(ភ្នំពេញ)៖ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ សិក្ខាកាមចំនួន៨០នាក់ បានសិក្សាបញ្ចប់ដោយជោគជ័យផ្នែក Samsung Tech Institute ជំនាន់ទី៤ ផ្នែកអេឡិចត្រូនិចទំនើបបំផុត ដែលឧបត្ថមដោយក្រុមហ៊ុន Samsung នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា។
លោក Seungho Choi នាយកគ្រប់គ្រងសាខាក្រុមហ៊ុន ថៃសាមសុងអេគិចត្រូនិច បានថ្លែងថា គោលដៅនៃវគ្គបណ្តុះបណ្តាល Samsung Tech Institute គឺដើម្បីបណ្តុះបណ្តាលធនធានមនុស្សផ្នែកគ្រឿងអេឡិចត្រូនិចនៅកម្ពុជា ដោយផ្តល់នូវចំណេះដឹងច្បាស់លាស់ ដល់សិស្សអំពីទ្រឹស្តី និងការអនុវត្ត ជាមួយនឹងផលិតផលអេឡិចត្រូនិចទំនើបៗ ដែលបានប្រើប្រាស់ជុំវិញពិភពលោក។
លោក Seungho Choi បានបន្តថា នៅក្នុងក្រុមហ៊ុន ថៃសាមសុង យើងឲ្យតម្លៃខ្ពស់ក្នុងការចូលរួមអភិវឌ្ឍសង្គមសម្រាប់ចីរភាពរីកចម្រើន ក្នុងសហគមន៍។ យើងចង់ឲ្យប្រាកដថាសិស្សទាំងអស់ដែលបានបញ្ចប់ការសិក្សាពីវគ្គបណ្តុះបណ្តាលនេះនឹងអាចប្រើប្រាស់ចំណេះដឹងរបស់ពួកគេ ដើម្បីស្វែងរកការងារល្អ ជាមួយប្រាក់ខែខ្ពស់ ដើម្បីផ្គត់ផ្គងគ្រួសារ ក៏ដូចជាការចូលរួមអភិវឌ្ឍសង្គម។
លោក គឹម វណ្ណី អ្នកសម្របសម្រួលវគ្គបណ្តុះបណ្តាល Samsung Tech Institute បានថ្លែងថា វគ្គបណ្តុះបណ្តាលនេះត្រូវបានផ្តួចផ្តើម ធ្វើឡើងនៅកម្ពុជា តាំងពីឆ្នាំ២០១៤មក នៅវិទ្យាស្ថាន ជាតិពហុបច្ចេកទេសកម្ពុជា។ វគ្គបណ្តុះបណ្តាលនេះផ្តោតទៅលើការជួសជុល បង្គុំ និងដំណោះស្រាយបញ្ហានៃគ្រឿងអេឡិចត្រូនិចរួមមាន៖ ទូរទស្សន៍ ម៉ាស៊ីនត្រជាក់ ទូទឹកកក ម៉ាស៊ីនបោកគក់ ទូរស័ព្ទដៃ និងឧបករណ៍ប្រើប្រាស់ ក្នុងផ្ទះបាយ ព្រមទាំងគ្រឿងអេឡិចត្រូនិចថ្មីៗ។
លោក គឹម វណ្ណី បានបន្តថា បើប្រៀបធៀបកាលពីឆ្នាំមុនៗ វគ្គបណ្តុះបណ្តាល Samsung Tech Institute IV បានទាក់ទាញសិស្សច្រើនជាងមុន៕