(កោះកុង)៖ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ កម្លាំងអធិការស្រុកមណ្ឌលសីមា បញ្ជូនខ្លួនជនសង្ស័យចំនួន២នាក់ និងដកហូតបានវត្ថុតាងថ្នាំញៀនចំនួន ៥កញ្ចប់តូច ទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តទៅតាមនិតិវិធីច្បាប់។
លោក មីន រស្មី ស្នងការងទទួលផែនប្រឆាំងបទល្មើស នៃស្នងការដ្ឋាននគរបាលខេត្តបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ នឹងវត្ថុតាងមានថ្នាំញៀនចំនួន៥កញ្ចប់ត្រូវបានសមត្ថកិច្ចអធិកាស្រុកមណ្ឌល ធ្វើការស្រាវជ្រាវ នឹងឃាត់ខ្លួនកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅភូមិទួលគគី ឃុំទួលគគី ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
ចំណែងជនសង្ស័យមានឈ្មោះ លឹម ទី ភេទប្រុស អាយុ១៩ឆ្នាំ មានភូមិក្បាលដំរី សង្កាត់កាបកាប ខណ្ឌពោធិ៏សែនជ័យ រាជធានីភ្នំពេញ មានមុខរបររត់ម៉ូតូកង់៣ និងឈ្មោះ កែវ រតនា ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិសេកាសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញមានមុខរបរសិស្ស។ វត្ថុតាងដែលសមត្ថកិច្ចធ្វើការរឹបអូសបានមានថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន៥កញ្ចប់តូច។
លោកបានបញ្ចាក់ថា បច្ចុប្បន្នជនសង្ស័យ២នាក់ នឹងវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញកំពុង កសាងសុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់៕