(សៀមរាប)៖ រដ្ឋមន្រ្តីកិច្ចការទំនាក់ទំនង និងព័ត៌មានរបស់ប្រទេសសិង្ហបុរី លោកបណ្ឌិត Yaacob Ibrahim បានមកបំពេញទស្សនកិច្ច នៅស្រុកប្រាសាទ បាគង ខេត្តសៀមរាប ដែលទស្សនកិច្ចនេះបានធ្វើឡើង បន្ទាប់ពីមូលនិធិសិង្ហបុរីអន្តរជាតិ ទើបបានសម្ពោធដំណាក់កាលទី២ នៃគម្រោង «ទឹក ជាជីវិត» របស់ខ្លួន ទើបបានពីរខែ ក្នុងខេត្តសៀមរាប។

គម្រោងនេះ ត្រូវបានអនុវត្តដំបូងនៅឆ្នាំ២០១០ ក្នុងខេត្តសៀមរាប និងនៅឆ្នាំ២០១២ អនុវត្តនៅក្នុងខេត្តកំពង់ស្ពឺ ហើយគម្រោង «ទឹក ជាជីវិត» នេះ នឹងធ្វើឲ្យអ្នកភូមិកម្ពុជាជាង ៧០,០០០នាក់ មានលទ្ធភាពទទួលបានទឹកស្អាតបរិភោគ នៅពេលគម្រោងដំណាក់កាលទី២ ត្រូវបិទបញ្ចប់ក្នុងឆ្នាំ២០២១។ គម្រោងនេះ របស់មូលនិធិសិង្ហបុរី ជួយដល់យុទ្ធសាស្រ្តជាតិ របស់រដ្ឋាភិបាលកម្ពុជា សម្រាប់កម្មវិធីផ្គត់ផ្គង់ទឹក អនាម័យ និងភាពស្អាត (WASH) នៅតាមជនបទ ដែលមានគោលដៅ ផ្តល់ឲ្យបុគ្គលគ្រប់រូប ក្នុងសហគមន៍ជនបទ នូវលទ្ធភាពទទួលបានការផ្គត់ផ្គង់ទឹក និងសេវាអនាម័យ ដែលមានសុវត្ថិភាព និងប្រកបដោយនិរន្តរភាព ព្រមជាមួយនឹងបរិស្ថានរស់នៅស្អាតមួយ នៅឆ្នាំ២០២៥។

នៅកម្រិតពិភពលោក គម្រោង «ទឹក ជាជីវិត» រួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងជាសកល ដូចជាគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព របស់អង្គការសហប្រជាជាតិជាដើម ដែលក្នុងនោះមានគោលដៅមួយ មានបំណងសម្រេចឲ្យបាននូវលទ្ធភាពទទួលបានទឹក និងអនាម័យជាសកលសម្រាប់មនុស្សគ្រប់រូប នៅឆ្នាំ២០៣០។ ជិតមួយភាគបួន នៃប្រជាជនកម្ពុជា ដែលមានចំនួន ១៥.៦លាននាក់ មិនមានលទ្ធភាពទទួលបានទឹកស្អាតប្រើប្រាស់ទេ ។ ប្រទេសកម្ពុជា ក៏មានអត្រាមរណភាពទារកខ្ពស់បំផុតមួយ នៅតំបន់អាស៊ីផងដែរ ហើយភាគច្រើននៃមរណភាពមុនអាយុនេះ អាចត្រូវបាននិយាយថា ដោយសារតែជំងឺកើតចេញពីទឹក ដូចជាជំងឺរាគរូស ជំងឺរលាកថ្លើមប្រភេទA និងជំងឺគ្រុនពោះវៀន។

ការសិក្សាជាច្រើនបានបង្ហាញថាឧបករណ៍ចម្រោះជីវដីខ្សាច់ ដែលជាប្រព័ន្ធដោះស្រាយបញ្ហាទឹកសម្រាប់គម្រោង «ទឹក ជាជីវិត» មានប្រសិទ្ធភាពកម្ចាត់ពពួកបាក់តេរី ដែលបង្កជំងឺបានរហូតដល់ទៅជាង ៩០% និងកម្ចាត់បានរហូតដល់ ១០០% ទៅលើពពួកបារ៉ាស៊ីត។ គម្រោងនេះ ត្រូវបានសម្ពោធឲ្យប្រើប្រាស់ដំបូងបង្អស់នៅឆ្នាំ២០១០ ក្នុងស្រុកសូទ្រនិគម និងស្រុកប្រាសាទបាគង ក្នុងខេត្តសៀមរាប។ នៅពេលបិទគម្រោងនៅឆ្នាំ២០១៤ អ្នកស្ម័គ្រចិត្តអន្តរជាតិជនជាតិសិង្ហបុរី (SIVs) ជាង៤៦០នាក់ បានតំឡើងឧបករណ៍ចម្រោះជីវដីខ្សាច់ចំនួន ២៦០០ ឈុត ដែលបានផ្តល់ផលប្រយោជន៍ឲ្យអ្នកភូមិចំនួន ១៧,០០០នាក់។ សកម្មភាពនេះបាននាំឲ្យមានការថយចុះ៨៥% នៃអត្រាជំងឺដែលកើតចេញពីទឹក ហើយចន្លោះពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៧ អ្នកស្ម័គ្រចិត្តអន្តរជាតិជនជាតិសិង្ហបុរី ជាង៤០០នាក់ ក៏បានស្ម័គ្រចិត្តទៅតំឡើងឧបករណ៍ចម្រោះជីវដីខ្សាច់ចំនួន១,៧០០ឈុត នៅឃុំចំនួន១២ ក្នុងខេត្តកំពង់ស្ពឺ ដើម្បីផ្តល់ទឹកបរិភោគមានសុវត្ថិភាព ដល់អ្នកភូមិចំនួន ៤៤,០០០នាក់។

