(ភ្នំពេញ)៖ ស្ថានតំណាងកម្ពុជា នាថ្មីៗនេះ បានអន្តរាគមជួយដល់ពលរដ្ឋខ្មែរ១៧នាក់ ដោយក្នុងនោះ មាន៤នាក់រងគ្រោះនៅប្រទេសម៉ាឡេស៊ី និង១៣នាក់ទៀតរងគ្រោះនៅប្រទេសវៀតណាម។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបណ្តាញ Fresh News ទទួលបាននារសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧។
សេចក្តីប្រកាសរបស់ក្រសួងការបរទេស បានឱ្យដឹងថា ស្ថានតំណាងកម្ពុជា បានអន្តរាគមជួយពលរដ្ឋខ្មែរ ដែលបានទៅរស់នៅ និងធ្វើការដោយខុសច្បាប់ ពីប្រទេសវៀតណាម និងប្រទេសម៉ាឡេស៊ី មានចំនួនដូចខាងក្រោម៖
នៅប្រទេសម៉ាឡេស៊ីចំនួន៤នាក់៖
១៖ ពលការិនី លឿង ធីតា អាយុ៣០ឆ្នាំ មកពីខេត្តក្រចេះ បានធ្វើដំណើរទៅម៉ាឡេស៊ីដោយខ្លួនឯង និងបានធ្វើការងារតាមផ្ទះ នៅឆ្នាំ២០១២ ប៉ុន្តែបានឈប់ពីការងារនៅឆ្នាំ២០១៦ បន្ទាប់ពីសម្រាលកូនស្រីម្នាក់។
២៖ ពលករ ឡឹប ដារីហ្វីន អាយុ៣០ឆ្នាំ មកពីខេត្តបាត់ដំបង បានទៅធ្វើការនៅរោងចក្រឈើនៅរដ្ឋ Selangor ប្រទេសម៉ាឡេស៊ី ក្នុងឆ្នាំ២០១៤ តាមរយៈមេខ្យល់។
៣៖ ពលការិនីឈ្មោះ ម៉េង ខ្លី អាយុ២៣ឆ្នាំ មកពីខេត្តកំពង់ចាម បានទៅម៉ាឡេស៊ី ធ្វើការជាអ្នកបោសសំអាត នៅឆ្នាំ២០១៥ តាមរយៈក្រុមហ៊ុនមួយ នៅកម្ពុជា។ នាងបានស្នើសុំស្ថានទូតជួយទាមទារប្រាក់ខែដែលខ្វះពីនិយោជក ហើយក្រោយស្ថានទូតធ្វើអន្តរាគមន៍ ពលការិនីបានទទួលប្រាក់ខែ គ្រប់ចំនួននិងលិខិតឆ្លងដែនវិញ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧។
ស្ថានទូតបានចេញលិខិតធ្វើដំណើរ និងសម្របសម្រួលជាមួយការិយាល័យអន្តោប្រវេសន៍ ម៉ាឡេស៊ី ហើយពលរដ្ឋខ្មែរទាំង៤នាក់ បានមកដល់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្នុងចុងខែវិច្ឆិកានេះ។
បន្ថែមពីលើនេះ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញ បានសហការជាមួយអាជ្ញាធរវៀតណាម រៀបចំមាតុភូមិនិវត្តន៍របស់ពលរដ្ឋខ្មែរ១៣នាក់ ដែលចូលទៅស្នាក់នៅ និងប្រកបរបរលក់ឆ្នោតនៅវៀតណាម។ ពលរដ្ឋទាំងនោះ មកពីខេត្តស្វាយរៀង មានអាយុចន្លោះពី១ឆ្នាំដល់៧០ឆ្នាំ(កុមារចំនួន៨នាក់) ហើយអាជ្ញាធរវៀតណា មបានរៀបចំអោយស្នាក់នៅបណ្តោះអាសន្នក្នុងមជ្ឈមណ្ឌលគាំពារសង្គមទីក្រុងហូជីមិញ មុនពេលបញ្ជូនមកស្ថានអគ្គកុងស៊ុល។
ស្ថានអគ្គកុងស៊ុល បានជូនពលរដ្ឋទាំង១៣នាក់ មកកម្ពុជាវិញ នៅថ្ងៃទី២៩ ខែ វិច្ឆិកា ឆ្នាំ ២០១៧ តាមច្រកទ្វារព្រំដែនអន្តរជាតិបាវិត ដើម្បីប្រគល់ជូនអាជ្ញាធរកម្ពុជា ចាត់ចែងបញ្ជូនបន្តទៅស្រុកកំណើត៕