(កំពង់ចាម)៖ លោកឧត្តមសេនីយ៍ត្រី ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានប្រាប់អង្គភាព Fresh News ឲ្យដឹងថា នៅវេលាម៉ោងជាង ៤ល្ងាច ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ កម្មករ-កម្មការនីរោងចក្រកាត់ដេរខោអាវ «លី ឈាន» នៅចំណុចផ្លូវជាតិលេខ៦ ស្ថិតក្នុងឃុំបាធាយ ស្រុកបាធាយ បានពុលថ្នាំចំហាយថ្នាំសម្លាប់សត្វ បណ្ដាលឲ្យដួលសន្លប់ជិត៣០នាក់។
លោកឧត្តមសេនីយ៍ស្នងការបញ្ជាក់ថា ប្រជាពលរដ្ឋដែលនៅក្បែររោងចក្រនោះ បានបាញ់ថ្នាំសម្លាប់សត្វល្អិត ដែលស៊ីស្រូវ ហើយបានសាយភាយក្លិនថ្នាំនោះ ចូលទៅក្នុងរោងចក្រ ទើបបណ្ដាលឲ្យពុលដួលសន្លប់ជាបន្ដបន្ទាប់ ចំនួន២៧នាក់។
ក្រោយកើតហេតុភ្លាមជនរងគ្រោះទាំង២៧នាក់នោះ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកបាធាយ ប៉ុន្ដែមិនបណ្ដាឲ្យជនរងគ្រោះណាម្នាក់ គ្រោះថ្នាក់ដល់អាយុជីវិតទេ៕