(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រកាសរៀបចំប្រកួតប្រជែងតែងនិពន្ធបទភ្លេង និងទំនុកច្រៀងថ្មី ដែលមានលក្ខណៈជាខ្មែរ ដើម្បីរួមចំណែកលើកស្ទួយវប្បធម៌ និងការតែងនិពន្ធបទចម្រៀង និងបទភ្លេង និងជាពិសេសដើម្បីកាត់បន្ថយការចម្លងស្នាដៃបរទេស, នេះបើតាមគណៈកម្មការរៀបចំការប្រកួតស្នាដៃ ដែលទទួលជយលាភី នឹងត្រូវឡើងទទួលរង្វាន់នៅក្នុងថ្ងៃប្រារព្ធទិវាវប្បធម៌ជាតិ លើកទី២០ ឆ្នាំ២០១៨ ក្រោមអធិបតីភាព សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កំពុងរៀបចំការប្រកួតប្រជែងតែងនិពន្ធបទភ្លេង និងទំនុកច្រៀង ដើម្បីចូលរួមចំណែកលើកស្ទួយវប្បធម៌ និងលើកកម្ពស់វិស័យតែងនិពន្ធបទចម្រៀង ជាលក្ខណៈខ្មែរ ដែលមិនចម្លងពីបរទេស។ នេះជាឱកាសល្អសម្រាប់ប្រជាពលរដ្ឋខ្មែរ ជាពិសេសយុវជនដែលមានទេពកោសល្យលើការតែងនិពន្ធបទភ្លេង និងទំនុកច្រៀងនេះ។
ក្នុងសន្និសីទសារព័ត៌មានស្តីពី ការប្រឡងជ្រើសរើសស្នាដៃតែងនិពន្ធបទភ្លេង និងទំនុកច្រៀងនេះ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា លោក ចំរើន វ៉ាន់ថា ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានឲ្យដឹងថា ការប្រឡងនេះធ្វើឡើងក្នុងបំណងលើកស្ទួយវប្បធម៌ និងលើកកម្ពស់វិស័យតែងនិពន្ធបទចម្រៀងជាលខ្ខណៈខ្មែរ ដែលមិនចម្លងពីបរទេស។ ការប្រកួតប្រជែងនេះ ក៏ដើម្បីអបអរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២០ ផងដែរ។ លោក ចំរើន វ៉ាន់ថា បានបញ្ជាក់បន្ថែមដូច្នេះ៖ «វិស័យតែងនិពន្ធបទចម្រៀងនេះមានឥទ្ធិពលខ្លាំងណាស់ វាបានបង្កប់តួនាទីយ៉ាងជ្រៅក្នុងសង្គម វាបានឆ្លុះបញ្ចាំងពីតថភាពសង្គមដែរ។ ក្នុងបរិបទនេះអ្នកនិពន្ធមានតួនាទីសំខាន់ណាស់ ដើម្បីបញ្ជ្រាបពីគុណធម៌ សីលធម៌ និងការបណ្ដុះស្មារតីថែរក្សាវប្បធម៌ ប្រពៃណី ព្រៃព្រឹក្សារបស់ខ្មែរ»។
លោក ចំរើន វ៉ាន់ថា បទភ្លេង និងទំនុកច្រៀងរបស់បេក្ខជន ដែលទទួលបានចំណាត់ថ្នាក់ក្រសួង នឹងយកមកផលិតជា CD និង VCD ដោយរក្សាសិទ្ធិសីលធម៌ជូនបេក្ខជន ប៉ុន្តែសិទ្ធិបេតិកភណ្ឌជាសិទ្ធិផ្តាច់មុខរបស់ក្រសួងវប្បធម៌។ ស្នាដៃដែលទទួលជយលាភី នឹងត្រូវឡើងទទួលរង្វាន់នៅថ្ងៃទី៣មីនា ឆ្នាំ២០១៨ ដែលជាទិវាវប្បធម៌ជាតិ លើកទី២០ ក្រោមអធិបតីសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។
