(ភ្នំពេញ)៖ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ទទួលខុសត្រូវលើការដឹកនាំ និងការអនុវត្តការងារបង្ការ និងការប្រយុទ្ធទប់ស្កាត់ការរីករាលដាល មេរោគអេដស៍/ជំងឺអេដស៍ នៅក្នុងកម្ពុជា នឹងប្រារព្ធ «ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍១ធ្នូ» ឆ្នាំ២០១៧ នៅសាលសន្និសីទចតុមុខ នាថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ខាងមុខនេះ ក្រោមប្រធានបទ «កម្ពុជាប្តេជ្ញាឆ្ពោះទៅសម្រេចបាននូវគោលដៅសូន្យបី និង ៩៥-៩៥-៩៥ នាឆ្នាំ២០២៥» ដើម្បីឈានទៅលុបបំបាត់មេរោគអេដស៍/ជំងឺអេដស៍ទាំងស្រុងនៅកម្ពុជា នៅឆ្នាំ២០២៥។
ទិវាដ៏មហោឡារិកនេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាព លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ព្រះសង្ឃ សមាជិក ព្រឹទ្ធសភា សមាជិករដ្ឋសភា សមាជិករាជរដ្ឋាភិបាល អង្គទូត ថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ សមាជិកគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ និងក្រុមការងារប្រយុទ្ធនឹងជំងឺអេដស៍ក្រសួង ស្ថាប័ន អង្គការជាតិ អន្តរជាតិ កងនគរបាល កងយោធពលខេមរភូមិន្ទ តំណាងសង្គមស៊ីវិល តំណាងអ្នករស់នៅជាមួយមេរោគអេដស៍ យុវជន និស្សិត ប្រមាណជា៦០០អង្គ/នាក់ នឹងនិមន្ត និងអញ្ជើញ ចូលរួមក្នុងពិធីនោះ។
ដោយឡែកនាវេលាល្ងាចចាប់ពីម៉ោង១៦៖០០ដល់ម៉ោង ២១៖០០យប់ ថ្ងៃខែឆ្នាំដដែល នឹងមានការប្រគុំតន្ត្រី និងឆាកកំប្លែងអប់រំផ្សព្វផ្សាយបង្កើនការយល់ដឹង អំពីការប្រយុទ្ធទប់ស្កាត់មេរោគអេដស៍/ជំងឺអេដស៍ នៅរមណីយដ្ឋានវត្តភ្នំ ដោយមានការចូលរួមពីសិល្បករ សិល្បការិនី និងតារាកំប្លែងជាច្រើនរូប៕