(ទីក្រុងប៉េងកាំង)៖ ច្បាប់ស្តីពីសហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិលនៅកម្ពុជា ត្រូវបានលុបចោលនូវចំណុចរើសអើងជនពិការត្រង់ឃ្លា «បេក្ខជនត្រូវមានកាយសម្បទាគ្រប់គ្រាន់»។ នេះជាការថ្លែងការរបស់លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ថ្លែងនៅចំពោះមុខប្រតិភូប្រមាណជាង៣០០នាក់ មកពីតំបន់អាសុីនិងប៉ាសុីភិច។
លោករដ្ឋមន្ត្រី វង សូត បានថ្លែងបន្តទៀតថា ថ្មីៗនេះ កម្ពុជា បានដាក់ចេញនូវក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម គឺដើម្បីកំណត់ផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ក្នុងការធានាឱ្យមានសន្តិសុខប្រាក់ចំណូល និងកាត់បន្ថយ ភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរបស់ប្រជាជន សំដៅលើកកម្ពស់សុខុមាលភាព និងសាមគ្គីភាពសង្គម ព្រមទាំងកាត់បន្ថយភាពក្រីក្រជាអតិបរមា។
រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច លោក វង សូត ក៏បានគូសបញ្ជាក់ក្នុងកិច្ចប្រជុំអន្តររដ្ឋាភិបាលនេះផងដែលថា រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវលបានសម្របសម្រួលជាមួយបណ្តាលក្រុមហ៊ុនយន្តហោះជាច្រើន ដើម្បីលើកលែងការបង់ប្រាក់បន្ថែមថ្លៃលើកដាក់ជនពិការជិះរទះ នៅតាមព្រលានយន្តហោះទាំងអស់នៅកម្ពុជា។ ឯនៅតាមមន្ទីពេទ្យរបស់រដ្ឋ ក៏មានការផ្តល់សេវាថែទាំសុខភាពដល់ជនពិការដោយឥតបង់ប្រាក់។
គួរបញ្ជាក់ផងដែលថា កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៣ កន្លងមក នៅឯវិមានសន្តិភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ បានប្រកាសគាំទ្រលើការអនុវត្តទសវត្សជនពិការប្រចាំតំបន់ អាស៊ី-ប៉ាស៊ីហ្វិក ២០១៣-២០២២ យុទ្ធសាស្រ្តអ៊ីនឈាន់ «ធ្វើឲ្យសិទ្ធិក្លាយជាការពិត» ក្នុងគោលបំនងបង្ហាញអំពីឆន្ទៈរបស់កម្ពុជាក្នុងគាំទ្រជនពិការទាំងក្នុងប្រទេសនិងលើពិភពលោក៕