(ភ្នំពេញ)៖ ផលិតផលជាច្រើនរបស់ប្រទេសជប៉ុន ទាំងគ្រឿងចក្រ ទាំងសម្ភារៈប្រើប្រាស់ ក្នុងគេហដ្ឋាន សណ្ឋាគារ ខុនដូ និងសម្ភារៈផ្សេងៗទៀត បាននឹងកំពុងពង្រីកខ្លួនកាន់តែខ្លាំង លើទីផ្សារកម្ពុជា ដោយប្រជាពលរដ្ឋខ្មែរ មានការជឿជាក់ទៅលើគុណភាព ជាចម្បង។
ជាក់ស្ដែងនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ សាជីវកម្មរីនណៃជប៉ុន (Rinnai Corporation) និងក្រុមហ៊ុនខេមខូណា ត្រេឌីង ខេមបូឌា Camcona Trading (Cambodia) Co., Ltd ជាក្រុមហ៊ុនដែល ទទួលសិទ្ធិ នំាចូល និងចែកចាយនូវម៉ាស៊ីនទឹកក្តៅ គ្រប់ប្រភេទពីសាជីវកម្មរីនណៃ បានរៀបចំកម្មវិធីជួបជុំអតិថិជន និងបង្ហាញម៉ាស៊ីនទឹកក្តៅរីនណៃ ប្រភេទកម្តៅទឹកភ្លាមៗស៊េរីគ្រីស្តាល់ថ្មី នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ។
លោក Shoichi Fukuda តំណាងផ្នែកអាជីវកម្មក្រៅប្រទេស នៃសាជីវកម្មរីនណៃជប៉ុន បានថ្លែងថា « សាជីវកម្មរីនណៃ បានកើតឡើងតាំងពីឆ្នាំ១៩២០ និងមានបទពិសោធន៍ជិត ១០០ឆ្នាំ ក្នុងការផលិត និងលក់ ឧបករណ៍ផ្នែកកម្តៅ ដូចជាម៉ាស៊ីនទឹកក្តៅ ឧបករណ៍ចំអិនម្ហូបជាដើម។ សាជីវកម្មរីនណៃ បានរីកចម្រើនលូតលាស់នៅក្នុងទីផ្សារនីមួយៗ តាមរយៈការផ្តល់នូវផលិតផលដែលមានភាពច្នៃប្រឌិត គុណភាពខ្ពស់ និងសេវាកម្មល្អ» ។
លោកបន្តទៀតថា រហូតមកដល់បច្ចុប្បន្នសាជីវកម្មរីនណៃបានលក់ផលិតផលរបស់ខ្លួននៅជាង ៨០ ប្រទេស និងមានក្រុមហ៊ុនបុត្រសម្ព័ន្ធនៅចំនួន ១៧ប្រទេស ។ នៅប្រទេសជប៉ុន រីនណៃជាប់លំដាប់ថ្នាក់ទី១ ដែលមានចំនែកទីផ្សារធំជាងគេ ។ ម៉ាស៊ីនទឹកក្តៅរីនណៃ ក៏ជាប់លេខ១ នៅទីផ្សារសហរដ្ឋអាមេរិក អូស្រ្តាលី ញ៉ូស្សេឡែន ប្រេស៊ីល ។ល។ សម្រាប់ផ្នែកចង្រ្កាន រីនណៃ ជាប់លេខ ១ នៅប្រទេស កូរេខាងត្បូង ឥណ្តូនេស៊ី វៀតណាម ជាដើម ។
ព្រមជាមួយគ្នានោះ លោកស្រី គឹមស្រ៊ុន អេលីដា អគ្គនាយិការក្រុមហ៊ុនខេមខូណា ត្រេឌីង ខេមបូឌា បានថ្លែងផងដែរថា «សាជីវកម្មរីនណៃ បានពង្រីកការចែកចាយ មកប្រទេសកម្ពុជាយើង កាលពីឆ្នាំ២០១៣ និងទទួលបានការទទួលស្គាល់ និងនិយមគាំទ្រយ៉ាងឆាប់រហ័ស ពីសំណាក់អតិថិជន និងអ្នកប្រើប្រាស់ដោយសារគុណភាពខ្ពស់ សុវត្ថិភាព ព្រមទាំងសេវាកម្មល្អក្រោយពេលលក់»។
លោកស្រីបន្ថែមថា ដោយមានការសំណូមពរជាច្រើន ពីសំណាក់អតិថិជន សាជីវកម្មរីនណៃ ក៏បានរៀបចំបង្កើតម៉ាស៊ីនទឹកក្តៅ រីនណៃ ប្រភេទកម្តៅទឹកភ្លាមៗស៊េរីគ្រីស្តាល់ថ្មី ដែលមានរូបរាងទាន់សម័យ គុណភាពល្អ ប៉ុន្តែ តម្លៃថោកសមរម្យ សម្រាប់អតិថិជនទូទៅ ជាវប្រើប្រាស់បាន ។
រីនណៃ ផ្តល់នូវដំណោះស្រាយម៉ាស៊ីនទឹកក្តៅគ្រប់ប្រភេទ ដែលប្រើថាមពល អគ្គិសនី ហ្គាស ពន្លឺព្រះអាទិត្យ សម្រាប់អតិថិជនទូទៅក៏ដូចជាសំរាប់សណ្ឋាគារ ខុនដូ ស្ប៉ា ជាដើម៕