(កំពង់ស្ពឺ)៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកា ភាពជាអ្នកដឹកនាំ តំបន់អាស៊ី ប៉ាស៊ីហ្វិក ចំពោះការឆ្លើយតប មេរោគអេដស៍ ជំងឺអេដស៍ នៅកម្ពុជា និងជាប្រធាន កាកបាទក្រហមកម្ពុជា បានថ្លែងអំពាវនាវ ដល់ប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធទាំងចូលរួមលុបបំបាត់ជំងឺអេដស៍ ឲ្យបាន១០០% ក្នុងឆ្នាំ២០២៥ ទោះពេលនេះអត្រាអ្នកឆ្លង និងផ្ទុកជំងឺអេដស៍ មានការធ្លាក់ចុះ គួរឲ្យសម្គាល់ក៏ដោយ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានថ្លែងបែបនេះ ក្នុងឱកាសចុះសួរសុខទុក្ខប្រជាពលរដ្ឋគ្រួសារ អ្នកផ្ទុកមេរោគអេដស៍ កុមារកំព្រា ជនពិការ និងចាស់ជរាគ្មានទីពឹង ចំនួន ១,២៨៨គ្រួសារ មកពី៧ស្រុក -ក្រុង និងមណ្ឌល កុមារNHCC ស្ថិតនៅ មណ្ឌលកីឡាខេត្ដខេត្ដកំពង់ស្ពឺ ភូមិត្រស់សាលា សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្ដកំពង់ស្ពឺ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកានេះ។

សម្តេចកិតិ្ដព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្លែងបន្តថា «ចំនួនអ្នកឆ្លងជំងឺអេដស៍ថ្មីៗនេះ ទូទាំងប្រទេស ចំនួន៥,០០០នាក់ ស្លាប់ជាង ២,០០០នាក់ ដោយឡែកសម្រាប់ខេត្តកំពង់ស្ពឺ អ្នកផ្ទុកមេរោគអេដស៍ និងទៅទទួលថ្នាំព្យាបាល នៅតាមមណ្ឌលសុខភាព ចំនួន១,៨៨៩នាក់ ហើយនៅថ្ងៃនេះ បងប្អូនប្រជាពលរដ្ឋចំនួន ៩២២គ្រួសារ បានមកទទួលអំណោយជាស្បៀង និងសម្ភារ: និងថវិកាមួយចំនួន»

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានថ្លែងអំពាវដល់ប្រជាពលរដ្ឋទៀតថា «សូមបងប្អូនប្រជាពលរដ្ឋយើង ជៀសវាងឱ្យបានដាច់ខាត នូវការដែលនាំឱ្យឆ្លងមេរោគអេដស៍ ដល់ខ្លួន ឬបន្តចម្លងទៅអ្នកដទៃ និងក្រុមគ្រួសារ ពិសេសស្វាមីកុំដើរលេងក្រៅ នាំជំងឺអេដស៍នេះ មកឲ្យប្រពន្ធឲ្យសោះ។ បងប្អូនយើងត្រូវដឹងថា អេដស៍ នឹងធ្វើឲ្យសេដ្ឋកិច្ចគ្រួសារ របស់បងប្អូនធ្លាក់ចុះ លើសពីនេះ ពេលយើងជាឪពុកម្តាយ ស្លាប់ដោយជំងឺអេដស៍ទៅ កូននឹងកំព្រា រងារគ្មានទីពឹង ហើយបើពឹងជីដូន នឹងមានផលលំបាក ដោយជីដូនចាស់ មិនអាចរកថវិកាគ្រប់គ្រង ដល់ចៅបាននោះទេ។ ដូច្នេះ ត្រូវរួមគ្នា កាត់បន្ថយ និងលុបបំបាត់ជំងឺអេដស៍ ឲ្យបាន១០០%ក្នុងឆ្នាំ២០២៥ ខាងមុខនេះ»

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានក្រើនរម្លឹក ដល់អ្នកដែលរស់នៅជាមួយមេរោគអេដស៍ សូមទៅពិនិត្យសុខភាព និង លេបថ្នាំពន្យាជីវិត ឱ្យបានទៀតទាត់ ទៅតាមការកំណត់របស់គ្រូពេទ្យ។ ហើយក៏បានដាស់តឿន ដល់ប្រជាពលរដ្ឋទាំងអស់ ពិសេសយុវជន សូមកុំប៉ះពាល់នូវ គ្រឿងញៀនឱ្យសោះ ដែលជាមូលហេតុនាំបង្កឱ្យមាន អំពើហិង្សាក្នុងគ្រួសារ និងធ្វើឱ្យបាត់បង់ កិត្តិយសគ្រួសារ នៅក្នុងសង្គម។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានអំពាវនាវឲ្យបងប្អូនពលរដ្ឋ ចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយនូវអត្រាស្លាប់ និងពិការភាព ដោយសារគ្រោះថ្នាក់ ចរាចរណ៍ ដែលនេះនៅតែជាបញ្ហាប្រឈម របស់យើងទាំងអស់គ្នា។

ជាងនេះទៅទៀត សម្តេចកិត្តិព្រឹទ្ធបណ្ឌិតក៏ថ្លែងអំណរគុណដល់សប្បុរសជន និងអង្កការជាតិ អន្តរជាតិ បន្តជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះនៅកម្ពុជា៕