(ភ្នំពេញ)៖ អង្គការអន្ដរជាតិខាងការងារ (ILO) បានលើកឡើងថា ប្រទេសកម្ពុជាត្រូវបង្កើនការចំណាយលើសេវាសង្គមបន្ថែមទៀត ដើម្បីដើរឲ្យទាន់ប្រទេសក្នុងតំបន់ ខណៈវិសាលភាពនៃកិច្ចគាំពារសង្គមនេះមានការកើនឡើងទូទាំងអាស៊ី ក្នុងទសវត្សរ៍ចុងក្រោយនេះ ប៉ុន្ដែកម្ពុជាហាក់នៅមានភាពយឺតយ៉ាវជាងប្រទេសផ្សេងៗទៀតនៅឡើយ។
យោងតាមរបាយការណ៍ស្នូលស្ដីពីកិច្ចគាំពារសង្គមក្នុងពិភពលោកបានឲ្យដឹងថា បើទោះបីជាមានការពង្រីកវិសាលភាពកិច្ចគាំពារសង្គមគួរឲ្យកត់សម្គាល់យ៉ាងណាក៏ដោយ មានប្រជាជនក្នុងពិភពលោក ត្រឹមតែ ២៩ភាគរយប៉ុណ្ណោះដែលបានទទួកិច្ចគាំពារសង្គមពេញលេញ។ បញ្ហានេះធ្វើឲ្យប្រជាជនក្នុងពិភពលោករួមទាំងពលរដ្ឋកម្ពុជាជាច្រើននាក់ ត្រូវរងគ្រោះដោយសារភាពក្រីក្រ វិសមភព និងការផាត់ចេញពីសង្គម ដែលជាឧបសគ្គដ៏ធំមួយរាំងស្ទះដល់ការអភិវឌ្ឍសេដ្ឋកិច្ច និង សង្គម។
របាយការណ៍ថ្មីរបស់ ILO បានកត់សម្គាល់ថា ដោយសារតែការប្រើប្រាស់គំរូនៃការអភិវឌ្ឍ ដែលផ្ដល់អាទិភាពលើកំណើនសេដ្ឋកិច្ច ជាជាងគោលនយោបាយបែងចែកភាគផល ដែលបានពីកំណើនសេដ្ឋកិច្ចកន្លងមក ប្រទេសកម្ពុជាមានលទ្ធភាពសារពើពន្ធទាប សម្រាប់រ៉ាប់រងលើចំណាយសង្គម ដែលជាហេតុនាំឲ្យវិសាលភាពនៃកិច្ចគាំពារសង្គមនេះនៅមានកម្រិតនៅឡើយ។
ILO បានគូសបញ្ជាក់ថា មានកម្មករនិយោជិតកម្ពុជាជាង ៥០ភាគរយ ដែលបន្តធ្វើការងារក្នុងវិស័យក្រៅប្រព័ន្ធ និងពុំបានទទួលការធានារ៉ាប់រង។ ILO លើកឡើងថា អត្ថប្រយោជន៍ដែលទទួលការឧបត្ថម្ភពីប្រាក់ពន្ធអាចមានតួនាទីសំខាន់ក្នុងការពង្រីកការការពារកម្មករ និយោជិត។
បើទោះបីជាយ៉ាងណាអង្គការ ILO ក៏បានមើលឃើញពីកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលលើសេវាសង្គមនាពេលបច្ចុប្បន្នផងដែរ។ ដូចជាការដាក់ឲ្យមានសេវារបបសន្តិសុខសង្គម និងការជំរុញឲ្យរោងចក្រសហគ្រាសនានា ចុះបញ្ជីជាមួយនឹងបេឡាជាតិរបបសន្តិសុខសង្គម ដែលជាការផ្តល់ប្រយោជន៍ជាច្រើនសម្រាប់ការគាំពារដល់កម្មករ និយោជិត។
«ទោះបីជាមានការយឺតយ៉ាវបន្ដិចមែនតែកម្ពុជាបានសម្រេចនៅគោលការណ៍ធំៗជាច្រើនដូចជា ក្នុងឆ្នាំកន្លងទៅកិច្ចគាំពារសង្គមនៅកម្ពុជាមានការអភិវឌ្ឍ ដែលនាំមកនូវក្ដីសង្ឃឹមខ្ពស់ ជាពិសេសចាប់តាំងពីពេលដែលមានបេឡាជាតិរបបសន្ដិសុខសង្គម (បសស) ខណៈដែលរបបធានារ៉ាប់រងហានិភ័យ ការងាររបស់បសស នៅតែជាកម្មវិធីតម្រូវឲ្យមានការបង់ភាគទានតាមច្បាប់តែមួយគត់នៅទូទាំងប្រទេស»។ នេះជាការបញ្ជាក់របស់ ILO។
តែ ILO បានមើលឃើញថា អ្វីដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងធ្វើនាពេលបច្ចុប្បន្ន គឺគ្រាន់តែជាការសាកល្បងក្នុងទ្រង់ទ្រាយតូចនៅឡើយ ដោយមានការកំណត់ពីលក្ខខណ្ឌ ដែលមានភាពស្មុគស្មាញ និងការមានកំណត់ក្រុមគោលដៅបែបតឹងរ៉ឹង ផ្អែកទៅតាមរង្វាស់ភាពក្រីក្រ ដោយប្រើប្រាក់ចំណូលជាគោល។
លោក Graeme Buckly នាយកអង្គការអន្តរជាតិខាងការងារប្រចាំប្រទេសថៃ កម្ពុជា និងឡាវ បានកត់សម្គាល់ថា ប្រសិនបើកម្ពុជាអាចអនុវត្តតាមគំរូរបស់ប្រទេសផ្សេងទៀត ក្នុងតំបន់ដូចជា ថៃ ចិន និងទីម័រខាងកើត។ លោក Graeme Buckly បានបន្ថែមថា ប្រសិនបើកម្ពុជា អនុវត្តន៍តាមគំរូនេះ ប្រាក់ឧបត្ថម្ភគោលនយោបាយសង្គមនេះ អាចផ្តល់ការការពារដល់ចាស់ជរាជាង ១លាននាក់ ដែលបច្ចុប្បន្នពុំបានទទួលការការពារអ្វីទាំងអស់៕