(ភ្នំពេញ)៖ បច្ចុប្បន្ននេះជំងឺមហារីកហាក់រីកដុលដាលជាខ្លាំង ក្នុងនោះមើលឃើញថា ស្រ្ដីជាច្រើនបានប្រឈមមុខនឹងជំងឺនេះ ជាពិសេសជំងឺដុំសាច់សុដន់ ឬហៅម៉្យាងទៀតថា ជំងឺមហារីកសុដន់។ ជំងឺនេះឈរលំដាប់ថ្នាក់លេខ៣ ដែលបណ្ដាលឲ្យមានមនុស្សស្លាប់ ភាគច្រើនជំងឺនេះ កើតលើស្រ្ដីមានវ័យពាក់កណ្ដាល ដែលមានអាយុចាប់ពី៤៥ឆ្នាំឡើងទៅ។
ខណៈស្រ្ដីជាច្រើនប្រឈមមុន នឹងជំងឺទាំងនេះ ទើបមានការផ្សព្វផ្សាយជាច្រើន ដើម្បីឲ្យស្រ្ដីយល់ដឹង និងការពារកុំឲ្យកើតមានជំងឺនេះ ក្នុងនោះដែរ ដើម្បីជួយនិងផ្សព្វផ្សាយឲ្យស្រ្ដីយល់ដឹងពីបញ្ហានៃជំងឺនេះ និងដើម្បីជួយដល់ស្រ្ដីដែលមានជីវភាពខ្វះខាត ក្នុងការពិនិត្យ និងព្យាបាល មន្ទីរពេទ្យជោរៃភ្នំពេញ បានសហការជាមួយក្រុមហ៊ុនឱសថ DHG Pharma បានរៀបចំកម្មវិធីពិនិត្យព្យាបាល រួមទាំងផ្ដល់ថ្នាំព្យាបាលដោយឥតគិតថ្លៃ ដល់អ្នកដុំសាច់សុដន់ សម្រាប់អ្នកចុះឈ្មោះ៥០នាក់ដំបូង ព្យាបាលដោយវេជ្ជបណ្ឌិត
ឯកទេសវៀតណាម។
លោកវេជ្ជបណ្ឌិត ង្វៀង ជឿង ជុក ឡាំ ឯកទេសព្យាបាលជំងឺមហារីកសុដន់នេះ បានឲ្យដឹងទៀតថា ជំងឺនេះអាចព្យាបាល បានតាមរយៈការវះកាត់យកដុំសាច់ចេញ ប្រសិនបើយើងបានដឹង ក្នុងដំណាក់កាលដំបូង ហើយបើតាមការធ្វើស្ថិតិនៅទូទាំងពិភពលោក បានឲ្យដឹងថា ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ មានស្ត្រីប្រមាណ៨ទៅ៩ភាគរយ ដែលបានស្លាប់ ដោយសារជំងឺដុំសាច់សុដន់។
លោកបានបញ្ជាក់ឲ្យដឹងទៀតថា ជំងឺដុំសាច់សុដន់ច្រើនតែកើតឡើងចំពោះស្រ្ដី ដែលរស់នៅក្នុងប្រទេសដែលកំពុងអភិវឌ្ឍន៍ ព្រោះប្រជាពលរដ្ឋទាំងអស់ មានការយល់ដឹងកម្រិតទាប់នៅឡើយ ហេតុដូច្នេះហើយទើបភាគរយនៃជំងឺនេះកើតឡើងខ្ពស់ទៅលើប្រទេសដែលមានការអភិវឌ្ឍន៍ទាប។
លោកបានបញ្ជាក់បន្ថែមទៀតថា ជំងឺដុំសាច់សុដន់នេះ ជាជំងឺម្យ៉ាងដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពស្ដ្រីខ្លាំង ដើម្បីបញ្ជ្រាសជំងឺនេះ ស្រ្ដីដែលមានអាយុចាប់ពី៤២ឆ្នាំឡើង ទៅត្រូវទៅពិនិត្រសុដន់ឲ្យបានទៀងទាត់ ស្រ្ដីទាំងអស់ត្រូវទៅជួបគ្រូពេទ្យរៀងរាល់៦ខែម្ដង ដោយតម្រូវឲ្យអេកូ ដើម្បីឲ្យដឹងពីលទ្ធផលថាមានកើតជំងឺនេះឬអត់ ប្រសិនបើកើតជំងឺនឹងងាយស្រួលព្យាបាល ព្រោះភាគរយនៃការព្យាបាល ទទួលបានជោគជ័យច្រើន។
គួរបញ្ជាក់ថា កម្មវិធីពិនិត្យព្យាបាលដោយឥតគិតថ្លៃ របស់មន្ទីរពេទ្យជោរៃនេះ នឹងធ្វើឡើងជារៀងរាល់ខែជាមួយ នឹងវេជ្ជបណ្ឌិតឯកទេសផ្សេងៗគ្នា ដើម្បីទទួលបានការព្យាបាល ដោយឥតគិតថ្លៃ ដោយអ្នកជំងឺអាចចុះឈ្មោះតាមរយៈលេខទូរស័ព្ទ ០២៣ ៦៨ ៤១ ០០១, ០២៣ ២៨ ៤១ ០០២៕