(ភ្នំពេញ)៖ នៅម៉ោង៦៖០០នាទីល្ងាច ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញចូលរួម ក្នុងពិធីជប់លៀង នៅទីក្រុងប៉េកាំង ដែលរៀបចំឡើងដោយ លោក សុង ថាវ រដ្ឋមន្ត្រីក្រសួងអន្តរជាតិនៃគណៈកម្មាធិការមជ្ឍឹមបក្សកុម្មនីស្តចិន នៅសាលគីងហ្គុង អគារលេខ៥ ផ្ទះសំណាស់រដ្ឋទែវយូថៃ (Diaoyutai State Guesthouse) នៃសាធារណរដ្ឋប្រជាមានិតចិន។
តាមការបង្ហោះនៅលើទំព័រ Facebook របស់សម្តេចតេជោ ហ៊ុន សែន បានឱ្យឹងថា ពិធីជប់លៀងនេះ គឺធ្វើឡើងដើម្បីស្វាគមន៍ អបអរសាទរ សម្ដេចតេជោ ហ៊ុន សែន ដែលបានអញ្ជើញមកចូលរួមក្នុងកិច្ចសន្ទនាជាន់ខ្ពស់រវាងគណបក្សកុម្មុយនីស្តចិន ជាមួយគណបក្សនយោបាយនានា ជុំវិញពិភពលោក និងដើម្បីរឹតចំណងមិត្តភាព កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាង កម្ពុជា ចិនផងដែរ។
ភាគីមិត្តចិនពេញចិត្ត កោតសរសើរ និងគាំទ្រចំពោះការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន ដែលបាននាំមកនូវស្ថិរភាពនយោបាយ សេដ្ឋកិច្ច និងការរីកចម្រើនរបស់កម្ពុជាសព្វថ្ងៃ។ ទន្ទឹមនឹងនេះ ប្រទេសចិនបានបញ្ជាក់ការគាំទ្រសារជាថ្មីក្នុងការជួយកម្ពុជា អោយកាន់តែរីកចម្រើនខ្លាំងឡើង ថែមទៀតទៀត។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ដើម្បីអញ្ជើញចូលរួមកិច្ចសន្ទនាថ្នាក់ខ្ពស់ រវាងគណបក្សកុម្មុយនីស្តចិន ជាមួយគណបក្សនយោបាយនានា លើពិភពលោក ដែលនឹងប្រារព្ធធ្វើឡើងពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៧ ៕