(ភ្នំពេញ)៖ លោក វ៉ាន់ សាលី ប្រធានក្រុមប្រឹក្សា ខណ្ឌឫស្សីកែវ បានបញ្ជាក់ថា ចំពោះមន្ត្រីតាមបណ្ដាការិយាល័យចំណុះជំនាញជុំវិញខណ្ឌមួយចំនួនឃើញថា នៅពុំទាន់បម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យបានល្អនោះទេ ជាពិសេសមន្ត្រីការិយាល័យច្រកចេញ-ចូលតែមួយខណ្ឌ ចាប់ពីពេលនេះតទៅ គួរតែប្ដូរទាំងឥរិយាបទចេញ និងការនិយាយស្ដីប្រកបដោយក្រមសីលធម៌ ទៅកាន់ប្រជាពលរដ្ឋ ដែលមកទទួលយកការបម្រើសេវាសាធារណៈ ដើម្បីជៀសវាងបាននូវការថ្នាំងថ្នាក់ និងរិះគន់តៗគ្នា ដែលអាចធ្វើឲ្យបាត់បង់សន្លឹកឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។
លោក វ៉ាន់ សាលី បានបញ្ជាក់រំឭកបែបនេះ នៅសាលាខណ្ឌឫស្សីកែវ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤២ របស់ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី២ នារសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយមានសមាសភាពចូលរួមពីអភិបាលរងខណ្ឌ៣រូប គឺលោក លីន ញ៉ក់ តំណាងលោក ជា ពិសី អភិបាលខណ្ឌ លោក ស៊ូ សោគន្ធ លោកស្រី សួស សូលីដា នាយករដ្ឋបាលខណ្ឌ លោក សន សោភ័ណ្ឌ និងមន្ត្រីសមាជិកសមាជិកា ក្រុមប្រឹក្សាខណ្ឌ រួមនិងប្រធាន អនុប្រធានការិយាល័យចំណុះជំនាញជុំវិញខណ្ឌ លោកអធិការរងនគរបាលខណ្ឌ លោកមេបញ្ជាការរងអាវុធហត្ថខណ្ឌ កងយុទ្ធភូមិភាគពិសេសខណ្ឌ ព្រមទាំងចៅសង្កាត់ ចៅសង្កាត់រង មេភូមិជាច្រើននាក់ផងដែរ។
លោក លីន ញ៉ក់ អភិបាលរងខណ្ឌតំណាងលោក ជា ពិសី អភិបាលខណ្ឌ បានថ្លែងថា កាលពីមួយឆ្នាំមុន នៅក្នុងកិច្ចប្រជុំមួយ នៃវេទិការពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌ ឃើញថា មានទាំងសំនួរផ្ទាល់មាត់ច្រើន និងសំនួរសរសេរក៍ច្រើន ដោយខុសគ្នាឆ្ងាយត្រង់ថា ក្នុងឆ្នាំក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤២ របស់ក្រុមប្រឹក្សា ខណ្ឌឫស្សីកែវ អាណត្តិទី២ នៅពេលនេះ ពិតជាមានការខុសប្លែកច្រើន ដោយសារបញ្ហាប្រឈមនានា នាពេលកន្លងមក ត្រូវបានដោះស្រាយទុក្ខកង្វល់ជាបន្តបន្ទាប់ ដូចជាបញ្ហាសន្តិសុខ បញ្ហាសម្រាម និងធ្វើការជួសជុល ស្ថាបនាផ្លូវជាដើម ជូនប្រជាពលរដ្ឋ នេះក៍ព្រោះតែមានកិច្ចសហការល្អពីកម្លាំងសមត្ថកិច្ច អាវុធហត្ថ ប្រជាការពារ ជានិងមួយអាជ្ញាធរ៕