(កំពង់ធំ)៖ សកម្មភាពចុះជួយប្រជាពលរដ្ឋរស់នៅតំបន់បឹងទន្លេសាប រយៈពេល៥ឆ្នាំ របស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ សហការជាមួយរដ្ឋបាលខេត្តជាប់ទន្លេសាប ដែលមានឈ្មោះថា គម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់ទន្លេសាប (TSSD) ដំណាក់កាលទី១នោះ ត្បិតតែចំណាយថវិកាអស់ជាង ៦លានដុល្លារអាមេរិកក៏ពិតមែន តែក៏ទទួលបានលទ្ធផលជាច្រើនដែរ ខណៈបញ្ហានៅសល់មួយចំនួន នឹងបន្តដោះស្រាយនៅដំណាក់កាលទី២បន្តទៀត។
លទ្ធផលដែលសម្រេចបានទាំងនេះ ត្រូវបានលើកឡើងសិក្ខាសាលាថ្នាក់ខេត្ត ស្តីពីការបូកសរុបលទ្ធផលបញ្ចប់ការអនុវត្តគម្រោង TSSD ដំណាក់កាលទី១ នៅសាលាខេត្តកំពង់ធំ នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្រោមអធិបតីភាពលោក សុខ លូ អភិបាលខេត្តកំពង់ធំ និងមានការចូលរួមពីលោក នី គឹមសាន្ត នាយកគម្រោង TSSD នៃលេខាធិការដ្ឋានគណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ជាតិ (គ.ជ.អ.ប) លោក ប្រាក់ ជាតិថូ អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្ម និងថ្នាក់ដឹកនាំខេត្តផងដែរ។
លោក ស ប៉ាហូ នាយករងរដ្ឋបាលសាលាខេត្ត និងជាប្រធានសម្របសម្រួលគម្រោងថ្នាក់ខេត្ត បានលើកឡើងថា ឆ្លងកាត់រយៈពេល៥ឆ្នាំ នៃការអនុវត្តគម្រោងនេះសម្រចបានលទ្ធផលធំជាច្រើន ដូចជា ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ដើម្បីងបង្កើនផលិតភាពកសិកម្មបានចំនួន ១៦០គម្រោង ក្នុងនោះជួសជុលផ្លូវលំ ផ្លូវក្រួសក្រហមបានចំនួន ១២គម្រោង មានប្រវែង១៦.៦គីឡូម៉ែត្រ ស្តារប្រឡាយចំនួន ៨៧គម្រោង មានប្រវែង១១៣គីឡូម៉ែត្រ ជួសជុលទំនប់ស្ទាក់ទឹកចំនួន ៤៨គម្រោង មានប្រវែង៣៣គីឡូម៉ែត្រ សាងសង់សំណង់ធារាសាស្ត្របានចំនួន ១១គម្រោង និងស្តារស្រះសហគមន៍ចំនួន២ ចងក្រងក្រុមកែលម្អជីវភាព និងប្រែក្លាយក្រុមទៅជាសមាគមកែលម្អជីវភាពកសិករបានចំនួន ២៧៩ក្រុម មានសមាជិកសរុប ៦,៨៥៥នាក់ ក្នុងនោះស្រ្តី ៤,៥៧៦នាក់។
លោក សុខ លូ បានថ្លែងថា ដៃគូអភិវឌ្ឍន៍នានាដែលបានសហការជាមួយរាជរដ្ឋាភិបាល ក្នុងការរួមចំណែកកសាងប្រទេសជាតិ តាមរយៈគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់ទន្លេសាប បានចំណាយថវិកាអស់ជាង ៦លានដុល្លាអាមេរិក និងបានខិតខំប្រឹងប្រែងក្នុងការអនុវត្តគម្រោងទទួលបានលទ្ធផលដ៏ធំធេង។
លោកអភិបាលខេត្តបានផ្ដាំផ្ញើដល់មន្ត្រីអនុវត្តគម្រោង ត្រូវខិតខំផ្សព្វផ្សាយ និងជំរុញប្រជាពលរដ្ឋឲ្យយល់ដឹងពីអត្ថប្រយោជន៍នៃគម្រោង ដើម្បីឲ្យពួកគាត់ជួយគាំទ្រគម្រោងនេះឲ្យមានការរីកចម្រើនតទៅទៀត ពិសេសការអនុវត្តគម្រោងដំណាក់កាលទី២នេះ ត្រូវធ្វើឲ្យមានការល្អប្រសើរជាងនេះថែមទៀត។ ម្យ៉ាវិញទៀត ប្រាសាទសំបូរព្រៃគុកត្រូវបានដាក់បញ្ជូលជាសម្បត្តិបេតិកភណ្ឌពិភពលោក មានភ្ញៀវទេសចរកើនឡើងជាបន្តបន្ទាប់ តម្រូវឲ្យប្រជាពលរដ្ឋត្រូវខិតខំប្រកបមុខរបរបន្ថែមទៀត ដូចជា ចិញ្ចឹមសត្វ ដំាដំណាំដែលគ្មានជាតិគីមី សម្រាប់ផ្គត់ផ្គង់គ្រួសារផង ក៏ដូចជាសម្រាប់ទទួលភ្ញៀវទេសចរផង៕