(មណ្ឌលគិរី)៖ លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ស្នើដល់អភិបាល អភិបាលរងស្រុកពេជ្រដា ដែលទើបប្រកាស់ផ្ទេរភារកិច្ចថ្មី ត្រូវសហការគ្នា ក្នុងការរក្សាការពារធនធានធម្មជាតិមានសត្វព្រៃ ព្រៃឈើ និងអភិរក្សតំបន់ភ្នំណាមលៀផងដែរ រួមទាំងរមណីដ្ឋានទឹកជ្រោះប៊ូស្រា ឲ្យក្លាយទៅជាតំបន់កាន់តែទាក់ទាញភ្ញៀវទេសចរ មកទស្សនាកម្សាន្ដកាន់តែច្រើន។
លោក ស្វាយ សំអ៊ាង បានថ្លែងបែបនេះ ក្នុងពិធីប្រកាសផ្ទេរភារកិច្ច អភិបាល អភិបាលរង នៃគណៈអភិបាលស្រុកពេជ្រដា នៅសាលប្រជុំសាលាស្រុកពេជ្រដា នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។
ក្រៅពីនេះលោកអភិបាលខេត្ត បានណែនាំដល់អភិបាល អភិបាលរងស្រុកពេជ្រដា ត្រូវបន្តសហការចូលរួមអនុវត្តការងារ ជាមួយកងកម្លាំងគ្រប់លំដាប់ថ្នាក់ ដើម្បីបន្តរួមគ្នាថែរក្សាការពារសន្តិភាព ស្ថេរភាពនយោបាយ ស្ថេរភាពសង្គមឲ្យបានល្អប្រសើរ និងជំរុញការផ្សព្វផ្សាយនូវគោលនយោបាយ ភូមិឃុំ មានសុវត្ថិភាព ត្រូវបន្តយកចិត្តទុកដាក់លើការងារផ្តល់សេវាជូនដល់ប្រជាពលរដ្ឋ អាជីវករ និងអ្នកពាក់ព័ន្ធឲ្យបានឆាប់រហ័ស ឲ្យមានតម្លាភាព គុណភាព ប្រសិទ្ធភាព ត្រូវយកចិត្តទុកដាក់ក្នុងការដោះស្រាយទំនាស់ដីធ្លីជូនប្រជាពលរដ្ឋ។
លោកអភិបាល បានជម្រុញបន្ថែមដល់អភិបាល អភិបាលរងស្រុក ត្រូវចូលរួមសហការគ្នាជាមួយមន្រ្តីជំនាញគ្រប់ប្រភេទ ក្នុងការរក្សាការពារធនធានធម្មជាតិ ក៏ដូចជារួមសហការគ្នាទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ការជួញដូរ ឬការធ្វើអាជីវកម្មសត្វព្រៃ និងនៅរមណីដ្ឋានទឹកជ្រោះប៊ូស្រាដែលជាកន្លែង សម្រាប់ភ្ញៀវទេសចរមកទស្សនា ជាពិសេសត្រូវរៀបចំកែលម្អ ក៏ដូចជាអភិរក្សតំបន់ភ្នំណាមលៀ ឲ្យក្លាចជាទីកន្លែងសក្ការៈ របស់បងប្អូនជនជាតិដើមភាគតិច ដើម្បីធ្វើយ៉ាងណាឲ្យតំបន់មួយនេះកាន់តែល្បីល្បាញ ដើម្បីអាចទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ មកទស្សនាកាន់តែច្រើន។
ជាមួយគ្នានេះ លោកបានណែនាំ ដល់អភិបាលស្រុក និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវផ្សព្វផ្សាយអប់រំដល់ ប្រជាពលរដ្ឋទាំងអស់ កុំឲ្យកាប់ទន្រ្ទានយកដីរដ្ឋ ធ្វើជាកម្មសិទ្ធ និងចូលរួមទប់ស្កាត់បទល្មើសផ្សេងៗផងដែរ។
សូមបញ្ជាក់ថា ក្នុងពិធីប្រកាសផ្ទេរភារកិច្ច អភិបាល អភិបាលរងស្រុកពេជ្រដា លោក មើល សឿន ពីអភិបាលស្រុកកោះញែក ឲ្យទៅកាន់មុខតំណែង ជាអភិបាលស្រុកពេជ្រដា លោកស្រី យូ ស្រីពៅ ពីអភិបាលរងក្រុងសែនមនោរម្យ ត្រូវបានផ្ទេរទៅបម្រើការងារជាអភិបាលរងស្រុកពេជ្រដា និងលោក ស៊ន សារុន ពីអភិបាលរងស្រុកអូររាំង ទៅបម្រើការងារជាអភិបាលរងស្រុកពេជ្រដាវិញ។
ការផ្លាស់ប្តូរផ្ទេរភារកិច្ចនូវ អភិបាលស្រុកចំនួន៣រូប និងអភិបាលរងស្រុកចំនួន៦រូប ត្រូវបានប្រព្រឹត្តទៅជាផ្លូវការរួចរាល់ហើយ ចាប់តាំងពីថ្ងៃទី២៧-២៨-២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ មានស្រុកចំនួន៣ គឺស្រុកកែវសីមា ស្រុកកោះញែក និងស្រុកពេជ្រាដា។ ដោយឡែក នៅស្រុកអូររាំង និងក្រុងសែនមនោរម្យថ្ងៃស្អែកនេះ ត្រូវមានការផ្លាស់ប្តូរមុខដំណែងជាអភិបាលរងក្រុងសែនមនោរម្យ ចំនួន២រូប និងអភិបាលរងស្រុកអូររាំងចំនួន២រូបទៀត គឺជារុះរើផ្លាស់ប្តូរភារកិច្ចគ្នាចប់ រួចរាល់ទូទាំង៤ស្រុក និងក្រុងមួយរបស់ខេត្តមណ្ឌលគិរី៕