(ភ្នំពេញ)៖ លោក តុល ផាន់មឿង ប្រធានក្រុមប្រឹក្សាក្រុមប្រឹក្សាភិបាល នៃក្រុមប្រឹក្សាសហជីពជាតិកម្ពុជា CCNU តំណាងឲ្យកម្មករនិយោជិតជាង៧០ម៉ឺននាក់ នៅក្នុងវិស័យវាយនភ័ណ្ឌកាត់ដេរ ផលិតស្បែកជើងនៅទូទាំងប្រទេសកម្ពុជា ចេញសេចក្តីថ្លែងការណ៍ជំរាបជូនដល់អង្គការជាតិ និងអន្តរជាតិ ជាពិសេសសហគមអ៊ឺរ៉ុប និងអាមេរិក ដែលជាអ្នកបញ្ជាទិញផលិតផលវាយនភ័ណ្ឌនានាពីកម្ពុជា អំពីស្ថានភាពនយោបាយនៅកម្ពុជានាពេលបច្ចុប្បន្ននេះ។
តាមរយៈសេចក្ដីដែលអង្គភាព Fresh News ទទួលបាននៅល្ងាចថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា បញ្ជាក់ថា ស្ថានភាពនយោបាយនៅកម្ពុជា ពុំមែនជារឿងនយោបាយទេ វាគឺជាការអនុវត្តច្បាប់របស់ស្ថាប័នតុលាការសុទ្ធសាតទៅលើបុគ្គល ឬគណបក្សនយោបាយណា ដែលបានប្រព្រឹត្តល្មើសច្បាប់ ហើយវាជារឿងដាច់ដោយឡែកមួយ ពីបញ្ហាសេដ្ឋកិច្ច និងលក្ខខណ្ឌការងារនៅក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងកាបូប។
សមាជិកក្រុមប្រឹក្សាសហជីពជាតិកម្ពុជា (CCNU) សង្ឃឹមថាអង្គការជាតិ និងអន្តរជាតិ ជាពិសេសសហគមអ៊ឺរ៉ុប និងអាមេរិក អ្នកបញ្ជាទិញនានា មិនបង្អាក់ទឹកចិត្ត ដោយយកកត្តានយោបាយ មកភ្ជាប់នឹងសិទ្ធិសេរីភាព និងផលប្រយោជន៍របស់កម្មករ និយោជិតឡើយ ហើយកុំយកផលប្រយោជន៍កម្មករនិយោជិត ធ្វើជាចំណាប់ខ្មាំង នៃកត្តានយោបាយមួយជ្រុងណានោះឡើយ ។
ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា CCNU ជួសមុខឲ្យកម្មករនិយោជិត សូមអំពាវនាវដល់ដៃគូទាំងអស់ សូមបន្តអនុគ្រោះពន្ធ និងបន្ថែមការបញ្ជាទិញនូវផលិតផល វាយនភ័ណ្ឌកាត់ដេរ ស្បែកជើង កាបូបពីកម្ពុជា តាមការសន្យាកន្លងមកដើម្បីបន្តបេសសកម្មលើកស្ទួយ និងការពារសិទ្ធ ផលប្រយោជន៍កម្មករ និងផលប្រយោជន៍នៃការផ្តល់សិទ្ធិសេរីភាព សហជីព ដល់កម្មករនិយោជិតដូចកម្ពុជា៕