Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បំរាម! អាជ្ញាធរប្រាប់ឲ្យម្ចាស់ក្លឹបកំសាន្ដនៅទូទាំងខណ្ឌឬស្សីកែវ មិនឲ្យបើកពេលថ្ងៃ និងក្រើនរំឭកមន្ត្រីកងកម្លាំងសមត្ថកិច្ច បន្តបង្ក្រាបហ្គេមបាញ់ត្រី ល្បែងស៊ីសង និងគ្រឿងញៀន

30-11-2017 17:26

(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានប្រកាសប្រាប់ទៅម្ចាស់ក្លឹបកំសាន្តនៅទូទាំងខណ្ឌ កុំឲ្យបើកពេលថ្ងៃ និងបានក្រើនរំឭកដល់កងកម្លាំងសមត្ថកិច្ច អាវុធហត្ថ និងប្រជាការពារទូទាំងខណ្ឌ ដាច់ខាតត្រូវរួមគ្នាសហការណ៍រឹតបណ្តឹងបន្ថែមទៀត ឲ្យកាន់តែក្លាំងក្លាលើការបង្ការបង្ក្រាបល្បែងស៊ីសង គ្រប់ប្រភេទដូចជា៖ ហ្គេមបាញ់ត្រី ជាដើមពិសេសបញ្ហាគ្រឿងញៀន ដើម្បីរក្សាសន្តិសុខ ជូនប្រជាពលរដ្ឋក្នុងការអនុវត្តន៍គោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

លោក ជា ពិសី បានថ្លែងបែបនេះ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ក្នុងឱកាសលោកជួបពិភាក្សាការងារជាមួយវិស័យឯកជននៅសាលប្រជុំ សាលាខណ្ឌឫស្សីកែវ ដើម្បីអនុវត្តន៍ផែនការ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់លើកទី២ ដោយមានចូលរួមពីសំណាក់លោកស្រី ឈឹម សិទ្ធប៊ុនរិទ្ធ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន, លោក ដួង ស៊ុនណារ៉ា ប្រធាននាយដ្ឋានស្រាវជ្រាវត្រួតពិនិត្យ, លោក ហេង ចាន់ណារ៉ា អនុប្រធាននាយកដ្ឋានអនុវត្តច្បាប់, លោក ជុន ហុងពាន អនុប្រធានមន្ទីរពិសោធន៍គ្រឿងញៀន និងអធិការរងនគរបាល ខណ្ឌ មេបញ្ជាការរង មន្ត្រីពាក់ព័ន្ធជាច្រើនរូប ព្រមទាំងលោក លោកស្រីជាមួយធុរជន ក្នុងវិស័យឯកជនពាណិជ្ជករ និងប្រជាពលរដ្ឋប្រមាណ ១៨០នាក់។

លោក ជា ពិសី បានបន្តថា «ជាពិសេសចំពោះក្លឹបកំសាន្ដនានា ដែលកំពុងដំណើរការអាជីវកម្មរបស់ខ្លួន នៅពេលរាត្រីហាមដាច់ខាតមិនឲ្យមានបើក នៅពេលថ្ងៃជាដាច់ខាតព្រោះអាចធ្វើឲ្យសិស្សសាលា ដែលទៅសិក្សារៀនសូត្របែរជាបែកគំនិតនាំគ្នាចូលក្លឹបកំសាន្ដសប្បាយសេពគ្រឿងញៀន និងប្រប្រត្តនូវអំពើអាណាចារណ៍ផ្សេងៗដូចជាលួចគាស់ផ្ទះ ឆក់ប្លន់ ដែលបង្កអសន្តិសុខដល់ សង្គមជាតិជាក់ជាមិនខាន»។

លោក ជា ពិសី បានបញ្ជាក់ថា បើក្នុងករណីម្ចាស់ក្លឹបកំសាន្ដនីមួយៗ នៅតែមានលួចបើកដំណើរនៅពេលថ្ងៃ ដោយមិនស្ដាប់តាមការណែនាំរបស់ អាជ្ញាធរ មានសមត្ថកិច្ចនោះទេប្រាកដជាប្រឈម និងវិធានការរដ្ឋបាលតាមផ្លូវច្បាប់មិនខាន៕