់​​អគារតាំងបង្ហាញថ្មី និងមជ្ឈមណ្ឌលសេវាកម្មជួសជុល រថយន្ត ISUZU Truck កម្រិតស្ដង់ដារអន្តរជាតិនាព្រឹកថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។

លោក តូច ចាន់កុសល បានថ្លែងថា «សម្ដេចតេជោ ហ៊ុន សែន បានកំណត់យកវិស័យដឹកជញ្ជូន ជាវិស័យអទិភាពមួយ ក្នុងការលើក​ស្ទួយវិស័យសេដ្ឋកិច្ចជាតិ ដោយបានកំណត់ច្បាស់ថា ឯកជនជាកំលាំងចលករនៃការអភិវឌ្ឍន៍ និងជាក្បាលម៉ាស៊ីនជំរុញ​កំណើ​ន​សេដ្ឋកិច្ចជាតិផងដែរ»

លោកបានបន្ដទៀតថា «ក្រសួងសាធារណការ និងដឹកជញ្ជូនមានភារកិច្ចក្នុងការកសាង និងអភិវឌ្ឍន៍វិស័យហេដ្ឋារចនាសម្ព័ន្ធដឹក​ជញ្ជូន​ដូចជា ផ្លូវថ្នល់, ផ្លូវដេក, ផ្លូវទឹក សំដៅធ្វើយ៉ាងណាសំរួលដល់ជីវភារស់នៅ របស់ប្រជាពលរដ្ឋ។ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ នៅកម្ពុជាបច្ចុប្បន្ន កំពុងតែមានសន្ទុះជាខ្លាំងដោយសារតែរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ លើវិស័យ​ផ្លូវថ្នល់ និងមានការជួយគាំទ្រពីដៃគូអភិវឌ្ឍន៍ជាច្រើនរួមមាន ជប៉ូន, ចិន, កូរ៉េ, ធនាគារអភិវឌ្ឍន៍អាស៊ី និងធនាគារពិភពលោកជា​ដើម»

លោកបានបញ្ជាក់ទៀតថា ក្រសួងសាធារណការ និងដឹកជញ្ជូនបានខិតខំប្រឹងប្រែងសាងសងផ្លូវដែលមានគុណភាព និងមាន​សុវត្ថិភាពទូទាំងប្រទេស ដើម្បីសម្រួលក្នុងការធ្វើដំណើរ ការដឹកជញ្ជូនរបស់ប្រជាពលរដ្ឋ សំដៅកាត់បន្ថយនៅភាពក្រីក្ររបស់ពលរដ្ឋកម្ពុជា។

លោកបានលើកឡើងបន្ថែមទៀតថា សម្រាប់ការបង្កើតអាគារតាំងបង្ហាញថ្មីរបស់ មជ្ឈមណ្ឌលសេវាកម្មជួសជុល រថយន្ត ISUZU Truck នេះ ជាការបញ្ជាក់នៃការរីកចម្រើន លូតលាស់យ៉ាងយ៉ាប់រហ័សរបស់ក្រុមហ៊ុន និងវិស័យដឹកជញ្ជូន វិស័យសេដ្ឋកិច្ចប្រទេសកម្ពុជាផងដែរ។ លោកក៏សង្ឃឹមជឿជាក់ថា ការចូលរួមចំណែករបស់ក្រុមហ៊ុន K Cambodia នេះផងដែរ នឹងចូលរួមអភិវឌ្ឍន៍​វិស័យដឹកជញ្ជូនទំនិញនៅកម្ពុជាកាន់តែ ប្រសើរឡើងបន្ថែមទៀត។

លោកបណ្ឌិត ខាន់ឆៃ កៀស្រ៊ីថាណាកន ប្រធានក្រុមហ៊ុន ខេ បានឲ្យដឹងថា អស់រយៈពេល ៨ ឆ្នាំហើយដែលក្រុមហ៊ុន ខេ (ខេមបូឌា) បានចាប់ផ្ដើមអាជីវកម្មជាមួយនឹងក្រុមហ៊ុន ISUZU នៅក្នុងទីផ្សារកម្ពុជា ដោយផ្ដោតលើរថយន្ត (ISUZU D-MAX Pick-up) ដែលបំពាក់ដោយបច្ចេកវិទ្យាខ្ពស់ ធន់រឹងមាំ ប្រើប្រាស់យូរ និងស៊ីប្រេងតិចបំផុត។ សម្រាប់ប្រជាជនកម្ពុជាអាចប្រើប្រាស់បានច្រើនយ៉ាង និងសន្សំសំចៃបំផុត នៅក្នុងជីវភាពប្រចាំថ្ងៃ។

លោកបញ្ជាក់ថា ការសម្ពោធអគារតាំងបង្ហាញថ្មី និងមជ្ឈមណ្ឌលសេវាកម្មជួសជុលនេះ បានឆ្លុះបញ្ចាំងឲ្យឃើញពីការតាំងចិត្តរយៈពេលវែង របស់យើងនៅក្នុងទីផ្សារកម្ពុជា ជាមួយអតិថិជន តាមរយៈការផ្ដល់នូវរថយន្តដែលមានគុណភាពខ្ពស់ និងសេវាកម្មកាន់តែល្អ។

សូមបញ្ជាក់ថា ក្រុមហ៊ុន ខេ (ខេមបូឌា) ដែលជាក្រុមហ៊ុនទទួលសិទ្ធចែកចាយផ្ទាល់ផ្តាច់មុខ និងលក់រថយន្ត ISUZU ក្នុងទីផ្សារកម្ពុជា បានធ្វើការសម្ពោធជាផ្លូវការនូវអគារតាំងបង្ហាញថ្មី និងមជ្ឈមណ្ឌលសេវាកម្មជួសជុលរថយន្តដឹកទំនិញ ISUZU Track ប្រភេទធុនស្រាល និងធុនធ្ងន់ ស្របតាមកម្រិតស្ដង់ដារអន្តរជាតិ ធំដំបូងគេបង្អស់ក្នុងទីផ្សារប្រទេសកម្ពុជា៕