(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានចំណាយថវិកាផ្ទាល់ខ្លួនជាង ៨ពាន់ដុល្លារ ជាមួយថវិការបស់រាជរដ្ឋាភិបាលជាង ៨ពាន់ដុល្លារទៀត ដើម្បីបង្កើតឲ្យមាន «ការប្រកួតកីឡាកាយស​ម្ព័ន្ធ ជ្រើសរើសជើងឯកពានរង្វាន់ឯកឧត្តម ថោង ខុន លើកទី១ ប្រចាំឆ្នាំ២០១៧» ដែលជាការបង្ហាញនូវស្មារតីនាំមុខ ក្នុងការលើកស្ទួយកិត្យានុភាពវិស័យកីឡានៅកម្ពុជា។

ក្រោយបើកការប្រកួតរយៈពេល៦ថ្ងៃរួចមក (២៤-២៩ វិច្ឆិកា) កម្មវិធីបិទការប្រកួតត្រូវបានធ្វើឡើងនៅពហកីឡដ្ឋានជាតិអូឡាំពិក នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្រោមអធិបតីភាព លោករដ្ឋមន្ត្រី ថោង ខុន និងមានការចូលរួមពីលោក ណយ ផាន់ណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា។

ការប្រកួតកីឡាកាយស​ម្ព័ន្ធ ជ្រើសរើសជើងឯកពានរង្វាន់លោក ថោង ខុន លើកទី១នេះ ទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ដែលមានកីឡាករ-កីឡាការិនីចូលរួមចំនួន ៨២នាក់ គណៈកម្មការបច្ចេកទេស និងចៅក្រមចំនួន ៣០នាក់ និងប្រតិភូចំនួន ១២នាក់ទៀត ហើយក៏មានការសហការយ៉ាងសស្រាក់សស្រាំ ពីក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា គណៈកម្មាធិការប្រតិបត្តិសហព័ន្ធ និងក្លឹបកីឡាកាយសម្ព័ន្ធមួយចំនួនផងដែរ។

ក្នុងឱកាសបិទការប្រកួត លោករដ្ឋមន្ត្រីបានដាក់អនុសាសន៍មួយចំនួនដល់សហព័ន្ធកីឡា ដើម្បីត្រៀមលក្ខណៈធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំការប្រកួតកីឡា SEA GAME នៅឆ្នាំ២០២៣ ក្នុងនោះរួមមាន៖ បណ្ដុះបណ្ដាលថ្នាក់ថ្នាលតាមកម្រិតអាយុ និងបង្កើនគុណភាព និងគុណផលកីឡាករ-កីឡាការិនីតាមក្លឹប និងសមាគមកីឡាកាយសម្ព័ន្ធឲ្យបានទូលំទូលាយ ពង្រឹងសមត្ថភាពអាជ្ញាកណ្ដាល ចៅក្រម មន្ត្រីបច្ចេកទេសឲ្យកាន់តែល្អប្រសើរទាំងបរិមាណ និងគុណភាព ជំរុញឲ្យមានការរៀបចំការប្រកួតឲ្យបានច្រើន ការហ្វឹកហាត់ជាប្រចាំនៅតាមបណ្ដាក្លឹប និងសមាគម ពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រងសហព័ន្ធ ក្លឹប និងសមាគមទូទាំងប្រទេសឲ្យបានរឹងមាំ និងប្រឹងប្រែងស្វែងរកដៃគូអភិវឌ្ឍន៍បន្ថែមទៀត។

ជាមួយគ្នានោះ លោករដ្ឋមន្ត្រីបានកោតសរសើរ និងលើកទឹកចំពោះប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនីដែលបានចូលរួមក្នុងការប្រកួតកីឡាកាយសម្ព័ន្ធនេះ ដោយគោរពបានតាមការកំណត់របស់គណៈកម្មការរៀបចំការប្រកួត និងអនុវត្តតាមបទបញ្ជាបច្ចេកទេស ក្រមសីលធម៌កីឡាក្នុងពេលប្រកួត ញ៉ាំងការប្រកួតឲ្យប្រព្រឹត្តទៅដោយរលូនតាំងពីដើមរហូតដល់ចប់។

លោក ណយ ផាន់ណា បានបង្ហាញក្ដីរំពឹងថា ការប្រកួតកីឡាកាយសម្ព័ន្ធជាតិលើកទី២ នឹងមានកីឡាករ-កីឡាការិនីចូលរួមច្រើនជាង១០០នាក់ ខណៈការរៀបចំលើកទី១នេះ ទទួលបានជោគជ័យគួរឲ្យកត់សម្គាល់ ស្របតាមផែនការយុទ្ធសាស្ត្ររបស់សហព័ន្ធ គឺការប្រកួតកីឡា SEA GAME ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតលើកដំបូងរបស់ខ្លួន។

ដើម្បីចូលរួមលើកទឹកចិត្តដល់កីឡាករ-កីឡាការិនី លោករដ្ឋមន្ត្រី ថោង ខុន បានបង្កើនប្រាក់រង្វាន់ក្នុងការប្រកួតកីឡាកាយសម្ព័ន្ធនេះ ពី១៥-៣០ម៉ឺនរៀល សម្រាប់ជ័យលាភីលេខ១, ពី១០-២៤ម៉ឺនរៀល សម្រាប់ជ័យលាភីលេខ២ និងពី៨-១៦ម៉ឺនរៀល សម្រាប់ជ័យលាភីលេខ៣។ ចំពោះការចំណាយថវិកាផ្ទាល់ជាង ៨ពាន់ដុល្លារនេះ គឺជាការចូលរួមជាមួយថវិការបស់រាជរដ្ឋាភិបាលតាមរយៈក្រសួងអប់រំ ជាង៨ពាន់ដុល្លារទៀតផងដែរ៕