(ទីក្រុងប៉េកាំង)៖ តំណាងរដ្ឋាភិបាលទាំងថ្នាក់រដ្ឋមន្ត្រី និងថ្នាក់ឧត្តមមន្ត្រី មកពីបណ្តាប្រទេសក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិច បានទៅជួបប្រជុំគ្នានៅទីក្រុងប៉េកាំង ប្រទេសចិន ដើម្បីពិនិត្យឡើងវិញលើការអនុវត្តកិច្ចការពាក់ព័ន្ធវិស័យពិការភាព ក្នុងកិច្ចប្រជុំត្រួតពិនិត្យពាក់កណ្តាលអាណត្តិ នៃការអនុវត្តទសវត្សជនពិការ ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្នាំ២០១៣-២០២២ យុទ្ធសាស្រ្តអ៊ីនឈាន់ «ធ្វើឲ្យសិទ្ធិក្លាយជាការពិត»។ ប្រតិភូកម្ពុជាដឹកនាំដោយលោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ។
អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា បានឱ្យដឹងថា កិច្ចប្រជុំនេះរៀបចំឡើងដោយគណៈកម្មាធិការអេស្កាប់ ESCAP សហការជាមួយសហព័ន្ធជនពិការចិន នៅទីក្រុងប៉េកាំង ប្រព្រឹត្តទៅរយៈពេលពេល៥ថ្ងៃ ពីថ្ងៃទី២៧ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ ដែលមានអ្នកចូលរួមប្រមាណជាង៣០០នាក់ ដើម្បីពិនិត្យឡើងវិញនូវវឌ្ឍនភាពដែលបានអនុវត្តកន្លងទៅ នៃយុទ្ធសាស្រ្តអ៊ីនឈាន់សម្រាប់ជនពិការ តាមរយៈការប្រមូលរបាយការណ៍ដោយគណៈកម្មាធិការ ESCAP ដែលរដ្ឋាភិបាល សង្គមស៊ីវិល អង្គការអន្តរជាតិ និងទីភ្នាក់ងារអភិវឌ្ឍន៍ បានអនុវត្តកន្លងមក។ «នេះជាផ្តល់ព័ត៌មានរបស់លោក ឯម ច័ន្ទមករា ដែលជាប្រតិភូអមដំណើររដ្ឋមន្ត្រីក្រសួងសង្គមកិច្ច លោក វង សូត»។
គួរបញ្ជាក់ផងដែរថា ក្រៅពីការថ្លែងការណ៍ក្នុងកិច្ចប្រជុំត្រួតពិនិត្យពាក់កណ្តាលអាណត្តិ នៃការអនុវត្តទសវត្សជនពិការប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក លោករដ្ឋមន្ត្រី វង សូត ក៏បានអញ្ជើញធ្វើជាវាគ្មិនកិត្តិយស ក្នុងព្រឹត្តិការណ៍បន្ថែមតបតាមការអញ្ជើញរបស់ប្រទេសបង់ក្លាដេស ដើម្បីចែករំលែកពីបទពិសោធន៍របស់កម្ពុជា ចំពោះការអនុវត្តគោលនយិបាយនានាចំពោះជនពិការអូទីស្សឹមផងដែរ។ នេះបើតាមការឱ្យដឹងបន្ថែមពីអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា៕