(ភ្នំពេញ)៖ កម្លាំងចម្រុះគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ក្រសួងមហាផ្ទៃ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ទូច យុទ្ធា អនុលេខាធិការដ្ឋាន និងលោកឧត្តមសេនីយ៍ត្រី សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ ដោយមានចូលរួមពីមន្ទីរស្ថាប័នពាក់ព័ន្ធ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានបើកប្រតិបត្តិការរកឃើញទីតាំងផលិតសំបកសាច់ក្រកមួយកន្លែង ដែលផលិតដាក់ជាតិគីមី និងគ្មានច្បាប់អនុញ្ញាត។
មន្ដ្រីនគរបាលដែលចូលរួមប្រតិបត្តិការបានបញ្ជាក់ថា ប្រតិបត្តិការនេះធ្វើឡើងនៅចំណុចដីឡូត៍មួយកន្លែង នៅភូមិថ្មីពីងពង់ ឃុំដំណាក់រាំង ស្រុកឧដុង្គ ដែលក្រោមការសម្របសម្រួលពីលោក សឿ ឡងឌី តំណាងអយ្យការ អមសាលាដំបូងខេត្តកំពង់ស្ពឺ។
ជាលទ្ធផលនៃប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចចម្រុះរកឃើញ ធុងប្រើរួចចំណុះ១៥០គីឡូក្រាម ចំនួន១៣០០ធុង, ធុងប្រើរួចចំណុះ២៥០គីឡូក្រាម ចំនួន១០០ធុង, ធុងអំបិលចំណុះ១៥០គីឡូក្រាម ចំនួន១០០០ធុង, ហីត្រូសែន ៥០% ចំណុះ៣៥លីត្រ ចំនួន២៩ធុងស្មើ១០០០លីត្រ, ធុងពោះវៀន ប្រើប្រាស់បាន៣ធុង ប្រភេទ២៥០គីឡូក្រាម ស្មើ៧៥០គីឡូក្រាម, ធុងពោះវៀនប្រើប្រាស់បាន១៥ធុងប្រភេទ ១០០គីឡូក្រាមស្មើ១៥០០គីឡូក្រាម, ធុងខ្លាញ់សរសម្រាប់លៀបលើក្រណាត់ច្រកស្រោម ១៣ធុង ចំណុះ២៥លីត្រស្មើ ៣២៥លីត្រ, ថ្នាំលៀបឲ្យរអិល ៣ប៉ាវ ៧៥គីឡូក្រាម, ទឹកពង្រីកពោះវៀន ២០ធុងស្មើ៧០០គីឡូក្រាម, អីធឺរ៉ុកst50 ៥ធុងស្មើ ១,៧៥០គីឡូក្រាម, ធុងពោះវៀនចំនួន៦៥០ធុង ស្មើ៩០០០គីឡូក្រាម, ស្រោមសាច់ក្រកស្ងួត ៦៤កេសតូច ស្មើ ៨០០គីឡូក្រាម, ស្រោមសាច់ក្រកស្ងួត ១៤កេសធំ ស្មើ១៨២គីឡូក្រាម, ស្រោមសាច់ក្រកផលិតរួច២០ដុំ ស្មើ ៤០គីឡូក្រាម, ស្រោមសាច់ក្រកផលិតរួច៤ថង់ ស្មើ ១២គីឡូក្រាម។
សមត្ថកិច្ចបញ្ជាក់ថា ទីតាំងដែលមានម្ចាស់ឈ្មោះ កែប ប៊ុនធឿន ភេទប្រុស អាយុ៥២ឆ្នាំ បានយកផលិតផលដែលគាត់ផលិតបាននោះ មកលក់នៅផ្សារអូឬស្សីរៀងរាល់ថ្ងៃ និងផ្សារមួយចំនួនទៀតនៅក្នុងរាជធានីភ្នំពេញ ហើយសារធាតុនាំចូលមកពីប្រទេសចិន។
ក្រោយប្រតិបត្តិការលោកឧត្តមសេនីយ៍ត្រី ទូច យុទ្ធា បញ្ជាក់ថា សិប្បកម្មមួយនេះគ្មានច្បាប់អនុញ្ញាតិ ហើយការផលិតមានជាតិគីមីហាមឃាត់ និងទីតាំងគ្មានអនាម័យប៉ះពាល់បរិស្ថាន។
បច្ចុប្បន្នកម្លាំងសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងដើម្បីចាត់ការបន្ដតាមច្បាប់ ចំពោះសិប្បកម្មមួយនេះ៕