(ភ្នំពេញ)៖ កញ្ញា នី មុន្នីនាថ តារាសម្ដែងល្បីល្បាញមួយរូប នៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ពុំបានចូលបំភ្លឺចំពោះមុខលោក អ៊ុក វណ្ណារិទ្ធ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ តាមការកំណត់នោះទេ។ ការចូលបំភ្លឺនេះ គឺពាក់ព័ន្ធនឹងបណ្តឹងទាមទារប្រាក់ជាង១០ម៉ឺនដុល្លារអាមេរិក ពីសំណាក់អតីតគូដណ្ដឹង ក្រោយពេលតារាទឹកភ្នែកដ៏ល្បីរូបនេះ បានផ្តាច់ពាក្យ។
ប្រភពព័ត៌មានបញ្ជាក់ថា ទោះបី កញ្ញា នី មុន្នីនាថ ពុំបានចូលបំភ្លឺនៅចំពោះមុខចៅក្រមស៊ើបសួរក្តី ប៉ុន្តែ លោក រ៉ូ ប៊ីនណៃ មេធាវីការពារក្តីរបស់នាង បានចូលបំភ្លឺជំនួស។ ករណីនេះចៅក្រម នឹងឱ្យដើមចោទនិងចុងចម្លើយ ដាក់ភស្តុតាងផ្សេងៗដែលពួកគាត់មាន។
សូមបញ្ជាក់ថា អតីតគូដណ្តឹងតារាសម្តែង នី មុន្នីនាថ គឺ លោកអ៊ឹង សូឡាង បានដាក់ពាក្យបណ្តឹងដោយទាមទារឱ្យនាងសងប្រាក់ចំនួន៧ម៉ឺនដុល្លារ និង ប្រាក់ជំងឺចិត្តចំនួន៥ម៉ឺនដុល្លារ បន្ទាប់ពីអ្នកទាំងពីរកាត់ផ្តាច់ការទាក់ទងគ្នា ។ លោក អ៊ឹង សូឡាង ដែលជាអនិកជនខ្មែរអាមេរិក បានចោទ កញ្ញា នី មុន្នីនាថ ថាបោកយកប្រាក់របស់ខ្លួនក្នុងពេលទាក់ទងជាមួយគ្នា ដោយនៅក្នុងនោះលោកបានទិញរបស់របរមានតម្លៃមួយចំនួនឱ្យនាង តែដល់ពេលធ្លាក់វីសា ទៅនៅអាមេរិកជាមួយគ្នានោះ ត្រូវនាងបដិសេធទៅវិញ ។
ពាក្យបណ្តឹងដែលចុះហត្ថលេខាដោយមេធាវីរបស់លោកអ៊ឹង សូឡាង កាលពីចុងខែកញ្ញាឲ្យដឹងទៀតថា មូលហេតុនៃការទាមទារពីដើមចោទ (អ៊ឹង សូឡាង)គឺដោយសារការ ដែលបានស្គាល់គ្នា និងស្រឡាញ់គ្នាជាមួយចុងចម្លើយ (នី មុន្នីនាថ) នៅឆ្នាំ២០១៤ ដោយព្រមព្រៀងដោយច្បាស់លាស់ថា នឹងយកគ្នាជាប្តីប្រពន្ធនៅថ្ងៃអនាគត ទើបដើមចោទបានរៀបចំធ្វើពិធីភ្ជាប់ពាក្យ ដោយមានឪពុកម្តាយទាំងសងខាងយ៉ាងត្រឹមត្រូវ។
តាមពាក្យបណ្តឹងនោះ បានបញ្ជាក់ទៀតថា នៅថ្ងៃភ្ជាប់ពាក្យភាគីចុងចម្លើយ បានទាមទារបំពាក់ជូនចុងចម្លើយនូវគ្រឿងអលង្ការដូចជាខ្សែ.កពេជ្រ,ចិញ្ចៀនពេជ្រនិងក្រវិលពេជ្រ មានតម្លៃ៣ម៉ឺន៧ពាន់ដុល្លារ។ ម្យ៉ាងទៀតដោយសារដើមចោទជាអាណិកជនរស់នៅសហរដ្ឋអាមេរិក ដើមចោទខិតខំព្យាយាមបំពេញបែបបទធានាយកចុងចម្លើយទៅរស់នៅសហរដ្ឋអាមេរិក ។ ប៉ុន្តែនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧ បន្ទាប់ពីចុងចម្លើយបានទទួលវីសាឱ្យទៅអាមេរិក បែរជាមិនទៅថែមទាំងលប់ចោលការភ្ជាប់ពាក្យរវាងដើមចោទថែមទៀតផង ដោយលើកហេតុផលថា ដើមចោទមិនចេះប្រើពាក្យផ្អែមជាមួយចុងចម្លើយ ដែលជាមូលហេតុមិនត្រឹមត្រូវនោះទេ៕