(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ជ្រើសរើសយកឃុំជនបទចំនួន៤៧ ក្នុងខេត្តសៀមរាប និងសហគមន៍ក្រីក្រ ក្នុងសង្កាត់ចំនួន១៣ នៃរាជធានីភ្នំពេញ ដើម្បីដាក់អនុវត្តគម្រោងលើកកម្ពស់ជីវភាព ប្រជាជនក្រីក្រ (លាភ) ដែលមានទឹកប្រាក់២២លានដុល្លារ ក្នុងនោះទឹកប្រាក់ ២០លានដុល្លារ ជាថវិកាសម្បទានសេដ្ឋកិច្ច របស់ធនាគារពិភពលោក និង២លានដុល្លារជាថវិកាបដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជា។
ថ្លែងក្នុងឱកាសប្រកាសចាប់ផ្តើមដំណើរការ គម្រោងលើកកម្ពស់ជីវភាពប្រជាជនក្រីក្រ (លាភ) នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងចាត់ទុកថា ការដាក់ឲ្យដំណើរការគម្រោងដែលមានរយៈពេល៥ឆ្នាំនេះ នឹងជួយលើកស្ទួយដល់ជីវភាព កាត់បន្ថយភាពក្រីក្ររបស់ប្រជពលរដ្ឋកម្ពុជា។
សម្តេចក្រឡាហោម ស ខេង បានថ្លែងយ៉ាងដូច្នេះថា គម្រោងនេះ ពិតជាមានសារៈសំខាន់ ក្នុងការចូលរួមក្នុងការចូលរួម ក្នុងកំណែទម្រង់សំខាន់ៗ របស់រាជរដ្ឋាភិបាលជាអាទិ៍៖
១៖ អនុវត្តន៍យុទ្ធសាស្ត្រកាត់បន្ថយភាពក្រីក្រី ដែលគម្រោងនេះ បានកំណត់យកគោលដៅរបស់ខ្លួន នៅឃុំជនបទចំនួន៤៧ របស់ខេត្តសៀមរាប និងសហគមន៍ក្រីក្រ នៃសង្កាត់ចំនួន១៣ ក្នុងរាជធានីភ្នំពេញ ដើម្បីលើកកម្ពុជាជីវភាព តាមរយៈបង្កើត និងពង្រឹងស្ថាប័នទ្រទ្រង់ជួយខ្លួនឯង របស់សហគមន៍ក្រីក្រ និងជនងាយរងគ្រោះ ក្នុងខេត្តសៀមរាប និងរាជធានីភ្នំពេញ តាមរយៈការផ្តល់ប្រាក់ដល់សហគមន៍ គាំទ្រដល់ការបង្កើតក្រុមជួយខ្លួនឯង ក្រុមផលិត ឬសហគមន៍កសិករ ដើម្បីជួយបង្កលក្ខណៈក្រុមខ្លួន ឬបុគ្គលម្នាក់ៗមានឱកាសផលិត ផលិតផលរកប្រាក់ចំណូល ជួយពង្រឹកសមត្ថភាពសមាជិកក្រុមគ្រួសារ មានសមត្ថភាពទទួលឥណទាន ចេះរៀបចំផែនការសហគ្រិនភាព ចេះចាត់ចែងការងារគណនេយ្យ និងមានលទ្ធភាពទទួលបានការបណ្តុះបណ្តាល ជំនាញមុខរបរបច្ចេកទេស សេវាហិរញ្ញវត្ថុ និងទីផ្សារ។
២៖ លើកកម្ពស់កែលម្អ មុខរបរជំនាញ និងឱកាសការងារ ដោយបង្កើតនូវកម្មវិធីបំប៉នមុខជំនាញ និងផ្តល់ឱកាសរកប្រាក់ចំណូល ដល់ក្រុមជនក្រីក្រ ដោយយកចិត្តទុកដាក់ចំពោះយុវជន និងស្ត្រីអត់ការងារ និងគ្រួសារក្រីក្រក្នុងខេត្តសៀមរាប និងរាជធានីភ្នំពេញ។
៣៖ កែលម្អសេវា និងហេដ្ឋារចនាសម្ព័ន្ធ នៅមូលដ្ឋានសម្រាប់ក្រុមជនក្រីក្រនៅជនបទ តាមរយៈការកែលម្អសេវា និងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីឆ្លើយតប ទៅនឹងតម្រូវការជាអាទិភាព នៅក្នុងឃុំសង្កាត់ក្នុងខេត្តសៀមរាប និងរាជធានីភ្នំពេញ ដែលបានលើកនៅក្នុងផែនការ វិនិយោគឃុំសង្កាត់ មានជាអាទិ៍ សំណង់ទឹកស្អាត និងអនាម័យ ប្រព័ន្ធធារាសាស្ត្រ និងការកែលម្អប្រព័ន្ធស្រោចស្របកសិកម្ម ។
សម្តេចក្រឡាហោមបានថ្លែងទៀតថា តាមរយៈគម្រោងលើកកម្ពស់ជីវភាព ប្រជាជនក្រីក្រនេះ នឹងបង្កើតការយកចិត្តទុកដាក់ថ្មីទៀត របស់អាជ្ញាធរមូលដ្ឋាន ដែលត្រូវយកចិត្តទុកដាក់បន្ថែមទៀត លើការងារបង្កើត និងពង្រឹងស្ថាប័នស្វ័យគ្រប់គ្រង របស់ប្រជាពលរដ្ឋក្រីក្រ ផ្តល់ឲ្យស្ថាប័នទាំងនោះ នូវលទ្ធភាពទទួលសេវាឥណទាន និងហិរញ្ញវត្ថុ និងផ្សាភ្ជាប់ស្ថាប័នទាំងនេះ ទៅទីផ្សារ និងមុខរបរសំខាន់ៗ ក៏ដូចជាលើកកម្ពស់ការកែលម្អជំនាញ និងឱកាសការងារធ្វើដើម្បីបង្កើនចំណូល។ លើសពីនេះ គម្រោងនេះបានផ្តល់ភាពជាម្ចាស់ដល់ រដ្ឋាបាលថ្នាក់ក្រោមជាតិ ក្នុងការចាត់ចែងថវិកាការងារលទ្ធកម្ម មុខការសម្រេចធ្វើសកម្មភាពរបស់ខ្លួន៕