(ភ្នំពេញ)៖ លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានអាយុមិនលើសពី៦០ឆ្នាំ និងសមត្ថភាពអាចផ្តល់ឈាម នាំគ្នាចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តឲ្យបានសស្រាក់ស្រស្រាំ សម្រាប់យកជួយសង្គ្រោះដល់ជនរងគ្រោះនៅតាមមន្ទីរពេទ្យនានា។

លោក ឡេង ប៉េងឡុង បានឲ្យដឹងថា នេះជាឆ្នាំទី៤ហើយ ដែលថ្នាក់ដឹកនាំ និងមន្ត្រី នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា បានធ្វើការបរិច្ចាគឈាមជូនដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីធ្វើជាគំរូដល់សាធារណជនចូលរួមផ្តល់ឈាមកាន់តែច្រើនឡើងថែមទៀត ក៏ដូចជាចង់បង្ហាញថា ការផ្តល់ឈាមមិនធ្វើឲ្យខូចសុខភាពរបស់អ្នកបរិច្ចាគនោះឡើយ។

ការលើកឡើងបែបនេះក្នុងពិធីបរិច្ចាគឈាមរបស់ថ្នាក់ដឹកនាំ និង មន្ត្រីរាជការរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភាប្រមាណ ៦២នាក់នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅវិមានរដ្ឋសភា ក្រោមប្រធានបទ «កុំចាំដល់ពេលមានអាសន្នផ្តល់ឈាមថ្ងៃនេះសំរាប់ខ្លួនអ្នក គ្រួសារអ្នក ឬ សហគមន៍របស់អ្នក»

លោកវេជ្ជបណ្ឌិត ហុក គឹមចេង ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាមបានឲ្យដឹងថា នៅតាមមន្ទីរពេទ្យមានអ្នកជំងឺត្រូវការឈាមសម្រាប់សង្គ្រោះជីវិតរៀងរាល់ថ្ងៃ ហើយនេះជាបញ្ហាប្រឈម ដែលទាមទារនូវជំនួយឈាមស្រស់ពីសប្បុរសជន ដើម្បីត្រៀមទុកជួយសង្គ្រោះជីវិតមនុស្សពីការបាត់បង់ឈាមច្រើន ដោយមិនបាច់បង់ថ្លៃ។ លោកវេជ្ជបណ្ឌិត បន្តថាតម្រូវការឈាមសម្រាប់សង្គ្រោះជីវិតមនុស្សនៅក្នុងប្រទេសកម្ពុជា បានបន្តកើនឡើងជារៀងរាល់ថ្ងៃ ខណៈការផ្គត់ផ្គង់មិនទាន់ឆ្លើយតបទៅនឹងតម្រូវការ ដែលមានរហូតដល់ ២០០ប្លោកក្នុង១ថ្ងៃ។

លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា នៅក្នុងឆ្នាំ២០១៧នេះ កម្ពុជាត្រូវការឈាមប្រមាណ៧ម៉ឺន ៥ពាន់ប្លោក ក្នុងកំណើនជាង២០ភាគរយ បើធៀបនឹងតម្រូវការឈាមក្នុងឆ្នាំ២០១៦កន្លងទៅ ដែលមានចំនួន៦ម៉ឺន៥ពាន់ប្លោក។ លោកបន្តថា តម្រូវការឈាមក្នុងឆ្នាំ២០១៨ អាចឈានដល់ជាង៨ម៉ឺនប្លោក។

លោកថ្លែងថា «ការយល់ដឹងពីការបរិច្ចាគឈាម ក្នុងការជួយសង្គ្រោះជីវិតរបស់ប្រជាពលរដ្ឋកម្ពុជានៅមានចំនួនតិចតួច ស្របពេលដែលតម្រូវការឈាម បន្តកើនឡើងជាលំដាប់។

លោក សេង សេងហៃ និង លោក ទុន សាខនមន្ត្រីអគ្គលេខាធិការរដ្ឋសភា ដែលចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាម បានបង្ហាញនូវចំណាប់អារម្មណ៍ថា ការបរិច្ចាគឈាម គឺជាទង្វើសប្បុរសធម៌ដែលមនុស្សគ្រប់គ្នាមិនគួរមើលរំលង ខណៈមានការដង្ហើយហៅរកជំនួយឈាមស្រស់សម្រាប់យកទៅសង្គ្រោះជីវិតមនុស្សឲ្យរួចពីសេចក្តីស្លាប់៕