(កំពង់ធំ)៖ លោកបណ្ឌិត ងួន ញ៉ិល អនុប្រធានទី២ រដ្ឋសភា បានលើកឡើងថា ប្រទេសមួយដែលមានការអភិវឌ្ឍន៍រីកចម្រើន លុះត្រាតែប្រទេសនោះមានសុខសន្តិភាព ហើយបន្ទាប់មកទៀត នឹងមានសិទ្ធិសេរីភាព សិទ្ធិបញ្ចេញមតិ និងប្រជាធិបតេយ្យ ប៉ុន្តែបើប្រទេសមិនមានសុខសន្តិភាព ប្រជាពលរដ្ឋមិនមានកត្តាទាំងនោះទេ ដូច្នេះសុខសន្តិភាពជាកត្តាចំបង ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ។
ជាមួយគ្នានេះ លោកបណ្ឌិត ងួន ញ៉ិល បានអំពាវនាវដល់ប្រជាពលរដ្ឋ កុំជឿតាមការឃោសនារបស់ក្រុមបំពុលសង្គមមួយក្តាប់តូច ចាំតែបំផ្លាញសន្តិភាព ដែលរកបានយ៉ាងលំបាកបំផុត។
លោកបណ្ឌិត ងួន ញ៉ិល បានថ្លែងបែបនេះ ក្នុងឱកាសលោកអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាកសាងព្រះវិហារថ្មី នៅវត្តឥន្ទ្រីយ៍សំវរៈ (ហៅវត្តកំពង់ធំ) ស្ថិតក្នុងសង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដោយមានការចូលរួមពីសំណាក់លោក ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត លោក សុខ លូ អភិបាលខេត្តកំពង់ធំ និងថ្នាក់ដឹកនាំខេត្ត នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។
លោកបណ្ឌិត ងួន ញិល បានថ្លែងថា «សូមឲ្យប្រជាពលរដ្ឋរបស់យើងទាំងអស់ ចូលរួមថែរក្សាសន្តិភាព ដែលមាននៅក្នុងប្រទេសកម្ពុជា យើងឲ្យនៅស្ថិតស្ថេរគង់វង់ យូរអង្វែងតទៅទៀត សម្រាប់អគនាគត កូនចៅយើងទំាងអស់គ្នា។ កុំជឿតាមការឃោសនារបស់ក្រុមបំពុលសង្គមមួយក្តាប់តូច ចាំតែបំផ្លាញសន្តិភាពដែលរកយ៉ាងលំបាករបស់រាជរដ្ឋាភិបាលកម្ពុជា»។
លោក សុខ លូ បានឲ្យដឹងថា វត្តកំពង់ធំ ត្រូវបានកសាងឡើងក្នុងព.ស ២១៧៧ ត្រូវនឹង គ.ស១៦៣៣ ដោយលោកឧកញ៉ាតេជោបូរារាជ មាស និងលោកជំទាវ ស្រែន និងលើកឡើងពីប្រវត្តិ នៃការកសាងសមិទ្ធិផលផ្សេងៗ ដែលបានលេចចេញជារូបរាងជាបន្តបន្ទាប់។ លោកបានបញ្ជាក់ពីមូលហេតុនៃការរុះរើព្រះវិហារចាស់ មានសភាពទ្រុឌទ្រោមខ្លាំង ជាពិសេសដំបូលព្រះវិហារលិចគ្រប់កន្លែង តាំងពីឆ្នាំ២០០៩មកម្លេះ។ ចំពោះការសាងសង់ព្រះវិហារថ្មីនេះ មានបណ្តោយប្រវែង៣៩,៣៦ម៉ែត្រ និងកម្ពស់៤១ម៉ែត្រ ដែលមានការចូលរួមចាប់មគ្គផល ពីសម្បុរសជនគ្រប់ទីកន្លែងផងដែរ។
លោកបណ្ឌិតអនុប្រធានរដ្ឋសភា ប្រគេនបច្ច័យជូនវត្តកំពង់ធំ ចំនួន២០លានរៀល, សាលាក្រុងស្ទឹងសែន១លានរៀល, សាលាសង្កាត់ព្រៃតាហ៊ូ ១លានរៀល, តាជី យាយជី១០០នាក់ ក្នុងមួយនាក់ ទទួលបានក្រណាត់ស១ដុំ ថវិកា១ម៉ឺនរៀល។ ឧបត្ថម្ភប្រជាពលរដ្ឋ១០០០នាក់ ក្នុងមួយនាក់ទទួលបានសារ៉ុង១ ជូនលោកគ្រូ អ្នកគ្រូ ក្នុងសង្កាត់ព្រៃតាហ៊ូ៥៦នាក់ ក្នុងមួយនាក់ទទួលបាន២ម៉ឺនរៀល ឧបត្ថម្ភយុវជនស្ម័គ្រចិត្រ កាកបាទក្រហម និងយុវជនកាយរិទ្ធ៥០នាក់ ក្នុងមួយនាក់ទទួលបាន១ម៉ឺនរៀល និងឧបត្ថម្ភសិស្សានុសិស្ស ចំនួន៥១៣នាក់ ក្នុងមួយនាក់ទទួលបាន សៀវភៅ១ក្បាល ប៊ិច១ដើម និងថវិកា៥ពាន់រៀល៕