កម្មវិធីនេះចាប់ផ្ដើមទទួលពាក្យពីថ្ងៃទី១ធ្នូ ដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ ។ បេក្ខជនដែលមានបំណងចូលរួមប្រកួត ត្រូវបំពេញពាក្យសុំចូលរួមប្រកួតជាមុនសិន ដែលពាក្យសុំនេះអាចទាញយកបានពីតំណភ្ជាប់នេះ KhmerCultureMinistry រួចផ្ញើមកកាន់គណៈកម្មការរៀបចំការប្រកួត តាមរយៈអ៉ីម៉ែល [email protected] ឬផ្ញើទៅកាន់ប្រអប់សារហ្វេសប៊ុក របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ https://www.facebook.com/KhmerCultureMinistry/ ។ បន្ទាប់ពីពិនិត្យឃើញថា បេក្ខជនបានបំពេញបែបបទត្រឹមត្រូវហើយនោះ គណៈកម្មការរៀបចំការប្រកួត នឹងឆ្លើយតបទៅកាន់បេក្ខជនវិញ តាមអ៉ីម៉ែល ឬប្រអប់សារដែលបេក្ខជនផ្ញើមក។
បេក្ខជនដែលទទួលបានសិទ្ធិចូលរួមប្រកួត ត្រូវចូលរួមប្រជុំតាមការអញ្ជើញរបស់ក្រសួង ដើម្បីទទួលបានគោលការណ៍ណែនាលម្អិតពីលក្ខខណ្ឌ និងនីតិវិធីក្នុងការប្រកួត។ បើតាមគណៈកម្មការរៀបចំការប្រកួតបេក្ខជនអាចនិពន្ធជាលក្ខណៈបុគ្គល ឬជាក្រុម ដោយត្រូវនិពន្ធបទភ្លេង និងទំនុកច្រៀងចំនួន២បទ ដែលជាស្នាដៃនិពន្ធថ្មី និងមានលក្ខណៈជាតិ ហើយបេក្ខជនអាចជ្រើសរើសចង្វាក់ដោយសេរី លើកលែងតែចង្វាក់រ៉េប។
ចំពោះខ្លឹមសារនៃទំនុកច្រៀង ត្រូវបម្រើការអប់រំស្មារតីកូនខ្មែរឲ្យចេះស្រឡាញ់ ចេះអភិរក្សសម្បត្តិវប្បធម៌ ទឹកដី ព្រៃព្រឹក្សា ធម្មជាតិ និងភាពល្អប្រសើរនៃទំនៀមទម្លាប់ប្រពៃណីខ្មែរ ដែលបង្កប់នូវរូបបារម្មណ៍ល្អ មានភាពទាក់ទាញ មានពាក្យពេចន៍រំលេចរណ្តំចិត្ត និងខ្លឹមសារប្រកបដោយគុណធម៌ សច្ចភាព និងការអប់រំបម្រើសង្គម។
បេក្ខជនត្រូវថតទំនុកភ្លេង (អ័គកាដង់) និងទំនុកច្រៀង រួចផ្ញើមកកាន់គណៈកម្មការរៀបចំការប្រកួត តាមរយៈអាសយដ្ឋានអ៉ីម៉ែល [email protected] ឬផ្ញើទៅកាន់ប្រអប់សារហ្វេសប៊ុក របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ https://www.facebook.com/KhmerCultureMinistry/ ។
ក្នុងករណីបេក្ខជន ពុំមានលទ្ធភាពប្រើប្រាស់តាមប្រពន្ធបច្ចេកវិទ្យា សូមទំនាក់ទំនងជាមួយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ គ្រប់រាជធានី/ខេត្ត។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងលេខទូរស័ព្ទ៖ ០១៦ ២២២ ៩២០ និង ០១១ ៥៧៥ ៧៦៨ ៕