(វីយេន - អូទ្រីស)៖ នៅមជ្ឈមមណ្ឌលអន្តរជាតិ ទីក្រុងវីយេន ប្រទេសអូទ្រីស ដោយបានទទួលសិទ្ធិប្រទានពីរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងលោក លី យ៉ុង អគ្គនាយក អង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍឧស្សាហកម្ម (UNIDO) នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ បានចុះហត្ថលេខាលើសេចក្តីប្រកាសរួមសម្រាប់អនុវត្ត កម្មវិធីភាពជាដៃគូប្រចាំប្រទេស ជាមួយកម្ពុជា។
កម្មវិធីភាពជាដៃគូប្រចាំប្រទេស PCP ឆ្នាំ 2018-2023 មានប្រយោជន៍សម្រាប់កម្ពុជា ក្នុងការជួយគាំទ្រដល់ការអនុវត្តគោលនយោបាយឧស្សាហកម្មកម្ពុជា (IDP) ២០១៥-២០២៥។ កម្មវិធី PCP យកចិត្តទុកដាក់សំខាន់ទៅលើចំណុចបីរួមមាន៖
១) ការអភិវឌ្ឍខ្សែចង្វាក់តម្លៃទេសចរណ៍ប្រកបដោយចីរភាព
២) ការអភិវឌ្ឍខ្សែចង្វាក់តម្លៃកសិឧស្សាហកម្ម និងខ្សែចង្វាក់តម្លៃឧស្សាហកម្មបែបច្នៃប្រឌិតដែលពាក់ព័ន្ធដទៃទៀតឲ្យមានលក្ខណៈប្រកួតប្រជែង
៣) ពិពិធកម្មឧស្សាហកម្ម និងពិសេសការអភិវឌ្ឍតំបន់េសដ្ឋកិច្ចពិសេស។
ដោយពិនិត្យឃើញថា កម្ពុជាមានសន្តិភាព មានគោលនយោបាយជាតិនានា ពិសេសគោលនយោបាយអភិវឌ្ឍន៍ឧស្សហកម្មកម្ពុជាត្រឹមត្រូវច្បាស់លាស់ ហើយម្យ៉ាងទៀតដោយរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគិតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន មានសុឆន្ទៈពិតប្រាកដក្នុងកិច្ចសហការណ៍អនុវត្ត PCP ទើបគណៈកម្មការនៃអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម UNIDO ឯកភាពជាឯកច្ឆ័នជ្រើសរើសកម្ពុជាជាប្រទេសទី១នៅតំបន់អាស៊ី ដើម្បីអនុវត្តកម្មវិធីភាពជាដៃគូប្រចាំប្រទេស ។
នៅក្នុងឱកាសនោះផងដែរ ឯកលោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ក៏បានទទួលជួបពិភាក្សាជាមួយលោក មីតស៊ូរូ គីតាណូ ឯកអគ្គរដ្ឋទូតបេសកកម្មអចិន្ត្រៃយ៍នៃប្រទេសជប៉ុន ប្រចាំនៅអង្គការ UNIDO លោកស្រី ដេប្រា គេតស្មែន តំណាងសហគមន៍អឺរ៉ុបប្រចាំនៅធនាគារអភិវឌ្ឍន៍អាស៊ី លោក យុង ស៊ូឌូ ប្រធានមជ្ឈមណ្ឌលជំរុញការវិនិយោគ និងបច្ចេកវិទ្យា របស់ UNIDO ប្រចាំនៅសាធារណរដ្ឋកូរ៉េ លោក យ៉ាង ហរ័រ៉ុង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Huajian Group លោកស្រី អ៊ីសាបេឡា អនុប្រធានក្រុមហ៊ុន SAP និង លោក ហ្គៅ ហុងប៊ិញ អនុប្រធានក្រុមប្រឹក្សាភិបាល អាលីបាបា គ្រុប និងជាប្រធានក្រុមប្រឹក្សាភិបាល Alli Research។
ក្នុងជំនួបទាំងនេះលោកទេសរដ្ឋមន្ត្រី បានជម្រាបជូនដៃគូសន្ទនាពីសក្តានុពលនៃប្រទេសកម្ពុជា និង ពិនិត្យលទ្ធភាពក្នុងការចូលរួមអនុវត្តកម្មវិធីភាពជាដៃគូប្រចាំប្រទេស ដោយស្នើដល់ម្ចាស់ជំនួយ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជននានា ចូលរួមជាកម្លាំង និងប្រើប្រាស់ធនធានចាំបាច់ដើម្បីប្រែក្លាយគំនិតផ្តួចផ្តើម PCP នេះទៅជាការពិត និងទទួលបានជោគជ័យ ជាពិសេសលោកទេសរដ្ឋមន្ត្រីបានស្នើឲ្យមានការវិនិយោគទាំងឡាយណាដែលមានបច្ចេកវិទ្យាខ្ពស់ ជាទិសដៅចង់បានកម្ពុជាដែលមានឧស្សាហកម្ម ៤.០ ជាប្រភេទវិនិយោគដែលមានទស្សនវិស័យរយៈពេលវែង។ ដៃគូទាំងអស់បានសន្យានិងពិចារណាក្នុងជួយដល់ PCP នៃប្រទេសកម្ពុជា និងឯកភាពក្នុងការទៅធ្វើទស្សនកិច្ចសិក្សា ក៏ដូចជាសិក្សាទីផ្សារនៅកម្ពុជានាពេលឆាប់ៗខាងមុខ។
លោកទេសរដ្ឋមន្ត្រីក៏បានទទួលជួបជាមួយលោក ឡឺវិន អនុរដ្ឋមន្ត្រីនៃប្រទេសរុស្សីផងដែរ ក្នុងជំនួបនេះ លោក ឡឺវិន បានជម្រាបជូនថា ប្រទេសរុស្សីគឺជាបេក្ខភាពមួយក្នុងការរៀបចំពិព័រណ៌ពិភពលោកឆ្នាំ២០២៥ និងបានស្នើសុំកម្ពុជាចូលរួមក្នុងការតាំងបង្ហាញផលិតផលកម្ពុជា នៅក្នុងកម្មវិធីនោះផងដែរ លោកទេសរដ្ឋមន្ត្រី នឹងជូនព័ត៌មានដល់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួង ស្ថាបន័ពាក់ព័ន្ធនៅកម្ពុជា ហើយបានស្នើឲ្យភាគីរុស្ស៊ីពិនិត្យលទ្ធភាពក្នុងការមកបណ្តាក់ទុនវិនិយោគផ្សេងៗនៅកម្ពុជា ជាពិសេសប្រភេទឧស្សាហកម្មដែលប្រើប្រាប់បច្ចេកវិទ្យា៕