(ភ្នំពេញ)៖ គណៈកម្មាការរៀបចំការប្រកួតកីឡាកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ថា ការប្រកួតកីឡាកងទ័ពនឹងត្រូវធ្វើឡើង នៅមជ្ឈមណ្ឌលកោះពេជ្រ រយៈពេល៣ថ្ងៃ ចាប់ផ្ដើមពីថ្ងៃទី០៥-០៦-០៧ ខែមករា ឆ្នាំ២០១៨ ជាមួយនឹងការប្រារព្ធឡើង កាន់តែធំជាងបណ្ដាឆ្នាំមុនៗ ដែលរាប់ទាំងកងកម្លាំង និងមហាជន សរុបជិតមួយពាន់នាក់ស្នើនឹង៥០ក្រុម។
ការបញ្ជាក់បែបនេះ ត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ក្នុងសន្និសីទព័ត៌មាន ស្ដីពីការប្រកួតកីឡាកងយោធពលខេមរភូមិន្ទ សម្រាប់ឆ្នាំ២០១៨ នៅទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ។
ថ្លែងក្នុងសន្និសីទនេះ លោកឧត្តមសេនីយ៍ឯក លឹម ផាន់ភារៈ និងលោកឧត្តមសេនីយ៍ទោ ផាត វិបុលសុភ័ក្រ្ដ ជាក្រុមការងាររៀបចំព្រឹត្តិការណ៍ ប្រកួតកីឡាកងយោធពលខេមរភូមិន្ទឆ្នាំ២០១៨ បានបញ្ជាក់ដូចៗគ្នាថា ការប្រកួតកីឡាកងយោធពលខេមរភូមិន្ទ ឆ្នាំ២០១៨ (ការប្រកួតកីឡាកងទ័ព) គឺជាព្រឹត្តិការណ៍ធំមួយ ដែលត្រូវបានរៀបចំឡើង ក្នុងគោលបំណងសំខាន់ៗ រំលឹកខួបអនុស្សាវរីយ៍ទិវាបុណ្យជាតិ៧មករា និងប្រមូលមូលនិធិ ដើម្បីគាំទ្រសកម្មភាព សមាគម អតីតយុទ្ធជនកម្ពុជា។
ព្រឹត្តិការណ៍នេះ នឹងបង្ហាញដល់សាធារណជន និងមហាជន ស្វែងយល់ និងយល់ដឹងបន្ថែមទៀតអំពីតួនាទី និងភារកិច្ចរបស់កងទ័ព ក្នុងការចូលរួមថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ ហើយក៏បង្កលក្ខណៈឲ្យមហាជនចូលរួមកាន់តែជិតស្និទ្ធជាមួយនឹងកងទ័ព។
ក្រៅពីការប្រកួតកីឡានេះ ក៏មានការដាក់តាំងនូវសព្វាវុធធំទើបៗ របស់កងទ័ព ដែលបម្រើឲ្យវិស័យការពារជាតិ មាតុភូមិ ដើម្បីសាធារណជនបានយល់ និងជ្រាបកាន់តែច្បាស់ ពីអ្វីទៅដែលហៅការសព្វាវុធការពារប្រទេស និងបានផ្ដិតរូបទុកជាអនុស្សាវរីយ៍ផងដែរ។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ត្រី មាស សុភារិទ្ធ ប្រធានក្រុមការងារប្រតិបត្តិការកីឡា ក៏បានបញ្ជាក់ពីខ្លឹមសារមួយចំនួន នៃការប្រកួតកីឡាកងយោធពលខេមរភូមិន្ទថា វិញ្ញាសារក្នុងការប្រកួតនេះ មាន៣វិញ្ញាសារ ទី១៖ រត់កម្មង់ដូរ៤គីឡូម៉ែត្រ ទី២៖ សែងប្រង់ការ និងទី៣៖ ឆ្លងឧបសគ្គ ដែលបានរៀបចំនៅទីក្រុងកោះពេជ្រ សម្រាប់ឲ្យមហាជនដែលបានដាក់ពាក្យចូលរួមប្រឡង។
លោកឧត្តមសេនីយ៍បន្ថែមថា ការប្រកួតចែកជា២ប្រភេទ ទី១៖រត់៤គីឡូម៉ែត្រ សែងប្រង់ការ និងឆ្លងឧបសគ្គ ដែលការប្រកួតនេះមានអង្គភាពកងទ័ព អង្គភាពស៊ីវិល និងមហាជន, ប្រភេទទី២៖ សម្រាប់មហាជនទាំងស្រុង ដោយរត់កម្មង់ដូរ៣គីឡូម៉ែត្រ សែងប្រង់ការ១គីឡូម៉ែត្រ ទម្ងន់៥០គីឡូក្រាម ហើយឆ្លងឧបសគ្គ ដែលវិញ្ញាសារនេះកងទ័ព រៀបចំយ៉ាងពិសេសសម្រាប់មហាជន៕