(ភ្នំពេញ)៖ ក្នុងដំណើឆ្ពោះទៅចាប់យកការទាក់ទាញវិនិយោគិន លើវិស័យឧស្សាហកម្មហាឡាលនៅកម្ពុជា ក៏ដូចជាការពង្រឹងទំនាក់ទំនង ជាមួយភាគីប្រទេស ដែលរីកចម្រើនវិស័យហាឡាល នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ លោកឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអនុប្រធានគណៈកម្មាធិការផលិតផលហាឡាលកម្ពុជា បានដឹកនាំប្រតិភូក្រុមឯកទេស ហាឡាលកម្ពុជា ដើម្បីចូលរួមក្នុងសន្និសីទអន្តរជាតិ ហាឡាលប្រទេសថៃលើកទី៤ ឆ្នាំ២០១៧ ក្រោមប្រធានបទ «ឧត្តមភាពហាឡាល៖ ការរួមបញ្ចូលគ្នារវាងវិទ្យាសាស្ត្របច្ចេកវិទ្យា និងទេព្យកោស្យឥស្លាម»។
ពិធីនេះប្រព្រឹត្តទៅពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៧ ក្រោមអធិបតីភាព លោក អាហ្ស៊ីស ភីតាគុមភុន សៃឃុលឥស្លាម (មេដឹកនាំកំពូលឥស្លាម) ប្រទេសថៃ ប្រធានក្រុមប្រឹក្សាថ្នាក់កណ្តាលឥស្លាមថៃ តំណាងរបស់នាយករដ្ឋមន្ត្រីថៃ។ សន្និសីទនេះរៀបចំឡើង ក្រោមកិច្ចសហការរួមគ្នា ដោយក្រុមប្រឹក្សាជាន់ខ្ពស់ឥស្លាមថៃ វិទ្យាស្ថានស្តង់ដារហាឡាលថៃ និងមជ្ឈមណ្ឌល វិទ្យាសាស្ត្រ ហាឡាល នៃសាកលវិទ្យាល័យជុឡាឡុងកន ក្រុងបាងកក។
តាមការបញ្ជាក់ពីគណៈកម្មាធិការរៀបចំសន្និសីទ បានឲ្យដឹងថា មានគណៈប្រតិភូថ្នាក់ដឹកនាំតំណាងស្ថាប័នហាឡាល មកពី២៥ប្រទេសចូលរួម ព្រមទាំងមានក្រុមហ៊ុនវិនិយោគ សហគ្រាសរាប់រយ ដែលបានចូលរួមក្នុងសន្និសីទខាងលើ ហើយក៏មានស្តង់ពិពណ៌ផលិតផលហាឡាល ប្រទេសថៃជិត៣០០ស្តង់ ដែលបានដាក់តាំងក្នុងសន្និសីទនេះ។ ការរៀបចំនេះ ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីនាយករដ្ឋមន្ត្រីថៃ និងភ្នាក់ងារដទៃទៀត ដែលពាក់ព័ន្ធនឹងការងារអភិវឌ្ឍន៍ ឧស្សាហកម្មហាឡាល។
គួរកត់សម្គាល់ថា ក្រុមប្រឹក្សាជាន់ខ្ពស់ឥស្លាមថៃ (CICOT) ជាស្ថាប័នសាសនាឥស្លាមតែមួយគត់ ដែលទទួលស្គាល់ដោយព្រះរាជក្រឹត្យ នៃប្រទេសថៃ ហើយជាអ្នកដែលមានភារកិច្ចគ្រប់គ្រង អភិវឌ្ឍន៍កិច្ចការសាសនាឥស្លាម ក្នុងនោះក៏មានទទួលរ៉ាប់រងក្នុងការចេញ វិញ្ញាបនប័ត្រហាឡាល នៅប្រទេសថៃដែលស្របទៅតាមច្បាប់សាសនាឥស្លាម បាននិងកំពុងបំពេញតម្រូវការរបស់ប្រជាជនថៃ និងពិភពលោកនូវទំនិញប្រមាណ២សែនមុខ។
ប្រធានបទ «ឧត្តមភាពហាឡាល៖ ការរួមបញ្ចូលគ្នា រវាងវិទ្យាសាស្ត្របច្ចេកវិទ្យា និងទេព្យកោស្យឥស្លាម» បង្ហាញពីការអនុវត្តតាមយុទ្ធសាស្ត្រ ថ្នាក់ជាតិរបស់ប្រទេសថៃ ឬហៅថា ថៃ៤.០។ កិច្ចប្រជុំអន្តរជាតិលើកនេះរួមមានបញ្ចូល៖ សន្និសីទអន្តរជាតិលើកទី១០ ស្តីពីវិទ្យាសាស្ត្រឧស្សាហកម្ម និងពាណិជ្ជកម្មហាឡាល, កិច្ចប្រជុំអន្តរជាតិស្តង់ដារហាឡាល, ការតាំងពិព័រណ៍ឧត្តមភាពហាឡាល និងការតាំងពិព័រណ៍អន្តរជាតិថៃឆ្នាំ២០១៧។
មានវាគ្មិនមកពីច្រើនប្រទេស តំណាងរដ្ឋាភិបាល សាកលវិទ្យាល័យ និងអង្គការដែលពាក់ព័ន្ធនឹងវិស័យសុវត្ថិភាព ម្ហូបអាហារ ដោយមានកិច្ចប្រជុំជាច្រើនពិភាក្សាលើ៖ ការពង្រឹងអំណាច ការអភិវឌ្ឍគុណភាព និងសុវត្ថិភាពមនុស្សជាតិនៃជីវិតប្រចាំថ្ងៃ, តួនាទីនិងទំនួលខុសត្រូវរបស់ ស្ថាប័នវិទ្យាសាស្ត្រហាឡាល សម្រាប់អនាគតប្រទេសថៃ, បច្ចេកវិទ្យា និងគំនិតបង្កើតថ្មី នៃសេដ្ឋកិច្ចហាឡាលពិភពលោក, តួនាទី និងទំនួលខុសត្រូវ នៃអ្នកវិទ្យាសាស្ត្រមុស្លិមចំពោះឧស្សាហកម្មហាឡាល និងឱកាសពាណិជ្ជកម្មហាឡាល នៅបណ្តាប្រទេសមួយចំនួន ដូចជាកូរ៉េជាដើម៕