(ភ្នំពេញ)៖ កូនបង្កើតប្រុសស្រី៦នាក់ នៅថ្ងៃទី៣០ ខែវិច្ឆិកា នេះ សុំអន្តរាគមន៍ទៅស្ថាប័នពាក់ព័ន្ធជាច្រើន ដូចជាសង្កាត់ឃ្មួញ សាលាខណ្ឌសែនសុខ ភូមិបាលខណ្ឌសែនសុខ អគ្គនាយកដ្ឋានពន្ធដារ និង លោកប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ មេត្តាទប់ស្កាត់អំពើទុច្ចរិតរបស់បុរសឈ្មោះសៅ សាំង ដោយហាមមិនឱ្យមានការកាត់ឈ្មោះផ្ទេរកម្មសិទ្ធិតាមរយៈការលក់ ដូរ ធ្វើអំណោយ ប្រទានកម្ម ធ្វើមត៌ក ផ្ទេរកម្មសិទ្ធិ ឬជួល ដាក់បញ្ចាំ ដាក់ហ៊ីប៉ូតែក ដាក់ធានាបំណុល ឬធ្វើការសាងសង់សំណង់ ឬការ្យផ្សេងៗទៀតលើដីទាំងអស់ដែលជាកម្មសិទ្ធិរបស់លោកឪពុកឈ្មោះ សៅ វ៉េង និងអ្នកម្តាយ នៅ ផុន ( ស្លាប់ ) ។
កូនប្រុសស្រីទាំង៦នាក់ សុំឱ្យស្ថាប័នទាំងអស់ខាងលើនេះ កុំចុះហត្ថលេខាទទួលស្គាល់ លើលិខិតផ្ទេរសិទ្ធិនេះ ដែលកើតឡើងពីការបោកបញ្ឆោត ។ ប៉ុន្តែបុរសឈ្មោះ សៅ សាំង បដិសេធការចោទប្រកាន់នេះ ។
យោងតាមលិខិតដាក់ជូនលោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដី រាជធានីភ្នំពេញ បង្ហាញថា លោក សៅ វ៉ុន លោក សៅ ផល លោកស្រី សៅ សុខន លោកស្រី វ៉េង កូលាប លោកស្រី សៅ បូណា និង លោកស្រី សៅ ផាន ជាកូនបង្កើតរបស់លោក សៅ វ៉េង និងអ្នកម្តាយឈ្មោះ នៅ ផុន ស្នើសុំទប់ស្កាត់ការកាត់ឈ្មោះផ្ទេរកម្មសិទ្ធិ ៖
ទី១៖ អចលនវត្ថុដែលមានក្បាលដីលេខ ១១២ មានទីតាំងស្ថិតនៅភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌឬស្សីកែវ ( បច្ចុប្បន្នខណ្ឌសែនសុខ ) រាជធានីភ្នំពេញ ។
ទី២៖ អចលនវត្ថុដែលមានទំហំ ១,៣២៧ m2 ( មួយពាន់ បីរយ ម្ភៃប្រាំពីរ ម៉ែត្រការ៉េ ) មានទីតាំងស្ថិតនៅភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌឬស្សីកែវ ( បច្ចុប្បន្នខណ្ឌសែនសុខ ) រាជធានីភ្នំពេញ មានវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ ១២០៧០១០២-០៩៦១ ចុះថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០០៦ ។
ទី៣៖ អចលនវត្ថុដែលមានក្បាលដីលេខ ១៤៣៧ និងក្បាលដីលេខ ១៤៣៨ មានទីតាំងស្ថិតនៅភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ទី៤៖ អចលនវត្ថុដែលមានទំហំ ៤,៧០១ m2 ( បួនពាន់ ប្រាំពីររយមួយ ម៉ែត្រការ៉េ ) មានទីតាំងស្ថិតនៅភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌឬស្សីកែវ ( បច្ចុប្បន្នខណ្ឌសែនសុខ ) រាជធានីភ្នំពេញ មានវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ ១២០៧០១០១-០០៨៥ ចុះថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០០៦ ពីលោកឪពុកឈ្មោះ សៅ វ៉េង និងអ្នកម្តាយ នៅ ផុន ( ស្លាប់ ) ទៅឱ្យឈ្មោះ សៅ សាំង ឬ តតិយជនណាមួយនោះទេ ។
