(សៀមរាប)៖ លោកឧបនាយករដ្ឋមន្ដ្រីប្រចាំការ ប៊ិន ឈិន រដ្ឋមន្ដ្រីស្ដីទីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី បានថ្លែងអះអាងថា ត្រឹមដំណាច់ឆ្នាំ២០១៧នេះ ប្រទេសកម្ពុជានឹងមានអ្នកជាវសេវាទូរស័ព្ទចល័ត កើនដល់ប្រមាណ ១៩លាននាក់ ខណៈចំនួនអ្នកប្រើប្រាស់ អ៊ីធើណែតវិញនឹងកើនឡើងដល់៨.៥លាននាក់។
ការថ្លែងអះអាងយ៉ាងដូច្នោះ បានធ្វើឡើងក្នុងឱកាសដែល ឧបនាយករដ្ឋមន្ដ្រី ប៊ិន ឈិន អញ្ជើញបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ដ្រីទូរគមនាគមន៍ និងព័ត៌មានវិទ្យាអាស៊ានលើកទី១៧ និងកិច្ចប្រជុំពាក់ព័ន្ធជាច្រើនទៀត នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ដែលបានរៀបចំធ្វើឡើងនៅ ក្នុងខេត្តសៀមរាប។
ឧបនាយករដ្ឋមន្ដ្រី បានបញ្ជាក់យ៉ាងដូច្នេះថា «នៅកម្ពុជាចំនួនអ្នកជាវសេវាទូរស័ព្ទចល័ត នឹងកើតដល់ចំនួនប្រមាណ ១៩លាននាក់ ត្រឹមដំណាច់ឆ្នាំ២០១៧ ដែលគ្របដណ្ដប់នៅទីប្រជុំជនចំនួន១០០%។ អត្រានៃការជាវសេវាទូរស័ព្ទចល័ត មានចំនួនប្រមាណ១២៥% នៃចំនួនប្រជាជនសរុប។ ចំនួននៃការជាវសេវាអ៊ិនធឺណិត នឹងកើតដល់ចំនួន៨.៥លាននាក់ ត្រឹមចុងឆ្នាំ២០១៧ ស្មើនឹងអត្រាប្រើប្រាស់ប្រមាណ៦០%»។
ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន បានបន្ថែមទៀតថា «ប្រជាជនដែលមិនទាន់ត្រូវបានតភ្ជាប់ (Internet) ភាគច្រើន រស់នៅតាមតំបន់ជនបទដាច់ស្រយាល។ ដើម្បីធ្វើការតភ្ជាប់ ជូនពួកគេ យើងទាំងអស់គ្នានៅទីនេះ ត្រូវខិតខំប្រឹងប្រែងទាំងអស់គ្នា។ ហេតុដូច្នេះការបង្កើនបរិស្ថាន ប្រកបដោយភាពទាក់ទាញ សម្រាប់ការវិនិយោគបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នឹងក្លាយជាអាទិភាពចម្បងមួយ នៃបណ្ដាវិស័យអាទិភាពជាចម្បងនានារបស់យើង»។
លោកឧបនាយករដ្ឋមន្ដ្រីប្រចាំការ ប៊ិន ឈិន បានបញ្ជាក់ផងដែរថា នៅកម្ពុជាបច្ចេកវិទ្យាកម្រិតខ្ពស់ 4.5 G/LTE advanced ត្រូវបានប្រកាសដាក់ឲ្យដំណើរការនាពេលថ្មីៗនេះ ដែលអនុញ្ញាតឲ្យយុវជនយើងរីករាយ ជាមួយការប្រើប្រាស់សេវាអ៊ិនធឺណិតល្បឿនលឿន និងតម្លៃទាបបំផុតនៅក្នុងតំបន់។
ទោះបីជាយ៉ាងនេះក៏ដោយ បើតាមលោក ប៊ិន ឈិន គឺត្រូវខិតខំពង្រឹងការប្រកួតប្រជែង ផ្នែកសេវាអ៉ីនធឺណិត និងសេវាទូរស័ព្ទចល័តនៅកម្ពុជា ជាពិសេសពាក់ព័ន្ធនឹងគុណភាពនៃសេវា ដោយប្រៀបធៀបជាមួយបណ្ដាប្រទេសជិតខាង ក្នុងតំបន់តែម្ដង៕