(មណ្ឌលគិរី)៖ លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី និងលោក មូល ផាត ប្រធានតំបន់ទេសភាពខ្ពង់រាបភាគខាងកើតប្រទេសកម្ពុជា នៃអង្គការ WWF មានមូលដ្ឋាននៅខេត្តមណ្ឌលគិរី បានសម្តែនូវការព្រួយបារម្ភអំពីការបាត់បង់ប្រភេទសត្វកម្រតូច-ធំ និងបានអំពាវនាវឲ្យមន្ត្រីជំនាញរួមជាមួយសមត្ថកិច្ចពាក់ព័ន្ធចូលរួមទប់ស្កាត់ ទាំងអស់គ្នាដើម្បីការពារសត្វកម្រកំឲ្យផុតពូជនៅកម្ពុជា។ សត្វកម្រដែលទទួលការបាត់បង់មានដូចជា ខ្ទីង ទន្សោង ដំរី និងសត្វផ្សេងៗ។
លោក ស្វាយ សំអ៊ាង បានថ្លែងស្នើឲ្យមន្រ្តីជំនាញដែលមានសមត្ថកិច្ចអនុវត្តច្បាប់ មិនយោគយល់ចំពោះជនសង្ស័យណាដែលបានប្រព្រឹត្តបទល្មើសដូចជា៖ ការកាប់បំផ្លាញព្រៃឈើការបបាញ់សត្វព្រៃ ការធ្វើអាជីវកម្មជួញដូរសាច់សត្វព្រៃ គ្រប់ប្រភេទមន្រ្តីមូលដ្ឋានផ្ទាល់ជំរុញ និងចូលរួមសហការជាមួយមន្រ្តីជំនាញ ឲ្យបានល្អក្នុងការជួយទប់ស្កាត់បទល្មើសនេះ ហើយអាជ្ញាធរខេត្តជាពិសេសរូបលោកផ្ទាល់ សូមឲ្យមន្រ្តីខិលខូចមួយចំនួនដែលប្រកបមុខរបរបបាញ់សត្វដូចជា ឆ្លុះបាញ់សត្វ បាញ់ប្រហារ ដាក់អន្ទាក់ ឬដាក់ឧបករណ៍ឆក់ យកធ្វើការជួញដូរសត្វព្រៃ សេវាកម្មសាច់សត្វព្រៃ នៅតាមបណ្តាភោជនីយដ្ឋាននានាក្នុងខេត្ត សូមបញ្ឈប់ជាបន្ទាន់ដើម្បីជួយអភិរក្សនូវសត្វព្រៃកម្រតូច-ធំ ឲ្យបាននៅគង់វង្សទុកជាសម្បត្តិដ៏មានតម្លៃមហាសាលរបស់ជាតិ។
តំណាងសហគមន៍តំបន់ការពារធម្មជាតិចំនួន៤ ក្នុងស្រុកចំនួន២ គឺស្រុកពេជ្រាដា និងស្រុកកោះញែក បានថ្លែងថា ពួកគាត់កំពុងមានការព្រួយបារម្ភ ពីកាប់បំផ្លាញព្រៃឈើ និងការបាញ់សម្លាប់សត្វព្រៃ តាមរូបភាពបាញ់ប្រហារសត្វដាក់អន្ទាក់ដាក់ឧបករណ៍ឆក់ ដើម្បីធ្វើអាជីវកម្មសត្វព្រៃ ឬជំនួញ ដែលធ្វើឲ្យមានការបាត់បង់សត្វព្រៃនេះជាបន្តបន្ទាប់។
តំណាងសហគមន៍តំបន់ការពារធម្មជាតិដដែល បានបន្តថា ពួកគាត់បានធ្វើការស្នើសុំឲ្យមន្រ្តីជំនាញចាត់វិធានការលើបញ្ហានេះផងបើពុំដូច្នេះទេ ប្រភេទសត្វកម្រទាំងនេះ អាចឈានទៅរកការផុតពូជ។ សហគមន៍ទាំងបួនខាងលើនោះរួមមានទី១៖ មានសហគមន៍ការពារធម្មជាតិឈ្មោះ ទូលុង មានមូលដ្ឋាននៅក្នុងឃុំក្រង់តេះ ស្រុកពេជ្រាដា, ទី២៖ សហគមន៍តំបន់ការពារធម្មជាតិឈ្មោះ ត្រពាំងក្អើម មានមូលដ្ឋានក្នុងឃុំពូជ្រៃ ស្រុកពេជ្រាដា, ទី៣៖ សហគមន៍តំបន់ការពារធម្មជាតិឈ្មោះ ក្រង់រពុក មានមូលដ្ឋាននៅក្នុងឃុំពូជ្រៃ ស្រុកពេជ្រាដា, និងទី៤៖ សហគមន៍ឈ្មោះ អូរង្លាវ មានមូលដ្ឋានក្នុងឃុំស្រែហ៊ុយ ស្រុកកោះញែក។
លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានថ្លែងប្រាប់ភ្នាក់ងារសារព័ត៌មាន Fresh News ប្រចាំខេត្តមណ្ឌលគិរី នៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ឲ្យដឹងថា ករណីបរបាញ់សត្វព្រៃខុសច្បាប់ខាងលើនេះ កម្លាំងរបស់លោកបានចុះបង្ក្រាបជាញឹកញាប់។ ហើយលោកនឹងធ្វើការជំរុញឲ្យមន្រ្តីរបស់ជំនាញ ខិតខំបន្តបន្ថែមទៀតក្នុងការបង្រ្កាប និងទបស្កាត់នៃបទល្មើសខាងលើនេះឲ្យមានប្រសិទ្ធភាព និងគុណភាព៕