(ភ្នំពេញ)៖ រហូតដល់ពេលនេះបេក្ខជនអនុប្រធាន និងសមាជិកគ.ជ.បថ្មី ៣រូប ដែលនឹងទៅជំនួសតំណែងអ្នកដែលបានលាលែងពីតំណែងនោះ ត្រូវបានស្គាល់អត្តសញ្ញាណហើយ ក្នុងនោះមាន២នាក់ មកពីគណបក្សនយោបាយ និងម្នាក់មកពីសាលាក្តីខ្មែរក្រហម។
តាមការឱ្យដឹងពីមន្រ្តីជាន់ខ្ពស់រដ្ឋសភាបានបង្ហើបថា បេក្ខជនទាំង៣រូបនោះដែលបានទៅដល់ដៃរដ្ឋសភាពេលនេះ រួមមាន លោក នុត សុខុម មកពីគណបក្ស ហ៊្វុនស៊ិនប៉ិច, លោក ហ៊ែល សារ៉ាត់ សមាជិកមកពីគណបក្សសញ្ជាតិកម្ពុជា និងលោក ឌឹម សុវណ្ណារុំ មន្រ្តីទំនាក់ទំនងសាធារណ: នៃសាលាក្តីខ្មែរក្រហម។
លោក ញ៉េប ប៊ុនជិន អនុប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច បានទទួលស្គាល់ថា គណបក្សពិតជាបានរៀបចំឱ្យ លោក នុត សុខុម ទៅកាន់ការងារនៅ គ.ជ.ប មែន ហើយគឺជាបេក្ខជនអនុប្រធាន គ.ជ.ប តែម្តង។ ដោយឡែក លោក សេង សុខេង ប្រធានគណបក្សសញ្ជាតិកម្ពុជា ក៏បានទទួលស្គាល់ថា គណបក្ស របស់លោក បានដាក់បេក្ខជនលោក ហែល សារ៉ាត់ ពិតប្រាកដមែន។
ទោះជាយ៉ាងណា បើតាម លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា បានឱ្យដឹងថា គណៈកម្មាធិការអចិន្រ្តៃយ៍ នៃរដ្ឋសភា នឹងសម្រេចទទួលយក បេក្ខជនទាំង៣រូប ដែលត្រូវជំនួសសមាជិកគ.ជ.ប ដែលលាលែង នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា នៅព្រឹកស្អែក ហើយបេក្ខជនទាំងនោះនឹងត្រូវប្រគល់ជូន គណបក្សនយោបាយ ដែលមានអាសនៈនៅរដ្ឋសភា ដែលមិនមែនកាន់កាប់រដ្ឋាភិបាលឯកភាពជាមុនសិន មុននឹងដាក់ជូនកិច្ចប្រជុំពេញអង្គ បោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ដើម្បីកាន់តំណែងនៅគ.ជ.ប ជាផ្លូវការ៕
លោក នុត សុខុម
លោក ឌឹម សុវណ្ណារ៉ុម