កូនប្រុសស្រីទាំង៦នាក់ រៀបរាប់ប្រាប់ភ្នាក់ងារអង្គភាពព័ត៌មាន Fresh News ថា ម្តាយរបស់យើងខ្ញុំឈ្មោះ នៅ ផុន ទើបតែបានទទួលមរណភាពថ្មីៗនេះកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ។ ដោយឡែកលោកឪពុករបស់យើងខ្ញុំឈ្មោះ សៅ វ៉េង គាត់កំពុងតែស្ថិតនៅក្រោមការគ្រប់គ្រង និងស្នាក់នៅជាមួយកូនប្រុសម្នាក់ទៀត គឺលោក សៅ សាំង មានអាស័យដ្ឋានស្ថិតនៅផ្ទះលេខ ១២៦ អា ផ្លូវលំ ក្រុម៣ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
សព្វថ្ងៃនេះលោកឪពុករបស់យើងខ្ញុំគាត់កំពុងតែមានវ័យចាស់ជរាខ្លាំង មានការវង្វេងខ្លាំង ទ្រុឌទ្រោម មិនអាចយល់ដឹងខុសត្រូវអ្វីនោះទេ គឺគាត់មានស្មារតី ទន់ខ្សោយបំផុត ដែលពុំអាចធ្វើការបង្ហាញឆន្ទៈណាមួយតាមផ្លូវច្បាប់បាននោះទេ។
ដោយសារដីដែលជាកម្មសិទ្ធិរបស់លោកឪពុក និងអ្នកម្តាយយើងខ្ញុំខាងលើនេះគឺពុំទាន់ត្រូវបានបែងចែកឲ្យកូនណាមួយនោះទេ ហេតុនេះដីទាំងនេះនឹងត្រូវក្លាយជាកម្មវត្ថុនៃមត៌ក និងទ្រព្យដែលពួកយើងខ្ញុំជាកូនបង្កើតស្របច្បាប់ត្រូវទទួលបានចំណែក រៀងៗខ្លួនទៅតាមផ្លូវច្បាប់។ ដោយសារថាពេលនេះលោកឪពុកយើងខ្ញុំកំពុង ស្ថិតនៅក្រោមការគ្រប់គ្រងផ្តាច់មុខរបស់ឈ្មោះ សៅ សាំង ហើយឈ្មោះនេះបានប្រើអំណាចរបស់ខ្លួនដែលជាមន្រ្តី ប៉ូលីសធ្វើការគម្រាមកំហែង និងរារាំងបងប្អូន ទាំងអស់មិនឲ្យចូលទៅមើលថែឪពុក និងសួរនាំអ្វីនោះទេ ហើយឈ្មោះនេះបាន និងកំពុងប្រមូលយកមកកាន់កាប់ទាំងអស់ នូវរាល់ប្លង់កម្មសិទ្ធិច្បាប់ដើមលើ ដីខាងលើនេះ ដោយមិនឲ្យបងប្អូនទាំងអស់មានសិទ្ធិគ្រប់គ្រងនោះទេ ហើយឈ្មោះនេះកំពុងតែមានគំនិតលោភលន់ ចង់បានទ្រព្យរបស់ឪពុកម្តាយយើងខ្ញុំតែម្នាក់ឯង។
កូនប្រុសស្រីទាំង៦នាក់ បានឲ្យដឹងថា ឈ្មោះ សៅ សាំង បានបង្ខំ និងបោកប្រាស់ឪពុករបស់យើងខ្ញុំដែលជាមនុស្សចាស់ជរា ទ្រុឌទ្រោម វង្វេងវង្វាន់ និងមិនមានការយល់ដឹងអ្វីសោះឲ្យទៅផ្តិតមេដៃលើបែបបទនៃការផ្ទេរកម្មសិទ្ធិដីខាងលើនេះ។ អំពើរបស់ឈ្មោះ សៅ សាំង ខាងលើនេះគឺជាអំពើសាហាវ និងគ្មានគុណធម៌ទាល់តែសោះ ដែលយើងខ្ញុំជាកូនបង្កើតរបស់លោកឪពុក សៅ វ៉េង មិនអាចទទួលយក និងអត់អោនឱ្យបាននោះទេ ។ ពួកគេស្នើឱ្យស្ថាប័នពាក់ព័ន្ធទាំងអស់ជួយមេត្តាទប់ស្កាត់អំពើទុច្ចរិតរបស់ឈ្មោះ សៅ សាំង ផង ។
ពាក់ព័ន្ធការចោទប្រកាន់នេះ លោក សៅ សាំង ថ្លែងប្រាប់ភ្នាក់ងារអង្គភាពព័ត៌មាន Fresh News ថា លោកពុំបានបង្ខំឱ្យឪពុកផ្តិតមេដៃផ្ទេរកម្មសិទ្ធិដីធ្លីទេ គឺ លោកឪពុកព្រមផ្ទេរដោយស្ម័គ្រចិត្ត៕