(កំពង់ចាម)៖ ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ត្រី ឯម កុសល នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានបញ្ជាឲ្យកម្លាំងនគរបាលទាំងអស់ ត្រូវបង្កើនការទប់ស្កាត់ បង្ការ និងបង្ក្រាបបទល្មើសផ្សេងៗ នៅក្នុងមូលដ្ឋានរៀងខ្លួនឲ្យបានកាន់តែល្អបន្ថែមទៀត ដើម្បីរក្សាសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ។
បន្ថែមពីនេះ លោកស្នងការក៏បានសម្ដែងនូវការកោតសរសើរ នូវកិច្ចខិតខំប្រឹងប្រែង របស់មន្ដ្រីក្រោមឱវាទរបស់លោកដែលបានបំពេញភារកិច្ច បានយ៉ាងល្អប្រសើរនាពេលកន្លងមក ប៉ុន្ដែបើទោះបីជាកិច្ចការនោះបានល្អយ៉ាងណាហើយក្ដី ក៏ត្រូវខិតខំប្រឹងប្រែងអនុវត្តន៍ឲ្យបានល្អបន្ថែមទៀត។
ការថ្លែងដាក់បទបញ្ជាបែបនេះ របស់លោកឧត្តមសេនីយ៍ស្នងការ ត្រូវបានធ្វើឡើងក្នុងពិធី ប្រជុំបូកសរុបសភាពការណ៍លទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខសង្គម បូកសរុបការងារប៉ុស្តិ៍នគរបាលរដ្ឋបាល និងសហគមន៍ប្រចាំខែវិច្ឆិកា និងទិសដៅភារកិច្ចខែធ្នូ ឆ្នាំ២០១៧។ ក្នុងនោះដោយមានការចូលរួមពី គណៈស្នងការ ដល់ប៉ុស្តិ៍នគរបាលរដ្ឋបាល សរុបចំនួន២៨២នាក់។
បន្ទាប់ពីបានបញ្ចប់នៅកិច្ចប្រជុំបូកសរុបនោះ លោកឧត្តមសេនីយ៍ត្រី ឯម កុសល បានដឹកនាំពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិ មន្ត្រីនគបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ចំនួន៣៧៦នាក់ ស្រី២២នាក់ ក្នុងនោះមន្រ្តីបំពាក់ឋានន្តរសក្តិ ចំនួន៣០៧នាក់ ស្រី១៣នាក់ ចាប់ពីថ្នាក់អនុសេនីយ៍ឯក ដល់ថ្នាក់ព្រិន្ទបាលឯក។ ពិធីនេះក៏មានការអញ្ជើញចូលរួម លោកអនុប្រធានផែន លោកនាយការិយាល័យជំនាញ និងលោកអធិការនគរបាលស្រុក-ក្រុងទាំង១០ផងដែរ៕