(ប៉េកាំង)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹក ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានអញ្ជើញ ទស្សនា ភូមិស៊ូយូហ្សូ ខណ្ឌ មិនឌូងូ ក្នុងទីក្រុងប៉េកាំង ប្រទេសចិន។
នៅពេលសម្តេចតេជោ អញ្ជើញទៅដល់ផ្ទះសហគម កាលពីព្រឹកមិញនេះ គឺទទួលស្វាគមន៍យ៉ាងកក់ក្តៅពីថ្នាក់ដឹកនាំរបស់ ប្រទេសចិន ហើយការអញ្ជើញទស្សនារបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី នាពេលនេះ គឺដើម្បីស្វែងយល់ អំពីស្មារតី ចំបង នៃមហាសន្និបាតបក្សកុម្មុនីស្តចិន លើកទី១៩ និងដើម្បីស្វែងយល់ ពីអតីតភូមិសហគមបុរាណ ដែលសព្វថ្ងៃនេះ បានក្លាយ មកជាតំបន់ទេសចរណ៍ ដ៏ទាក់ទាញបំផុតមួយ។
ភូមិស៊ូយូ ហ្ស៊ូ ជាភូមិបុរាណមួយ មានអាយុកាលពី៤០០ឆ្នាំ រហូតជាង១ពាន់ឆ្នាំ ពិសេសទាក់ទិនទៅប្រវត្ដិ ផ្លូវសូត្រ បុរាណ មួយខ្សែ ដែលតភ្ជាប់ពីភូមិស៊ូយូហ្ស៊ូ ទៅកាន់រដ្ឋធានីប៉េកាំង ដែលមានអាយុកាលជាង១ ពាន់ឆ្នាំមកនោះ។
ភូមិស៊ូយូហ្ស៊ូ មានប្រជាជនរស់នៅ ចំនួន៣១៦គ្រួសារ ស្មើនិងជាង៦០០នាក់ ក្រៅពីមុខរបរជាកម្មករធ្យូងថ្ម ប្រជាពលរដ្ឋ ក្នុងភូមិ នេះ ក្រោមការជួយជ្រោមជ្រែង ពីសំណាក់រដ្ឋាភិបាលចិន បានប្រែក្លាយជាតំបន់ទេសចរណ៍ ប្រកបដោយការ ទាក់ទាញមួយដែលអាចស្រូបយកភ្ញៀវទេស ចរណ៍ប្រមាណពី៧០ម៉ឺន ទៅ៨០ម៉ឺន ដែលនាំមកនូវប្រាក់ចំណូល សម្រាប់ អ្នកភូមិរស់នៅទីនេះ។
នៅរសៀលថ្ងៃដដែលនេះ សម្តេចតេជោ ហ៊ុន សែន នឹងបន្តជួបពិភាក្សាជាមួយក្រុមហ៊ុនធំៗ ពីរបស់ប្រទេសចិន ដែលមាន គម្រោងវិនិយោគខ្នាតធំនៅក្នុងប្រទេសកម្ពុជា៕