(ភ្នំពេញ)៖ លោកស្រី អ៊ុក ដារ៉ា បានស្នើឲ្យតុលាការបន្ដចាត់វិធានការចំពោះស្ដ្រីឈ្មោះ ហំ សម្ផស្ស បន្ទាប់ពីស្ដ្រីរូបនេះនៅតែបន្ដជេរប្រមាថ លើរូបគាត់ដដែលជាដដែល បើទោះបីកាលពីប៉ុន្មានថ្ងៃមុនស្ដ្រី ចាំ សម្ផស្ស បានទទួលស្គាល់កំហុសរបស់ខ្លួន នៅមុខតុលាការក៏ដោយនោះ។ នេះសបញ្ជាក់ឲ្យឃើញថា ស្រ្តីម្នាក់រស់នៅក្នុងប្រទេសមានច្បាប់ ប៉ុន្តែបែរជាអង្គុយលើច្បាប់ទៅវិញ ពោលបានសារភាព ទោសកំហុសរបស់ខ្លួននៅមុខតុលាការរួចហើយ លុះដើរចេញពីតុលាការនៅបន្តជេរប្រមាថដដែល។
សូមបញ្ជាក់ថា ជម្លោះរឿងសាងសង់ផ្ទះរវាងលោកស្រី អ៊ុក ដារ៉ា និងគ្រួសារឈ្មោះ ចាំ សម្ផស្ស ដែលស្ថិតនៅតាមផ្លូវលេខ៥៥៨ ក្រុម៣៧ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក កើតឡើងតាំងពីអំឡុងខែមីនា ឆ្នាំ២០១៧មកនោះ បានបន្ដអូសមន្លាយរហូតមកដល់ពេលនេះ ដែលលោកស្រី អ៊ុក ដារ៉ា បានចោទទៅភាគីគ្រួសារ ហំ សម្ផស្ស ពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងជេរប្រមាថ។
ជម្លោះខាងលើនេះ នាំឲ្យលោកស្រី អ៊ុក ដារ៉ា បានដាក់ពាក្យបណ្ដឹងជាបន្ដបន្ទាប់ តាំងពីអាជ្ញាធរមូលដ្ឋាន រហូតដល់តុលាការ ហើយព្រះរាជអាជ្ញាក៏បានចេញដីកាកោះហៅ ខាងគ្រួសារ ហំ សម្ផស្ស ចូលទៅបំភ្លឺជាបន្ដបន្ទាប់ពាក់ព័ន្ធការជេរប្រមាថ តាមបណ្ដាញសង្គម Facebook និងការធ្វើឲ្យខូចខាតទ្រព្យសម្បត្តិ ដោយចេតនាទៀតផង។
នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ លោកស្រី អ៊ុក ដារ៉ា បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា បុគ្គល ហំ សម្ផស្ស នៅតែបន្ដជេរប្រមាថលោកស្រី បើទោះបីបុគ្គលរូបនេះ ធ្លាប់បានទទួលស្គាល់ពីកំហុសរបស់ខ្លួននៅចំពោះមុខតុលាការ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ពេលដែលចូលទៅបំភ្លឺនោះ។ ករណីនេះ តុលាការនឹងប្រកាសសាលក្រមនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ខាងមុខ។
លោកស្រី អ៊ុក ដារ៉ា បានបន្ដថា «ទោះបីគាត់ទទួលស្គាល់កំហុសរបស់ខ្លួន នៅមុខតុលាការក៏ដោយតែមួយថ្ងៃក្រោយ គឺនៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា គាត់នៅបន្ដជេរប្រមាថមកលើខ្ញុំដដែល ដូច្នេះខ្ញុំសូមឲ្យតុលាការចាត់វិធានការ និងបញ្ឈប់ឲ្យបុគ្គលនេះជេរខ្ញុំតទៅទៀត ហើយសុំទារសំណងជំងឺចិត្ត ២ម៉ឺនដុល្លារ»។
បើតាមលោកស្រី អ៊ុក ដារ៉ា គ្រួសារ ហំ សម្ផស្ស គឺអាងពូដែលជាមន្ដ្រីនគរបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ ចាំជួយជានិច្ច ហេតុដូច្នេះហើយទើបពួកគេ នៅតែបន្ដទង្វើបែបនេះមកលើលោកស្រីដដែល។
សម្រាប់ករណីនេះ លោកស្រី អ៊ុក ដារ៉ា បានប្តឹងស្រ្តីឈ្មោះ ហំ សម្ផស្ស និងក្រុមគ្រួសារទៅកាន់តុលាការ ក្នុងបទល្មើសជេរប្រមាថដែលលោកចៅក្រម អ៊ី ឋាវរៈ ជាអ្នកកាន់សំណុំរឿង និងបទល្មើសបំផ្លាញទ្រព្យសម្បត្តិដែលមានលោកចៅក្រម ពេជ វិជ្ជាធរ ជាអ្នកកាន់សំណុំរឿង ហើយបន្ទាប់ពីបានដាក់ពាក្យប្តឹងចូលតុលាការរួចមក ស្រ្តីរូបនេះ និងក្រុមគ្រួសាររបស់ពួកគេ ក៏ត្រូវបានតុលាការកោះហៅទៅបំភ្លឺជាបន្តបន្ទាប់ផងដែរ។
សូមបញ្ជាក់ថា កាលពីចុងខែមីនា ឆ្នាំ២០១៧ Account Facebook ឈ្មោះ Samphors zuzu បានបង្ហោះវីដេអូចោទប្រកាន់ជេរប្រមាថទៅលើលោកស្រី អ៊ុក ដារ៉ា ពាក់ព័ន្ធការជួសជុលផ្ទះដោយចោទថា លោកស្រី បានប្រើប្រាស់អំណាច និងធ្វើបាបប្រជាជន ប៉ុន្ដែលោកស្រីបានបដិសេធចោលទាំងស្រុង និងចាត់ទុកថា គឺជាមួលបង្កាច់ខុសពីការពិត ខណៈដែលលោកស្រីមានច្បាប់មានទម្លាប់ និងការទទួលស្គាល់ពីអាជ្ញាធរ ព្រមទាំងមន្ដ្រីជំនាញត្រឹមត្រូវលើការជួសជុលផ្ទះរបស់ខ្លួន និងពុំបានរំលោភបំពានទៅលើផ្ទះរបស់ពួកគេនោះឡើយ៕