(ភ្នំពេញ)៖ គណៈប្រតិភូមីយ៉ានម៉ា នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ បានចុះជួបសំណេះសំណាលការងារជាមួយអភិបាលរងខណ្ឌពោធិ៍សែនជ័យ ដើម្បីដកស្រង់ និងចែករំលែកបទពិសោធន៍លើការគ្រប់គ្រងរដ្ឋបាល ក្នុងខណ្ឌពោធិ៍សែនជ័យ។
មន្រ្តីសាលាខណ្ឌពោធិ៍សែនជ័យបានឲ្យដឹងថា គណៈប្រតិភូខាងលើអញ្ជើញមកពីប្រទេសមីយ៉ាន់ម៉ា ដើម្បីចូលរួមក្នុងកិច្ចប្រជុំ សំណេះសំណាល ជាមួយអាជ្ញាធរ និងOWSO/DO នៃខណ្ឌពោធិ៍សែនជ័យ ក្នុងគោលបំណងស្វែងយល់ និងដកបទពិសោធន៍ លើការងារគ្រប់គ្រងរដ្ឋបាល និងការគ្រប់គ្រងប្រជាពលរដ្ឋ របស់រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ដែលខណ្ឌ នេះជាខណ្ឌមួយក្នុងចំណោម ខណ្ឌទាំង១២នៅក្នុងរាជធានីភ្នំពេញ។
អ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺ ក៏មានបំណងចង់ស្វែងយល់ពី ទិដ្ឋភាពនិងស្ថានភាពទូទៅរបស់រដ្ឋបាលខណ្ឌមួយនេះ ក្នុងពេលបច្ចប្បន្ន និងទិសដៅបន្តនាពេលខាងមុខទៀតផងដែរ ជាពិសេសជាការរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរ កម្ពុជានិងមីយ៉ាន់ម៉ា ឲ្យកាន់តែមានភាពរឹងមាំថែមទៀង ។
លោក ឃឹម ស៊ុនសូដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ បានជំរាបជូនគណៈប្រតិភូប្រទេសមីយ៉ាន់ម៉ាថា ខណ្ឌពោធិ៍សែនជ័យជាខណ្ឌមួយក្នុងចំណោមខណ្ឌទាំង១២ នៅក្នុងរាជធានីភ្នំពេញ ដែលបានបង្កើតឡើងតាមអនុក្រិត្យ រាជរដ្ឋាភិបាល លេខ៨០អនក្របក ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១១។ មានផ្ទៃដី១៨៤,៧១គីឡូម៉ែត្រក្រឡា ស្មើរនឹង២១,៤៧% នៃផ្ទៃដីសរុបរបស់រាជធានីភ្នំពេញ ចែកចេញជា១៣សង្កាត់ និង១៦២ភូមិ និង១២សហគមន៍ហើយមានប្រជាពលរដ្ឋ ចំនួន១១,១០៥គ្រួសារ ស្មើរនិង២១៩,៥៣០នាក ក្នុងនោះស្រី១២៣,៣៥២នាក់។
លោកអភិបាលរងខណ្ឌក៏បាន លើកឡើងពីសកម្មភាពការងារការអភិវឌ្ឍន៏ ការគ្រប់គ្រងនិងបម្រើប្រជាពលរដ្ឋរបស់រដ្ឋបាលខណ្ឋ ជាពិសេសក៏បានជម្រាបជូនអំពី ការបង្កើតឡើងដោយរដ្ឋាភិបាល នូវការិយាល័យច្រកចេញចូលតែមួយ ដែលជាការិយាល័យ មួយសំខាន់នៅតាមបណ្ដាខណ្ឌនីមួយៗ ដែលជាការិយាល័យបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ មានភាពងាយស្រួល។
ក្នុងនោះលោក ក៏បានលើកឡើង អំពីចំណុចខ្លាំងនិងចំណុចខ្សោយ ក្នុងការគ្រប់គ្រងរដ្ឋបាល ព្រមទាំងការប្រឈមនានា ដែលបានជួបប្រទះក្នុងពេលកន្លងមក ពេលបច្ចុប្បន្ន និងរិះរកវិធីសាស្រ្តសម្រាប់ទិសដៅបន្តនាពេលអនាគតផងដែរ៕