(ពោធិ៍សាត់)៖ លោក ប៉ែន វិបុល អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងជាតំណាងលោក ហ៊ឹម ឆែម រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានលើកឡើងថា សិស្សានុសិស្ស ត្រូវជៀសឲ្យឆ្ងាយពីថ្នាំញៀន, អំពើ អបាយមុខ និងត្រូវដឹងគុណមាតាបិតាជាចំបង។ លោកបន្តថា នេះជាកាតព្វកិច្ច ដែលកូនល្អ សិស្សល្អ និង ត្រូវតែធ្វើ និងបំពេញឲ្យបាន ដើម្បីខ្លួនឯង គ្រួសារ និងសង្គមជាតិ។
ការលើកឡើងរបស់ លោក ប៉ែន វិបុល បានធ្វើឡើងខណៈលោក បានដឹកនាំក្រុមការងារ បើកកម្មវិធី «ទស្សនាទាន ព្រះពុទ្ធសាសនា» នៃក្រសួងធម្មការនិងសាសនា នៅវិទ្យាល័យតាលោ ភូមិតាលោ ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់ នាថ្ងៃព្រហស្បតិ៍ ១២កើត ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ដោយមានសិស្សចូលរួម ចំនួនសរុប១១៥០នាក់។
បន្ថែមពីលើនេះ លោក ប៉ែន វិបុល បានផ្តោតសំខាន់លើការសិក្សា របស់សិស្សានុសិស្ស ជាពិសេស គឺជាកំណត់គោលដៅ ជីវិតខ្លួនឯងថា តើនៅពេលណាគួរសិក្សា និងពេលណាមានគ្រួសារ និងកសាងអនាគតភ្លឺស្វាង និងធ្វើយ៉ាងណាឲ្យក្លាយជា ពលរដ្ឋល្អ សិស្សល្អ កូនល្អ និងចេះរក្សាឲ្យបាននូវគុណតម្លៃនៃសន្តិភាព និងការអភិវឌ្ឍក្នុងសង្គមជាតិ។
លោក ប៉ែន វិបុល បានលើកឡើងបន្តថា ពិធីនេះរៀបចំឡើងក្នុងគោលបំណងដើម្បីអប់រំផ្សព្វផ្សាយ អំពីព្រះធម៌ និងលើកតម្លៃព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ នឹងបញ្រ្ជាបពុទ្ធឱវាទដល់សិស្សានុសិស្សដែលជាទំពាំងស្នងឬស្សី ឲ្យយល់ដឹងពីបុណ្យ បាប គុណ ទោស ពិសេសអប់រំផ្លូវកាយ វាចា ចិត្ត ពង្រឹង សីលធម៌ សុជីវធម៌ គុណធម៌ ចរិយាធម៌ និងប្រកាន់ភ្ជាប់នូវបញ្ចសីលឬសីលប្រាំ។
គួរបញ្ជាក់ថា កម្មវិធី ទស្សនាទានព្រះពុទ្ធសាសនា ដឹកនាំដោយ លោក ហ៊ឹម ឆែម ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា សហការជាមួយ អគ្គនាយកដ្ឋានវិទ្យុ ទូរទស្សន៍រដ្ឋ និងឯកជន និងរៀបចំដោយផ្ទាល់ ពីនាយកដ្ឋានស្រាវជ្រាវ ផ្សព្វផ្សាយព្រះពុទ្ធសាសនា ផ្សារភ្ជាប់សង្គម នៃក្រសួងធម្មការ និងសាសនា។
ការបង្កើតកម្មវិធីនេះ ក៏បានធ្វើឡើងឆ្លើយតបទៅ នឹងអនុសាសន៍របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចុះថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៥៕