(ភ្នំពេញ)៖ អេសស៊ីជី (SCG) ដែលជាសាជីវកម្មឈានមុខគេ នៅក្នុងតំបន់អាស៊ាន បានរៀបចំពិធីជួបជុំដ៏អធិកអធមមួយ នៅរាជធានីភ្នំពេញ ដើម្បីបង្ហាញអំពីការថ្លែងអំណរគុណ ដល់តំណាងចែកចាយស៊ីម៉ងត៍ របស់ក្រុមហ៊ុនទូទាំងប្រទេស ក៏ដូចជាចែករំលែកអំពីព័ត៌មានទិសដៅពាណិជ្ជកម្ម ព្រមជាមួយនឹងការប្ដេជ្ញាចិត្តខ្ពស់ ចំពោះបណ្ដាញតំណាងចែកចាយ ទាំងអស់គ្នា នឹងចូលរួមចំណែក ដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា។
ក្នុងពិធីជួបជុំនោះ លោក អារី ឆាវ៉ាលីតឈីវីងគុណ (Aree Chavalitcheewingul) ប្រធានផ្នែកស៊ីម៉ងត៍ និងសម្ភារៈសំណង់ របស់ក្រុមហ៊ុន SCG បានលើកទឹកចិត្ត ដល់តំណាងចែកចាយស៊ីម៉ងត៍ ដោយថ្លែងថា «យើងកំពុងធ្វើការរួមគ្នា ដើម្បីឆ្ពោះទៅអនាគតទាំងអស់គ្នា ។តំណាងចែកចាយរបស់យើង ជាស្នូលនៃភាពជោគជ័យរបស់ក្រុមហ៊ុន អេសស៊ីជី នៅកម្ពុជា ហើយដើម្បីជួយពង្រឹង ដល់សមត្ថភាពប្រកួតប្រជែង របស់តំណាងចែកចាយ យើងបានបង្កើតដោយជោគជ័យ នូវទម្រង់ចែកចាយជា តំណាងទទួលសិទ្ធិចែកចាយរបស់ SCG និងបង្កើតប្រព័ន្ធព័ត៌មានវិទ្យា បញ្ជាទិញតាមអេឡិកត្រូនិក ដើម្បីសម្រួលដល់អាជីវកម្ម»។
លោក អារី បន្ថែមថា៖ «ផលិតផលសម្ភារៈសំណង់ របស់ក្រុមហ៊ុនអេសស៊ីជី រាប់បញ្ចូលទាំងស៊ីម៉ងត៍ ខេ-ស៊ីមេនផង គឺមានឈ្មោះល្បីល្បាញ និងមានការទទួលស្គាល់ទូទាំងប្រទេសកម្ពុជា ។ នេះក៏ដោយសារតែគុណភាពរបស់យើង ក៏ដូចជាឧត្តមភាពផ្នែកប្រកួតប្រជែង ដែលទទួលបានតាមរយៈកិច្ចខិតខំប្រឹងប្រែងផ្នែកទីផ្សារ។ស្ថានភាពនេះ ច្បាស់ណាស់ នឹងផ្ដល់អត្ថប្រយោជន៍ ដល់កំណើនលូតលាស់របស់អេសស៊ីជីផង និងតំណាងចែកចាយរបស់យើងផងសម្រាប់ឆ្នាំក្រោយៗតទៅមុខទៀត»។
បើតាមលោក ប៉ារ៉ាម៉េត និសាកនសិន (Paramate Nisagornsen) អនុប្រធានផ្នែកស៊ីម៉ងត៍ និងសម្ភារៈសំណង់របស់ SCG បានឲ្យដឹងថា ទីផ្សារស៊ីម៉ងត៍នៅកម្ពុជាបានកើនឡើងជិត ៧% នៅឆ្នាំ ២០១៧ នេះ។ ក្នុងនាមជាក្រុមហ៊ុននាំមុខគេនៅក្នុងទីផ្សារ អាជីវកម្មរបស់អេសស៊ីជីនៅកម្ពុជា ត្រូវបានរំពឹងថា នឹងបន្តមានកំណើនបន្ថែមទៀត នៅឆ្នាំ២០១៨ ថ្វីត្បិតតែការប្រកួតប្រជែងលើទីផ្សារ អាចមានការកើនឡើងក្តី។ ផែនការរបស់ក្រុមហ៊ុន សម្រាប់ឆ្នាំ២០១៨ ត្រូវបានពង្រឹងបន្ថែម លើសពីបណ្ដាឆ្នាំមុនៗ ហើយក្រុមហ៊ុន ប្ដេជ្ញាចិត្តរួមចំណែក ដល់កំណើនសេដ្ឋកិច្ច របស់កម្ពុជា តាមរយៈការជួយគាំទ្រដ ល់វិស័យសំណង់។ ជានិច្ចកាល យើងតែងស្វែងរកឱកាសដើម្បីវិនិយោគបន្ថែមលើគម្រោងនានាទៅថ្ងៃអនាគត ដែលនឹងជួយជំរុញកំណើនសេដ្ឋកិច្ច របស់កម្ពុជាបន្ថែមទៀត»។
នៅក្នុងពិធីនោះដែរ ផលិតផលស៊ីម៉ងត៍បូក ខេ ស៊ុបពែ (Super K Plastering) ក៏ត្រូវបានបង្ហាញជាសាធារណៈ សម្រាប់ទីផ្សារកម្ពុជាផងដែរ។ ផលិតផលថ្មីទំនើបនេះ ត្រូវបានបង្កើតឡើងជាពិសេស ដើម្បីបង្កើតបានជាស៊ីម៉ងត៍បូកចំណុះ ៤០គីឡូក្រាម ដែលមានប្រសិទ្ធភាពស្មើនឹងស៊ីម៉ង់ត៍បូកធម្មតាចំណុះ ៥០គីឡូក្រាម ហើយផលិតផលថ្មីនេះត្រូវបានរំពឹងថា នឹងមានការពេញនិយមខ្លាំង និងផ្ដល់អត្ថប្រយោជន៍ដល់វិស័យសំណង់ដែលលូតលាស់ឥតឈប់ឈរនៅកម្ពុជា។
ចាប់តាំងពីក្រុមហ៊ុន អេសស៊ីជី ចាប់ផ្ដើមដំណើរការពាណិជ្ជកម្មដំបូងនៅកម្ពុជា ក្នុងឆ្នាំ១៩៩២ កញ្ចប់ផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុន បានបន្តលូតលាស់ជាលំដាប់ រាប់តាំងពីស៊ីម៉ងត៍ ហើយរហូតមកទល់នឹងពេលនេះ រួមមានបេតុងលាយស្រេច សម្ភារៈដំបូល និងទុយោ អាជីវកម្មជួញដូរទំនិញ និងសេវាកម្មដឹកជញ្ជូនជាដើម ជាមួយនឹងសម្ភារៈសំណង់ ដែលមានគុណភាពខ្ពស់ជាច្រើនមុខ នៅពេលនេះ អតិថិជនកម្ពុជាអាចសាងសង់លំនៅឋានរបស់ខ្លួនទាំងមូល ដោយប្រើប្រាស់ផលិតផល របស់ក្រុមហ៊ុនអេសស៊ីជី៕