(ភ្នំពេញ)៖ ក្រុមប្រតិបត្តិការចម្រុះនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សមត្ថកិច្ចមូលដ្ឋាន ដើម្បីចុះត្រួតពិនិត្យគោលដៅ ស្ថិតនៅផ្លូវជាតិលេខ៥ ភូមិពោធិ៍មង្គល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ដោយឃាត់ខ្លូនជនជាតិវៀតណាមបាន២៥នាក់ ដែលចូលមកស្នាក់នៅ និងប្រើប្រាស់ឯកសារខុសច្បាប់។
លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានឲ្យដឹងថា ប្រតិបត្តិការនេះត្រូវបានធ្វើឡើងនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ដោយមានការសម្របសម្រួលពី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ។
ជាលទ្ធនៃប្រតិបត្តិការនេះ ត្រូវបានលោកឧត្តមសេនីយ៍ប្រធាននាយកដ្ឋាន បញ្ជាក់ថា បានពិនិត្យឃើញមានជនជាតិវៀតណាមចំនួន ២៥នាក់ ស្រី០៩នាក់ ក្នុងនោះមាន១៨នាក់ ស្រី០៦នាក់ បានប្រើប្រាស់ឯកសារត្រឹមត្រូវ និងចំនួន០៧នាក់ ស្រី០៣នាក់ បានលួចចូលមកស្នាក់នៅ និងប្រមុខរបរដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន។
ក្រោយឃាត់ខ្លួន បានបញ្ជូនជនជាតិវៀតណាម ចំនួន០៧នាក់ ស្រី០៣នាក់ ដែលប្រើប្រាស់ឯកសារមិនត្រឹមត្រូវតាមច្បាប់ មកកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារតាមនីតិវិធីច្បាប់បន្ត៕