(សៀមរាប)៖ ប្រព័ន្ធស្វ័យប្រវត្តកម្មចុះបញ្ជី និងត្រួតពិនិត្យបច្ចេកទេសយានយន្ត ព្រមទាំងកម្មវិធីប្រលងទ្រឹស្តីបើកបរលើទូរស័ព្ទស្មាតហ្វូន របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវបានយកទៅដាក់តាំងបង្ហាញនៅក្នុងកិច្ចប្រជុំទូគមនាគមន៍ និងព័ត៌មានវិទ្យាអាស៊ាន ដែលបានប្រារព្ធធ្វើឡើងនៅក្នុងខេត្តសៀមរាបនាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។
ប្រព័ន្ធស្វ័យប្រវត្តកម្មចុះបញ្ជីយានជំនិះ ត្រួតពិនិតលក្ខណៈបច្ចេកទេសយានជំនិះ និងកម្មវិធីទ្រឹស្តីនៃការបើកបរ ទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីបណ្តាមន្ត្រីមកពីប្រទេសនានា ដែលបានចូលរួមកិច្ចប្រជុំនាព្រឹកមិញនេះ។
សូមរំលឹកថា ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមកំណែទម្រង់លើការផ្តល់សេវារបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុលនោះ កាលពីខែមករា ឆ្នាំ២០១៧ បានដាក់ឲ្យដំណើរការប្រព័ន្ធស្វ័យប្រវត្តិកម្ម (Online) ចំនួន៣ ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។ សេវាកម្មតាមប្រព័ន្ធស្វ័យប្រវត្តិកម្មទាំង៣នោះរួមមាន៖ សេវាចុះបញ្ជីយានយន្ត (vehicle.mpwt.gov.kh), សេវាត្រួតពិនិត្យបច្ចេកទេសយានយន្ត (techinspection.mpwt.gov.kh) និងសេវាផ្តល់បណ្ណបើកបរយានយន្ត (driverlicense.mpwt.gov.kh)។
ប្រព័ន្ធស្វ័យប្រវត្តកម្មថ្មីនេះ បានជួយសម្រួល និងផ្តល់ភាពងាយស្រួលកាន់តែច្រើនជូនប្រជាពលរដ្ឋក្នុងការទៅរកសេវាចុះបញ្ជីយានយន្ត ត្រួតពិនិត្យបច្ចេកទេសយានយន្ត និងធ្វើបណ្ណបើកបរ។ ក្រសួងសាធារណការ ក៏បានសហការជាមួយកន្លែងលក់យានយន្ត ដាក់ឲ្យប្រើប្រាស់សេវាចុះបញ្ជីយានយន្តតាមប្រព័ន្ធស្វ័យប្រវត្តកម្មនេះផងដែរ ពោលកន្លែងលក់យានយន្តអាចចុះបញ្ជីយានយន្ត និងចេញស្លាកលេខយានយន្តជូនអតិថិជនរបស់ខ្លួនបានផងដែរ។
ក្រសួងសាធារណការ បានឲ្យដឹងទៀតថា គិតចាប់ពីខែសីហា ឆ្នាំ២០១៦ រហូតមកដល់ខែកញ្ញា ឆ្នាំ២០១៧ មានរថយន្ដមកចុះបញ្ជីយានយន្ដតាមប្រព័ន្ធស្វ័យប្រវិត្តកម្មរួមមាន៖ រថយន្ដធុនស្រាលចំនួន ៦៤,០៤១ គ្រឿង, រថយន្ដធុនធ្ងន់ចំនួន ១០,២៩៩ គ្រឿង និងទោចក្រយានយន្ដចំនួន ៤១២,០៩៩ គ្រឿង៕