(បន្ទាយមានជ័យ)៖ កម្មវិធី «ទស្សនាទានព្រះពុទ្ធសាសនា» បានបង្កើតដោយក្រសួងធម្មការ និងសាសនា រហូតមកដល់ ពេលនេះ បាន និងកំពុង ចូលរួមចំណែក ផ្តល់ចំណេះដឹង យ៉ាងទូលំទូលាយ ដល់សិស្សនិស្សិតរាប់ម៉ឺននាក់ នៅតាមបណ្តាខេត្ត មួយចំនួននៅទូទាំងប្រទេសកម្ពុជា។

ជាក់ស្តែងនៅថ្ងៃទី២៩ ខែវិច្ឆិកានេះ កម្មវិធី «ទស្សនាទានព្រះពុទ្ធសាសនា»​ នៃក្រសួងធម្មការនិងសាសនា​ បានរៀបចំនៅវិទ្យាល័យ​ អូអំបិល​ សង្កាត់អូរអំបិល​ ក្រុងសេរីសោភណ្ឌ​ ខេត្តបន្ទាយមានជ័យ នាថ្ងៃពុធ​ ១១កើត​ ខែមិគសិរ​ ឆ្នាំរកា​ នព្វស័ក​ ព.ស.២៥៦១ ​ត្រូវថ្ងៃទី២៩​ ខែវិច្ឆិកា​ ឆ្នាំ២០១៧ ដោយមានសិស្សចូលរួម ចំនួនសរុប១៨១៦នាក់ ​។​

លោក ប៉ែន វិបុល អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ដែលបានចុះទៅផ្សព្វផ្សាយនូវកម្មវិធីនេះ បានលើកឡើង ដោយផ្តោតសំខាន់ លើការ លើកកំពស់ក្រោម សីលធម៌សង្គមឱ្យមានភាពល្អប្រសើរ។ ជាមួយគ្នានោះ លោកក៏បានបញ្ជាក់ឲ្យ សិស្សានុសិស្ស ចូលរួមទប់ស្កាត់ នូវវប្បធម៍មិនល្អ របស់បរទេស តាមរយៈការស្គាល់ខ្លួនឯង កុំឱ្យធ្លាក់ចុះទៅកាន់វប្បធម៍របស់ខ្លួន។ បន្ថែមពីលើនោះ លោក ប៉ែន វិបុល ក៏បានអំពាវនាវឲ្យសិស្សានុសិស្ស កុំឲ្យភ្លើតភ្លើននឹង អំពើអបាយមុខ មានដូចជា ស្រី ស្រា ល្បែង ជាដើម។

វាគ្មិនសំខាន់ៗនៅក្នុងកម្មវិធីខាងលើនេះ រួមមាន ព្រះឧត្តមសីលញាណ​ ធុល​ សុធា ព្រះរាជាគណ:ថ្នាក់កិត្តិយស, ព្រះមេគណខេត្តបន្ទាយមានជ័យ, ព្រះសមណញាណ​ ណាប់​ ម៊ឺនព្រះរាជាគណ:ថ្នាក់កិត្តិយស និងជាព្រះបាឡាត់គណខេត្ត​,ព្រះគ្រូកោសលមុនី​ បៀវ​ ថានព្រះលេខាធិការគណខេត្ត​,លោក ប៉ែន​ វិបុល​ អនុរដ្ឋលេខាធិការក្រសួងធម្មការ​ និងសាសនា​ លោក​យិន​ យឿនប្រធានមន្ទីរធម្មការ​ និងសាសនា,​ ខេត្តលោកព្រហ្ម​ សង្អូន​ មន្ត្រីមន្ទីរធម្មការ​ និងសាសនាខេត្ត​ លោកស្តើង​ ស៊ីវហឺ​ នាយកវិទ្យាល័យអូរអំបិល​។

លោក ប៉ែន វិបុល បានលើកឡើងបន្តថា ពិធីនេះរៀបចំឡើងក្នុងគោលបំណងដើម្បីអប់រំផ្សព្វផ្សាយ អំពីព្រះធម៌ និងលើកតម្លៃព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ នឹងបញ្រ្ជាបពុទ្ធឱវាទដល់សិស្សានុសិស្សដែលជាទំពាំងស្នងឬស្សី ឲ្យយល់ដឹងពីបុណ្យ បាប គុណ ទោស ពិសេសអប់រំផ្លូវកាយ វាចា ចិត្ត ពង្រឹង សីលធម៌ សុជីវធម៌ គុណធម៌ ចរិយាធម៌ និងប្រកាន់ភ្ជាប់នូវបញ្ចសីលឬសីលប្រាំ។

គួរបញ្ជាក់ថា កម្មវិធី ទស្សនាទានព្រះពុទ្ធសាសនា ដឹកនាំដោយ លោក ហ៊ឹម ឆែម ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា សហការជាមួយ អគ្គនាយកដ្ឋានវិទ្យុ ទូរទស្សន៍រដ្ឋ និងឯកជន និងរៀបចំដោយផ្ទាល់ ពីនាយកដ្ឋានស្រាវជ្រាវផ្សព្វផ្សាយព្រះពុទ្ធសាសនា ផ្សារភ្ជាប់សង្គម នៃ​ក្រសួងធម្មការ និងសាសនា។ការបង្កើតកម្មវិធីនេះ ក៏បានធ្វើឡើងឆ្លើយតបទៅ នឹងអនុសាសន៍របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចុះថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៥។

គិតមកដល់ពេលនេះ កម្មវិធី «ទស្សនាទានព្រះពុទ្ធសាសនា» បានចុះបេសកកម្មផ្តល់ចំណេះដឹងជូនដល់សិស្សនៅវិទ្យាល័យ រាប់ពាន់នាក់ហើយ ក្នុងនោះរួមមានខេត្ត ស្វាយរៀង​ ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំងជាដើម៕