នៅក្នុងខែកញ្ញា ឆ្នាំ២០១៧ មូលនិធិសិង្ហបុរីអន្តរជាតិ បានសម្ភោធគម្រោង «ទឹក ជាជីវិត» ដំណាក់កាលទី២ ក្នុងខេត្តសៀមរាប។ គម្រោងរយៈពេល៤ឆ្នាំនេះ មានគោលដៅផ្តល់ជូនអ្នកភូមិកម្ពុជា ចំនួន ៩០០០ នាក់ដែលរស់នៅក្នុងស្រុកជីក្រែង និងស្វាយលើ នៃខេត្តសៀមរាប នូវលទ្ធភាពទទួលបានទឹកស្អាត និងបណ្តុះបណ្តាលនូវចំណេះដឹងផ្នែកអនាម័យមូលដ្ឋាន ដើម្បីកាត់បន្ថយអត្រាជំងឺកើតចេញពីទឹក។ ក្នុងរយៈពេល ៤ឆ្នាំនៃគម្រោងនេះ អ្នកស្ម័គ្រចិត្តជាង ២៤០នាក់មកពីប្រទេសសិង្ហបុរី នឹងមកតំឡើងឧបករណ៍ចម្រោះជីវដីខ្សាច់ចំនួន ៩០០ឈុត និងបង្រៀនអំពីអនាម័យមូលដ្ឋាន សម្រាប់អ្នកភូមិ អ្នកគ្រូលោកគ្រូ និងកុមារ។ គម្រោងនេះ ត្រូវបានអនុវត្តក្នុងភាពជាដៃគូរវាងអង្គការ “ទឹកសម្រាប់កម្ពុជា” (Water for Cambodia) និងឧបត្ភម្ថគាំទ្រដោយក្រុមហ៊ុន Ngee Ann Development Pte Ltd។

គម្រោង «ទឹកជាជីវិត» ជាសមិទ្ធិផលសំខាន់មួយទៀត នៅក្នុងទំនាក់ទំនងរយៈពេល១៥ឆ្នាំ រវាងប្រជាជនសិង្ហបុរី និងប្រជាជនកម្ពុជា ដែលទំនាក់ទំនងនេះ ត្រូវបានពង្រឹង តាមរយៈគម្រោងកិច្ចសហការអន្តរជាតិ របស់មូលនិធិសិង្ហបុរីអន្តរជាតិ។ ប៉ុន្មានឆ្នាំមកនេះ មូលនិធិសិង្ហបុរីអន្តរជាតិ បានបញ្ជូនអ្នកស្ម័គ្រចិត្តជនជាតិសិង្ហបុរីរាប់ពាន់នាក់ រួមមានអ្នកជំនាញផ្នែកអប់រំ អ្នកជំនាញផ្នែកវេជ្ជសាស្រ្ត ដើម្បីធ្វើការជាមួយទីភ្នាក់ងារ និងសហគមន៍នានាក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ ដើម្បីលើកកម្ពស់បទដ្ឋានសុខាភិបាល និងការអប់រំ ក្នុងសហគមន៍ដែលកំពុងអភិវឌ្ឍន៍។ យើងក៏បានរៀនសូត្រពីអ្នកជំនាញកម្ពុជា មន្ត្រីរដ្ឋាភិបាលកម្ពុជា និងសហគ្រិនសង្គមវ័យក្មេង ដែលបានមកធ្វើទស្សនកិច្ចនៅប្រទេសសិង្ហបុរី ហើយនេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង របស់មូលនិធិសិង្ហបុរីអន្តរជាតិ ក្នុងការទាញយកកម្លាំងមិត្តភាព យកទៅពង្រឹងជីវិតរស់នៅឲ្យកាន់តែប្រសើរឡើង និងទទួលបានការផ្លាស់ប្តូរជាវិជ្ជមាន។ស្វែងយល់បន្ថែម ដោយគ្រាន់តែចូលទៅកាន់គេហទំព័រ www.sif.org.sg ។