(ស្វាយរៀង)៖ លោក ជា បូរ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង បានជំរុញឲ្យក្រុមការងារចុះជួយមូលដ្ឋានស្រុកកំពង់រោទិ៍ បង្កើនភាពជិតស្និទ្ធ ជាមួយប្រជាពលរដ្ឋ និងក្ដាប់ឲ្យបាននូវបញ្ហារបស់ពួកគាត់ ដើម្បីដោះស្រាយជូនភ្លាមៗប្រកបដោយប្រសិទ្ធភាព។
ការជំរុញដល់ក្រុមការងារមូលដ្ឋានក្នុងបំណងយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋនេះ ត្រូវបានស្ដែងឲ្យឃើញក្នុងកិច្ចប្រជុំតាមដាន និងត្រួតពិនិត្យការអនុវត្តការងារថ្នាក់ជាតិនៅស្រុកកំពង់រោទិ៍ និងប្រកាសសមាសភាពក្រុមការងារ ថ្នាក់ជាតិចុះមូលដ្ឋានឃុំនានា នៅស្រុកកំពង់រោទិ៍ នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧។
លោកបានលើកឡើងថា ស្ថិតក្រោមម្លប់នៃសុខសន្តិភាព ការបង្រួបបង្រួមជាតិ ការឯកភាពជាតិ ព្រមទាំងស្ថិរភាពសង្គម និងនយោបាយ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តធ្វើការកែទម្រង់លើគ្រប់វិស័យយ៉ាងស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ សំដៅធានាឱ្យបាននូវកំណើនសេដ្ឋកិច្ច ការពង្រឹងខឿនសន្តិសុខជាតិ ការផ្តល់សមភាព និងសមធម៌ក្នុងសង្គម ការអភិវឌ្ឍលើផ្នែកហេដ្ឋារចនាសម្ព័ន្ធនានា និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនក្នុងប្រទេស។
ព្រមជាមួយនេះ លោកបានផ្សព្វផ្សាយពីសភាពការណ៍ថ្មីៗទាក់ទងនឹងការ រំលាយគណបក្សសង្គ្រោះជាតិ និងការចុះចូលរបស់អតីតក្រុមប្រឹក្សាឃុំ-សង្កាត់ និងសមាជិករបស់គណបក្សសង្គ្រោះជាតិផងដែរ។ ការរំលាយគណបក្សសង្គ្រោះ ជាតិ គឺស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ ព្រមទាំងដើម្បីការពារ សន្តិភាពជូនប្រជាពលរដ្ឋ បន្តការអភិវឌ្ឍលើគ្រប់វិស័យបន្តទៅទៀត ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលស្របច្បាប់ ពិសេសដើម្បីការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងពង្រឹងលិទ្ធប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា។
ចំពោះការចុះចូលរបស់តំណាងរាស្ត្រ ក្រុមប្រឹក្សារាជធានី-ខេត្ត និងក្រុមប្រឹក្សាឃុំ-សង្កាត់របស់គណបក្សសង្គ្រោះជាតិ គឺជាការបន្តឱកាសសម្រាប់ឱ្យពួកគាត់បន្តបម្រើប្រជាពលរដ្ឋតែប៉ុណ្ណោះ ពុំមែនជាការបំបែកបំបាក់ផ្ទៃក្នុងរបស់សមាជិកគណបក្សសង្គ្រោះជាតិ ឬខ្លាចបោះឆ្នោតចាញ់គណបក្សសង្រ្គោះជាតិនោះឡើយ។ នេះជាការបញ្ជាក់បន្ថែមរបស់លោក ជា បូរ៉ា។
ទន្ទឹមនឹងនេះ លោក ជា បូរ៉ា បានផ្សព្វផ្សាយពីសមិទ្ធផលការងាររបស់រាជរដ្ឋាភិបាល និងគោលនយោបាយកែលម្អសុខុមាលភាព ប្រជាពលរដ្ឋ កម្មករ-កម្មការិនី ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងនិវត្តជន តាមរយៈការដំឡើងប្រាក់បៀវត្ស និងប្រាក់ឧបត្ថម្ភ បូករួមទាំងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត នៅឆ្នាំ២០១៨។
ដើម្បីឈានសម្រេចបានជោគជ័យ និងសម្រេចបានតាមទិសដៅរបស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកកំពង់រោទិ៍ លោក ជា បូរ៉ា បានផ្តល់អនុសាសន៍ដល់ប្រធាន-អនុប្រធាន និងសមាជិកក្រុមការងារដូចខាងក្រោម៖
១៖ បង្កើនភាពជឿជាក់កក់ក្តៅ និងជិតស្និទ្ធជាមួយប្រជាពលរដ្ឋមូលដ្ឋាន តាមរយៈការចុះជាប់មូលដ្ឋាន ការរៀបចំវេទិកាសាធារណៈ និងការធ្វើអំពើល្អរបស់អាជ្ញាធរ មន្រ្តី និងសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់។
២៖ យកចិត្តទុកដាក់គិតគូរ និងដោះស្រាយនូវបញ្ហាប្រឈម និងសំណូមពរនានាដែលពាក់ព័ន្ធនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពិសេសប្រព័ន្ធធារាសាស្ត្រ (ទំនប់ អាងទឹក ប្រឡាយទឹក ទ្វារទឹក) ការបង្កបង្កើនផល ការកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅតាមភូមិ ឃុំ ស្រុក ការផ្គត់ផ្គង់អគ្គីសនី ទឹកស្អាត អនាម័យ សណ្តាប់ធ្នាប់សាធារណៈ ការរៀបចំផ្សារគំរូ ទីប្រជុំជនស្អាត ភូមិស្អាត និងផ្ទះស្អាត។
៣៖ រៀបចំផែនការសកម្មភាពការងារនៅតាមឃុំនីមួយៗ ពិសេសសយកចិត្តទុកដាក់ដល់ការរៀបចំវេទិកាសាធារណៈនៅតាមមូលដ្ឋានភូមិ ឃុំ ដើម្បីក្តាប់យោបល់ និងសំណូមពររបស់ប្រជាពលរដ្ឋ ហើយធ្វើរបាយការណ៍ជូនក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកកំពង់រោទិ៍ ពិនិត្យ និងដោះស្រាយ។
៤៖ សហការជំរុញ និងលើកកម្ពស់គណនេយ្យភាពរបស់រដ្ឋបាលឃុំ ភូមិ ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។
៥៖ ជំរុញអនុវត្តតាមការណែនាំរបស់ក្រសួងមហាផ្ទៃ ស្តីពីការពង្រឹងការអនុវត្តតួនាទី ភារកិច្ចរបស់រដ្ឋបាលឃុំសង្កាត់ សំដៅធានាប្រក្រតីភាព និងនិរន្តរភាពការងារ និងការអនុវត្តសាលដីការបស់តុលាការកំពូល ស្តីពីការរំលាយគណបក្សសង្គ្រោះជាតិ៕