(ភ្នំពេញ)៖ សភាសម្ព័ន្ធសហជីពជាតិកម្ពុជា ដែលតំណាងសមាជិកសមាជិកា ដែលជាកម្មករ-កម្មការិនីកាត់ដេរនៅលើវិស័យសម្លៀកបំពាក់ និងស្បែកជើង ជាង៤៥ម៉ឺននាក់ ទូទាំងប្រទេសកម្ពុជា បានស្នើសុំជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតសហភាពអ៊ឺរ៉ុប ប្រចាំនៅកម្ពុជា គោលបំណងស្នើសុំកុំឲ្យសហភាពអ៊ឺរ៉ុប បញ្ឈប់ការបញ្ជាទិញផលិតផលវាយនភ័ណ្ឌពីកម្ពុជា។ នេះបើយោងតាមលិខិតស្នើសុំរបស់លោក សោម អូន ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។
លោក សោម អូន បានស្នើសុំជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតសហភាពអ៊ឺរ៉ុប ប្រចាំនៅកម្ពុជា ដោយកំណត់នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧ខាងមុខនេះ ដោយមានតំណាងសហជីពចំនួន៦រូប។
នៅក្នុងលិខិតរបស់ខ្លួនមេសហជីពរូបនេះ បានបញ្ជាក់ថា វិស័យឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង គឺសំខាន់ខ្លាំងណាស់ដើម្បីជួយដល់សេដ្ឋកិច្ចជាតិ ក្នុងនោះកម្មករជាកូនចៅរបស់ប្រជាពលរដ្ឋជាង៨០ម៉ឺននាក់ កំពុងបម្រើការងារនេះ ហើយផ្ដល់ផលប្រយោជន៍ដោយផ្ទាល់ និងដោយប្រយោលដល់ប្រជាពលរដ្ឋផ្សេងទៀត ប្រមាណ២លាននាក់។
លោក សោម អូន ក៏បានបង្ហាញពីសោកស្ដាយ និងខកចិត្តយ៉ាងខ្លាំងចំពោះបុគ្គលនយោបាយកម្ពុជាមួយចំនួន ដែលបញ្ចុះបញ្ចូលឲ្យសហភាពអ៊ឺរ៉ុបបញ្ឈប់ការបញ្ជាទិញទំនិញពីកម្ពុជា ដែលយុទ្ធសាស្ដ្រនេះ គឺជាការសម្លាប់ឆ្នាំងបាយរបស់ពលរដ្ឋខ្មែរភាគច្រើនយ៉ាងពិតប្រាកដ៕