(ភ្នំពេញ)៖ សហជីពធំៗចំនួន៤ ដែលតំណាងកម្មករនយោជិកជិត៧០ម៉ឺននាក់ រួមមានសហភាពជាតិកម្ពុជាការពារកម្មករ, សហភាពសហជីពជាតិឯករាជ្យកម្ពុជា, សហព័ន្ធសហជីពអភិវឌ្ឍន៍កម្ពុជា និងសហភាពកម្ពុជាពន្លឺកម្មករ បានចេញសេចក្ដីថ្លែងការណ៍គាំទ្រ នូវសមិទ្ធដែលជាកិច្ចខិតខំប្រឹងប្រែង ដើម្បីជួយដល់វិស័យកាត់ដេរនៅកម្ពុជា និងផ្ដល់ប្រយោជនដល់កម្មករ និយោជិត។
បើតាមសេចក្ដីថ្លែងការណ៍ ដែលអង្គភាព Fresh News ទទួលបាននៅល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ សហជីពធំៗទាំង៤នោះ បានបញ្ជាក់ដូចៗគ្នាថា បានមើលឃើញនូវស្ថានភាព សុខសន្ដិភាព សុវត្ថិភាពស្ថេរភាពការងារ សុខុដុមរមនាកម្មករនិយោជិត ពិសេសមានសម្ដេចតេជោ ហ៊ុន សែន ដែលសម្ដេចតែងតែបាននិងកំពុងយកចិត្តទុកដាក់ជួយកម្មករ។
សហជីពដែលតំណាងកម្មករជិត៧០ម៉ឺននាក់នោះ សូមប្រឆាំងដាច់ខាតចំពោះសកម្មភាព ឬទង្វើទាំងឡាយណាដែលធ្វើឲ្យប៉ះពាល់ ឬបាត់បង់ការងារ និងផលប្រយោជន៍របស់កម្មករនិយោជិត និងប្រជាពលរដ្ឋដោយកេងយកពួកគាត់ធ្វើជាឈ្នាន់នយោបាយបានឡើយ។
បន្ថែមពីសហជីពទាំង៤នោះ សូមធានាសុវត្ថិភាពពុំមានអសកម្ម ឬបញ្ហាពាក់ព័ន្ធជាមួយបក្សនយោបាយ នៃការរំលាយគណបក្សសង្គ្រោះជាតិ ស្របតាមនីតិវិធីនោះឡើយ គឺស្ថានភាពនៅកម្ពុជាបាននិងកំពុងដំណើរការប្រក្រតី គ្មានទេបដិវត្តពណ៌នៅកម្ពុជា ធានាកម្ពុជារីកចម្រើនរឹងមាំ និងអភិវឌ្ឍន៍ជានិច្ច ឲ្យតែមានសម្ដេចតេជោ ហ៊ុន សែន។
សហជីពទាំងនោះ សូមអំពាវនាវដល់អ្នកវិនិយោគនានា មេត្ដាមកវិនិយោគនៅកម្ពុជាឲ្យបានច្រើន និងសូមអំពាវនាវដល់កម្មករនិយោជិក មេត្តារក្សាភាពស្ងៀមស្ងាត់ខិតខំបន្ដធ្វើការងាររបស់ខ្លួន ដើម្បីផលប្រយោជន៍ក្រុមគ្រួសារ និងអភិវឌ្ឍន៍ជាតិមាតុភូមិ ក្រោមលទ្ធិប្រជាធិបតេយ្យពិតៗនៅកម្ពុជា៕